ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​អ្នក​ប្រដាល់​ដែល​ធ្លាប់​ផ្ទុះ​រឿង​អាស្រូវ​​កក្រើក​មេឃ​កក្រើក​ដី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន​គេ​កត់​សម្គាល់ថា វិស័យ​កីឡាប្រដាល់​កាន់តែ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង បើ​ទោះជា​កីឡាករ​នៅ​ក្នុង​វិស័យ​មួយ​នេះ ភាគច្រើន​នៅ​មាន​ជីវភាព​ក្រីក្រ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ក្ដី ។ ក្នុង​នោះ​អ្នក​ប្រដាល់​មួយ​ចំនួន ទន្ទឹម​នឹង​ទទួល​បានការ​គាំទ្រ​ខ្លាំង ក៏​ធ្លាប់​ផ្ទុះ​រឿងអាស្រូវ​កក្រើក​មេឃ​កក្រើក​ដី​ច្រើន​ជាង​កីឡា​ផ្សេង​ៗ​ផង​ដែរ​ចាប់តាំងពី​កីឡា​មួយ​នេះ​ទទួល​បានការ​ពេញ​និយម​។…

រាជធានី​ភ្នំពេញ ៖ នា​ពេល​បច្ចុប្បន្ន​គេ​កត់​សម្គាល់ថា វិស័យ​កីឡាប្រដាល់​កាន់តែ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង បើ​ទោះជា​កីឡាករ​នៅ​ក្នុង​វិស័យ​មួយ​នេះ ភាគច្រើន​នៅ​មាន​ជីវភាព​ក្រីក្រ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ក្ដី ។ ក្នុង​នោះ​អ្នក​ប្រដាល់​មួយ​ចំនួន ទន្ទឹម​នឹង​ទទួល​បានការ​គាំទ្រ​ខ្លាំង ក៏​ធ្លាប់​ផ្ទុះ​រឿងអាស្រូវ​កក្រើក​មេឃ​កក្រើក​ដី​ច្រើន​ជាង​កីឡា​ផ្សេង​ៗ​ផង​ដែរ​ចាប់តាំងពី​កីឡា​មួយ​នេះ​ទទួល​បានការ​ពេញ​និយម​។

កីឡាករ​ដែល​ធ្លាប់​មានរឿង​អាស្រូវ​ឡើង​ផ្អើល​ពិភព​ប្រដាល់​នា​ពេល​កន្លង​មក​នោះ មិន​មែនមាន​តែ​ម្នាក់​នោះ​ទេ ពោល​គឺ​មាន​ច្រើន ដោយ​គ្រាន់តែ​អ្នក​ផ្ទុះ​រឿងអាស្រូវ​ហើយ​មាន​អ្នក​ចាប់អារម្មណ៍​ខ្លាំងក្លា គឺ​មាន​មិន​ច្រើន​ប៉ុណ្ណោះ​។

ធា នុ​រាជ ៖ លោក​ធ្លាប់​ផ្ទុះ​រឿងអាស្រូវ​ដល់​ថ្នាក់​ត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន ដោយសារ​តែ​លោក​ត្រូវ​បាន​អភិបាល​ខណ្ឌ​មួយ​ចោទ​ថា បាន​លួច​ទូរស័ព្ទ និង​របស់របរ​មាន​តម្លៃ​រត់​យក​ទៅ ក្នុង​ពេល​លោក​ស្រឡាញ់​រាប់អាន ។ ក្នុង​ពេល​នោះ គេ​ឃើញ​មានការ​សម្របសម្រួល​នឹង​មានការ​សុំ​ទោស​យ៉ាង​ខ្លាំង ទម្រាំ​លោក​អាច​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​មិន​ជាប់​ពន្ធនាគារ​។

ពេល​នោះ លោក​គឺជា​កីឡាករ​ដែល​មាន​កេរ្តិ៍ ឈ្មោះ​សំឡេង និង​បាន​ប្រើ​ឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​ថា សូ​យ ភារ​ម្យ ។ លោក​ត្រូវ​គេ​ឃើញ​បាត់​មុខក្រោយ​ផ្ទុះ​រឿងអាស្រូវ​ប្រមាណ​ជាង​មួយ​ឆ្នាំ ដោយពេល​ត្រឡប់​មក​វិញ ក៏​បាន​ប្ដូរ​ឈ្មោះ​ជា ធា នុ​រាជ ។ យ៉ាងណាមិញ លោក​ត្រូវ​គេ​ឃើញ​បាត់​មុខជា​ថ្មី​មក​ដល់​ពេល​នេះ ដោយសារ​តែ​អះអាង​ថា ខ្លួន​វ័យចាស់​ហើយ​មិន​ចង់​នៅ​បន្ត​អាជីព​ប្រដាល់ ដែល​មិនសូវ​សល់​លុយ​ក្រោយ​ពេល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី​។

លោក​ក៏​មិនសូវ​ទទួល​បានការ​គាំទ្រ​ក្រោយ​ពេល​ផ្ទុះ​រឿងអាស្រូវ​នោះ​ដែរ បើ​ទោះជា​លោក​បាន​ប្ដូរ​ឈ្មោះ​ពី​សូ​យ ភារ​ម្យ មក ធា នុ​រាជ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​មិន​ចាប់អារម្មណ៍​ពី​អតីតកាល​អាស្រូវ ។

វង្ស ណ​យ ៖ ក្នុង​ពេល​កេរ្តិ៍ឈ្មោះ​កំពុង​តែ​ឡើង​កូដ​ខ្លាំង លោក​ក៏​ត្រូវ​គណៈកម្មការ​ប្រដាល់​នៅ​សង្វៀន​មួយ​ចោទ​ថា​លោក​លក់​លទ្ធផល​ប្រកួត ។ បើ​ទោះជា​លោក​បកស្រាយ​ថា បញ្ហា​របួស​ជើង​មិន​ទាន់​ជា និង​បញ្ហា​របួស​ ទើប​ឡើង​ប្រកួត​ជាមួយ​គូ​មុន​មិន​ទាន់​ជា​ទើប​ចាញ់​កីឡាករ​ថៃ ក៏​ការ​រិះគន់​នោះ នៅ​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​របស់​លោក ។ វង្ស ណ​យ បាន​សម្រេចចិត្ត​ចាក​ឆ្ងាយ​ពី​អាជីព​ប្រដាល់​មួយ​រយៈ ក្រោយ​រង​ការ​ចោទ​ថា ប្រកួត​មិន​អស់ដៃ ហើយ​លក់​លទ្ធផល ប៉ុន្តែ​ក្រោយ​ពី​រឿងរ៉ាវ​នេះ​ស្ងប់​លោក​ក៏​ត្រឡប់​មក​វិញ ដោយ​ចាប់​ទាំង​អាជីព​ចម្រៀង​ផង ប៉ុន្តែ​ដោយសារ​មិនសូវ​ជោគជ័យ ក៏​វិល​មក​កាន់​ប្រដាល់​តែ​ម្យ៉ាង​។

កែវ រំ​ចង់ ៖ ក្នុង​ពិភព​ប្រដាល់ កែវ រំ​ចង់​ល្បីល្បាញ​ខ្លាំង ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ការ​រិះគន់​ចំពោះ​លោក ក៏​ផ្ទុះ​ឡើង​ឥត​ឈប់​ឈរ​ផង​ដែរ ពាក់ព័ន្ធ​នឹង​ថា​លោក​ក្អេងក្អាង​ក្នុង​ពេល​ប្រកួត និង​វាយ​ច្រលោត​ជាដើម ។ លោក​កាន់តែ​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​ទ្វេ​ដង ដោយសារ​តែ​វាយ​ច្រលោត​យក​កំហឹង​ទល់​កំហល់ ហើយ​ដោយ​សារ​មាន​សង្វៀន​ទូរទស្សន៍​បាយ័ន​ជ្រោមជ្រែង​ខ្លាំង​ផង គឺ​រឹតតែ​ធ្វើ​ឱ្យ​លោក​មាន​អំនួត​ខ្លាំង​នៅ​ក្នុង​ពេល​នោះ រហូត​ត្រូវ​គេ​ផ្ដល់​រហស្សនាម​ថា កីឡាករ​ខ្សែ ។ ការ​និយាយ​បែប​នេះ​ដោយសារ​គេ​សំអាង​ថា ទោះបី​គូ​ប្រកួត​វាយ​បាន​ល្អ​ប៉ុនណា​បើ​វាយ​លោក​មិន​សន្លប់ គឺ​នៅ​តែ​ចាញ់​ដដែល ។

ទោះបី​យ៉ាង​ណា​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ កីឡាករ កែវ រំ​ចង់ បាន​ប្ដូរ​ទម្រង់​វាយ ដោយ​លែង​ច្រលោត ហើយ​យក​បច្ចេកទេស​ជា​ធំ ទើប​ធ្វើ​ឱ្យ​ការ​គាំទ្រ​មាន​ចំពោះ​លោក​ខ្លាំង​វិញ ។ នៅ​ក្នុង​ពេល​នេះ កែវ រំ​ចង់ ក៏​ប្រកាស​មិន​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ផង​ដែរ ដើម្បី​កុំឱ្យ​ពិបាក​វាយ​មិន​អស់ដៃ​។

រឿង សោ​ភ័​ណ្ឌ ៖ ជើង​ខ្លាំង​ល្បីឈ្មោះ​រូប​នេះ ក៏​រង​ការ​រិះគន់​ជា​រឿយ​ៗ​ផង​ដែរ ក្នុង​ពេល​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ឡើង​ខ្លាំង ដោយសារ​តែ​ក្នុង​ពេល​សង្វៀន​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍​ប្រកាស​ឱ្យ​ចាញ់​កីឡាករ​ថៃ​ស្ទើរ​គ្រប់​លើក គឺ​លោក​តវ៉ា និង​ធ្វើ​សកម្មភាព​មិន​ទទួលយក​លទ្ធផល​ក្នុង​ពេល​ដែល​អ្នក​ទស្សនា និង​គណៈកម្មការ​សុទ្ធតែ​មើលឃើញ​ថា លោក​ចាញ់​ប្រៀប​គូប្រកួត​។

លោក​ក៏​មាន​ទម្លាប់​វាយ​ច្រលោត​ម្ដងម្កាល​ផង​ដែរ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ គឺ​លោក​ផ្លាស់​ប្ដូរ​ទម្លាប់ និង​មើលទៅ​ចាស់ទុំ​ជាង​មុន ទើប​ធ្វើ​ឱ្យ​ការ​គាំទ្រ​ចំពោះ​កីឡាករ​រូប​នេះ ឈាន​ឡើង​មិន​ធ្លាក់ ។ លោក​ក៏​ជា​កីឡាករ​មួយ​រូប​ដែល​មាន​រថយន្ត​ជិះ​ទៅ​មក​សមរម្យ​ជាង​កីឡាករ​ផ្សេង​ៗ​ផង​ដែរ ក្នុង​ចំណោម​អ្នក​ប្រដាល់​ដែល​ល្បី​តែ​រឿង​មាន​ជីវភាព​ខ្វះមុខខ្វះក្រោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ