ខេត្តពោធិ៍សាត់ ៖ ឈើគ្រញូងចំនួន៣៩៦កំណាត់ និងរថយន្តម៉ាកកាមរីមួយគ្រឿងត្រូវសមត្ថកិច្ច មេព្រៃសហការជាមួយកម្លាំងប៉ូលិសប៉េអឹម ស្រុកស្រគរ រុករកឃើញតាមផ្ទះប្រជាជនដែលលាក់ទុក និងពួកឈ្មួញដឹកជញ្ជូនតាមរថយន្ត ។ លទ្ធផលនេះ សមត្ថកិច្ចបានធ្វើយុទ្ធនាការក្នុងរយៈពេល២ថ្ងៃ ដែលមាន៤ករណីនៅកន្លែងផ្សេងៗគ្នា។
តាមប្រភពព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០១១ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចមានមេព្រៃ ប៉ូលិស និងប៉េអឹម ដឹកនាំដោយលោកគឹម ចេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើក្រគរបានចូលឆែកឆេរក្នុងផ្ទះប្រជាជនម្នាក់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច រកឃើញឈើគ្រញូងស្តុកទុកចំនួន២២០កំណាត់ ។ នៅថ្ងៃដដែលនោះវេលាម៉ោង១និង៣០នាទីរសៀលឆែកផ្ទះប្រជាជនម្នាក់ទៀតនៅភូមិបឹងស្មុក ឃុំស្វាយស រកឃើញឈើគ្រញូងចំនួន២៣
កំណាត់ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៨ មីនា វេលាម៉ោង៦ព្រឹក សមត្ថកិច្ចចាប់ឃាត់រថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ឈាមជ្រូក ស៊េរី៩១ ពាក់ស្លាកលេខ ភ្នំពេញ 2H-9637 លើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំអន្លង់ត្នោត ដែលផ្ទុកឈើគ្រញូង១៣កំណាត់ អ្នកបើកបររត់គេចខ្លួនបាត់។ នៅថ្ងដដែលនោះ វេលាម៉ោង១២និង៣០នាទីរសៀលសមត្ថកិច្ចរកឃើញឈើគ្រញូងក្នុងផ្ទះប្រជាពលរដ្ឋចំនួន១៤០កំណាត់ទៀតនៅភូមិស្នារអន្សារ ឃុំស្នាអន្សារ ។
សរុបទាំង២ថ្ងៃ ៤ករណី សមត្ថកិច្ចប្រមូលបានឈើគ្រញូងចំនួន៣៩៦កំណាត់ និងរថយន្តកាមរីមួយគ្រឿងយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រគរ ។ លោកគឹម ចេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើក្រគរបានមានប្រសាសន៍ថា លោកនឹងបន្តដឹកនាំកម្លាំងចុះរុករកឈើដែលប្រជាពលរដ្ឋលាក់ទុកធ្វើសន្និធិតាមផ្ទះ និងឈ្មួញទុច្ចរិតដឹកជញ្ជូនតាមរថយន្តតូច-ធំដូចភ្លៀងរលឹម ដោយសហការជាមួយអាជ្ញាធរ ប៉ូលិស ប៉េអឹម និងស្ថាប័នមន្ទីរពាក់ព័ន្ធទាំងឡាយ ។ ជាមួយគ្នានេះ លោកសុំអំពាវនាវឱ្យប្រជាពលរដ្ឋជួយផ្តល់ព័ត៌មាន ដើម្បីលោកមានវិធានការបង្ក្រាបបានទាន់ពេលវេលា៕


ចែករំលែកព័តមាននេះ