ខេត្តក្រចេះ ៖ មន្ដ្រីនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនមកពីតាមបណ្ដាខេត្ដ និងរាជធានីចំនួន៧ មានចំនួន២៥រូប ទទួលបានការបណ្ដុះបណ្ដាលរយៈពេលមួយសប្ដាហ៍ស្ដីពីក្រមសីលធម៌របស់មន្ដ្រីអនុវត្ដច្បាប់ និងការប្រមូលព័ត៌មានព្រហ្មទណ្ឌសម្ងាត់ ។ ពីធីបើកវគ្គសិក្សានេះបានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃទី១៤ មីនា នៅសាលប្រជុំសណ្ឋាគារ ហ៊ ប៊ុន្នី ក្រោមអធិបតីភាព លោកប៉ោង បូផារឹទ្ឋ អភិបាលរងខេត្ដ លោកឧត្ដមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ត្រី ស៊ុន រ៉ូ អនុប្រធាននាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ លោករ៉ុន ឌូន តំណាងអង្គការបេសក កម្មយុត្ដិធម៌អន្ដរជាតិ ហៅកាត់ថា (IJM ) រួមទាំងប្រធានមន្ទីរនិងមន្ដ្រីអង្គការពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីការឡើងមានប្រសាសន៍ស្វាគមន៍ពីសំណាក់លោកឧត្ដមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ត្រីស៊ុន រ៉ូ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិបានឡើងមានប្រសាសន៍ឱ្យដឹងថា សិក្ខាកាមដែលទទួលបានវគ្គបណ្ដុះបណ្ដាលរយៈពេលមួយសប្តាហ៍នេះមានចំនួន២៥រូប ថ្នាក់ការិយាល័យ អធិការ-អធិការរងស្រុក-ក្រុង ទូទាំងខេត្ដ រាជធានីចំនួន៧ខេត្ដ នៅភូមិភាគឥសាន ។ លោកបានបញ្ជាក់ថា វគ្គបណ្ដុះ បណ្ដាលនេះគឺមានរយៈពេល១សប្ដាហ៍លើជំនាញរបស់មន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្ដីពីក្រមសីលធម៌របស់មន្ដ្រីអនុវត្ដច្បាប់ និងការប្រមូលពត៌មានព្រហ្មទណ្ឌសម្ងាត់ ក្រោមការផ្ដល់ជំនួយពីអង្គការបេសកកម្ម យុត្ដិធម៌អន្ដរជាតិ ហៅកាត់ថា (IJM) និងអង្គការ The Asain Foundation ។
លោក រ៉ុន ឌូន តំណាងអង្គការបេសកកម្មយុត្ដិធម៌អន្ដរជាតិ ហៅកាត់ថា (IJM) បានមានប្រសាសន៍ថា អង្គការ (IJM) នេះជាការវិលត្រឡប់សាជាថ្មីនៃវគ្គបណ្ដុះបណ្ដាលនេះ បន្ទាប់ពីមានគំរោងបើកតាំងពីឆ្នាំ២០០៧មក ហើយជានិច្ចកាលអង្គការបេសកកម្មយុត្ដិធម៌អន្ដរជាតិ បានសហការយ៉ាងស្អិតរមួតជាមួយនឹងក្រសួង មហាផ្ទៃទៅលើការផ្ដល់ជាជំនួយក្នុងការបង្កើនស្មារតីដល់មន្ដ្រីនគរបាលទូទាំងប្រទេសជាពិសេសលើវគ្គបណ្ដុះបណ្ដាល។ លោកបានបញ្ជាក់ថា ការបើកវគ្គបណ្ដុះបណ្ដាលនេះគឺបំណងបង្កើនចំណេះដឹងឱ្យមន្ដ្រីជំនាញ ដើម្បីយកវិជ្ជាជីវៈនេះទៅប្រើប្រាស់ក្នុងការបង្ការនិងបង្ក្រាប់ទប់ស្កាត់នូវសកម្មភាពបទល្មើសនៅក្នុងមូលដ្ឋាន ដែលបច្ចុប្បន្នសកម្មភាពនៃបទល្មើសកំពុងតែកើតមានពីក្រុមជនល្មើសគ្រប់រូបភាព ។
លោក ប៉ោង បូផារឹទ្ឋ អភិបាលរងខេត្ដបានផ្តាំផ្ញើដល់មន្ដ្រីជាសិក្ខាកាមទាំងអស់ថា ត្រូវយកចិត្ដទុកដាក់លើការសិក្សា ស្ដាប់គ្រូឧទ្ទេស និងអ្នកសំរបសំរួលធ្វើយ៉ាងណាក្រេបយកចំណេះដឹងនេះសម្រាប់បម្រើការងារជំនាញរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹងបន្ថែមលើសមត្ថភាព ដើម្បីយកស្នាដៃជូនប្រជាពលរដ្ឋលើកកំពស់មុខមាត់ជាតិ ឱ្យសាកសមជាមន្ដ្រីនគរបាលយុត្ដិធម៌ ៕



ចែករំលែកព័តមាននេះ