ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចផ្តន្ទាទោសជន​ក្លែងហត្ថលេខា​សម្តេច​នាយករដ្ឋមន្ត្រី…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចេញ​សាល​ក្រម​សម្រេច​ផ្ត​ន្តា​ទោស​ជន​ជាប់ចោទ​ក្លែង​ហត្ថលេខា​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ករណី​រឿង​ឆបោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចេញ​សាល​ក្រម​សម្រេច​ផ្ត​ន្តា​ទោស​ជន​ជាប់ចោទ​ក្លែង​ហត្ថលេខា​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ករណី​រឿង​ឆបោក​អតីត​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​ប្រើ​ប្រាស់​​​​លិខិត​សាធារណៈ​ក្លែង ។

គួរ​រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ក្លែង​ហត្ថលេខា​សម្ដេច​តេ​ជោនាយក​រដ្ឋមន្ត្រី ឆបោក​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លើ​ទឹកប្រាក់​ចំនួន​២៥ មុ​ឺ​ន​ដុល្លារ​អា​មេ​រិ​ក មក​បើក​សវនាការ​ជំនុំជម្រះ ។ ជនជាប់ចោទ​ឈ្មោះ ឯម អេ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាប់ចោទ​ពី​បទ​ក្លែង​លិខិត​សាធារណៈ និង​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង យោង​តាម​មាត្រា​៦២៦​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ ។

អង្គហេតុ​នៃ​រឿង​ក្ដី​នេះ បាន​កើតឡើង​នៅថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ ដែល​ផ្ដើម​ចេញពី​ព្រះ​អង្គ​ម្ចាស់ សុ​ី​សុ​វ​តិ្ថ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​ចូល​និវត្តន៍​ទៅ​ហើយ​នោះ លោក​ចង់បាន​ដី​និង ផ្ទះ​មួយ​កន្លែង​នៅ​ក្បែរ​ព្រះ​បរមរាជវាំង សម្រាប់​រស់នៅ​ផ្ទាល់ខ្លួន តែ​មិនដឹង​ធ្វើ​ដូច​ម្ដេច​ដើម្បី​សុំ​ការ​យល់ព្រម​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

លុះ​ក្រោយមក ព្រះ​អង្គ​ម្ចាស់ សុ​ី​សុ​វ​តិ្ថ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ បាន​ជួប​ទាក់ទង​ជាមួយ​ឈ្មោះ ឯម អេ​ង ហើយ​ជនជាប់ចោទ​រូប​នេះ ក៏​បាន​ធានា​ស្វែងរក​លិខិត និង​ហត្ថលេខា​បញ្ជាក់​ពី​សម្ដេច​តេ​ជោ ដើម្បី​រក​ដី​សមរម្យ​មួយ​កន្លែង​នោះ ប៉ុន្តែ​ត្រូវ​ចំណាយ​លុយកាក់​អស់​ប្រមាណ​២៥​មុ​ឺ​ន​ដុល្លារ​អា​មេ​រិ​ក ។

ព្រះ​អង្គ​ម្ចាស់ សុ​ី​សុ​វ​តិ្ថ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍបាន​យល់ព្រម​ប្រគល់​ប្រាក់​ចំនួន​២៥​មុ​ឺ​ន​ដុល្លារឲ្យ​ទៅ​ឈ្មោះ ឯម អេ​ង ដើម្បី​ធ្វើ​កិច្ចការ​នោះ ។ ក្រោយមក ជនជាប់ចោទ​បាន​យក​លិខិតស្នើ​សុំ​ដែល​មាន​ហត្ថលេខា​បញ្ជាក់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រគល់​ឲ្យ​ព្រះ​អង្គ​ម្ចាស់ ប៉ុន្តែ​លិខិត​នោះ​អាជ្ញាធរ​មិន​ទទួលស្គាល់​ទេ ព្រោះ​ជា​លិខិត​និង​ហត្ថលេខា​ក្លែងក្លាយ ។

ដោយ​ពិនិត្យ​ឃើញ​ថា ឯកសារ​ដែល​ជនជាប់ចោទ​ប្រគល់​ឲ្យ​នោះ​ជា​ឯកសារ​ក្លែង ព្រះ​អង្គ​ម្ចាស់ សុ​ី​សុវត្ថិ ប៉ា​ណា​រ៉ា​សេរី​វុ​ឌ្ឍ ក៏​បាន​ដាក់ពាក្យបណ្ដឹង​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឃើញ​ការ​ពិត ។

ចុង​ក្រោយ​ក៏​រក​ឃើញ​ថា លិខិត​នោះ​គឺ​ចុះហត្ថលេខា​ក្លែងក្លាយ​មែន ហើយ​សមត្ត​កិច្ច​ក៏​បាន​ចាប់ខ្លួន​ជន​ឈ្មោះ ឯម អេ​ង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​មានការ​ឃុំខ្លួន​ជនជាប់ចោទ​ចាប់ពី​ពេល​នោះ​មក ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ