ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​បងប្អូន​ចេញ​ទៅ​ឆ្លុះ​សត្វ​ជុំ​គ្នា លុះ​មក​វិញ​បែរជា​មាន​ដំណឹង​អាក្រក់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​៤​នាក់​បងប្អូន​នាំ​គ្នា​ទៅ​ឆ្លុះ​សត្វ ស្រាប់តែ​បុរស​ម្នាក់​ជា​ម្ចាស់​កាំភ្លើង​កែ​ច្នៃ​បាន​រាលកៃ​ចំ​ខ្លួនឯង​​បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែកក្កដា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ច…

ខេត្តកំពង់ធំ ៖ បុរស​៤​នាក់​បងប្អូន​នាំ​គ្នា​ទៅ​ឆ្លុះ​សត្វ ស្រាប់តែ​បុរស​ម្នាក់​ជា​ម្ចាស់​កាំភ្លើង​កែ​ច្នៃ​បាន​រាលកៃ​ចំ​ខ្លួនឯង​​បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែកក្កដា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​បានដឹង និង​ទៅ​ពិនិត្យ​សព នៅ​ចំណុច​តំបន់​វាល​ព្រៃ​បាញ់​ជាន់ ក្នុងភូមិ​សាស្ត្រ​ភូមិ​សង្វាត ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជួន ជឿ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ឃាន ប៊ិ​ន អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​កើតហេតុ ប្ដី​របស់​គាត់​ហូប​បាយ​រួច ក៏​បាន​នាំ​គ្នា​ចេញ​ទៅ​ឆ្លុះ​សត្វ​ជាមួយ​ឈ្មោះ រត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ឈ្មោះ ពេជ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ឈ្មោះ ទួត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​អ្នក​ទាំង​៣​ត្រូវជា​បងប្អូន​ជាមួយ​ប្តី​គាត់​) ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ប្តី​របស់​គាត់ រួម​ទាំង​បងប្អូន​ចំនួន​៣​នាក់​ទៀត​បាន​ចេញ​ទៅ​ឆ្លុះ​សត្វ​នៅ​តំបន់​បាញ់​ជាន់​ខាងលិច​ភូមិ​សង្វាត ឃុំ​ក្រយា ចំងាយ​ប្រហែល​៥០០០​ម៉ែត្រ ដោយ​ជិះ​ម៉ូតូ​២​គ្រឿង​ចេញ​ទៅ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១១​យប់ ស្រាប់តែ​អ្នក​ទាំង​៣​បាន​ត្រឡប់​មក​វិញ ដោយ​ឈ្មោះ ទួត បាន​ស្រែក​ប្រាប់​គាត់​ថា «​មីង​! ពូ​ជឿ​ត ស្លាប់​ហើយ» និង​និយាយ​ប្រាប់​ថា ប្តី​របស់​គាត់​រាលកៃ​កាំភ្លើង​ចំខ្លួនឯង​បណ្តាល​ឱ្យ​ស្លាប់​បាត់​ហើយ បន្ទាប់​មក​គាត់​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ ។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​ស្រុក និង​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ២០១៩ ។

តាម​ការ​ពិនិត្យ​បានរក​ឃើញ​ថា ជន​រង​គ្រោះ​បាន​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ប្រើ​កម្លាំង​ខ្យល់​បាញ់​ដោយ​​គ្រាប់​កង់​(​គ្រាប់​ដែក​មូល​ៗ)​មិន​ប្រយ័ត្ន​ធ្វើ​ឲ្យ​រាលកៃ​បាញ់​ចំ​ខ្លួនឯង​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ដោយនៅ​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​របួស​មួយ​កន្លែង​ធ្លុះ​ចូល​លើ​ដើម​ដោះ​ខាងស្ដាំ និង​មាន​ទិស​ដៅ​បញ្ឆិត​ពីក្រោម​ទៅ​លើ​ទំហំ​០,៨​សង្ទីម៉ែត្រ​រាង​មូល ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​រាលកៃ​ចំ​ខ្លួនឯង​ បណ្តាល​ឱ្យ​ស្លាប់​ប្រាកដ​មែន មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ណាមួយ​ឡើយ​។

ក្រោយ​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ