ខេត្តព្រះវិហារ ៖ នៅក្នុងរដូវវស្សានេះបន្ទាប់ពីផុតរដូវលក់ផ្សិតប៉ក់ព្រៃអាជីវករលក់ដូរនៅលើផ្សារច្រកទ្វាអានសេះ ព្រំដែនកម្ពុជា ថៃ នៃខេត្តព្រះវិហារកំពុងកាក់កបនឹងការលក់សត្វកណ្តូបឲ្យប្រជាជន និងឈ្មួញថៃក្នុង១ថ្ងៃចន្លោះពី៥០០គីឡូក្រាមទៅ១តោនដែលផ្តល់ប្រាក់ចំណេញឲ្យពួកគាត់បានច្រើនគួរសមសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
អ្នកស្រី ថន ស្រីមុំ បានលើកឡើងថា ក្នុងមួយថ្ងៃៗអាជីវករម្នាក់ៗដែលកំពុងលក់ដូរនៅលើច្រកទ្វាអានសេះទឹកដីកម្ពុជាពួកគេអាចលក់សត្វកណ្តូបនេះទៅឲ្យថៃ ក្នុងម្នាក់ចន្លោះពី២០ទៅ២៥គីឡូក្រាម ក្នុងតម្លៃចាប់ពី១២០បាត ទៅ១៧០បាត ក្នុង១គីឡូក្រាមគិតថ្លៃទិញសត្វកណ្តូបពីឈ្មួញក្នុងស្រុកមកលក់បន្តអាចឲ្យរូបគាត់ចំណេញប្រាក់ចន្លោះពី៦ម៉ឺនរៀលទៅ៨ម៉ឺនរៀលដែរក្នុងមួយថ្ងៃ ។
អ្នកស្រីបន្ថែមថា សត្វកណ្តូបនេះពួកគាត់ទិញមកលក់បន្តពីប្រជាជននៅខេត្តព្រះវិហារដែលចាប់សត្វនេះពីតាមចម្ការអំពៅជាដើម និងមានរដូវពេលប្រមាណជិត២ខែប៉ុននោះ សត្វកណ្តូបនេះនឹងអស់ ។ អ្នកស្រីបន្តថា ក្រោយពេលផុតរដូវសត្វកណ្តូបពួកគាត់ទិញទំនិញក៏ដូចជា បន្លែព្រៃ ផ្សេងៗទៀតទៅតាមរដូវដូចជា ចុងផ្តៅ ស្លឹកព្រិច ផ្សិត ដំឡូងទៀន និងកសិផលកសិកម្មផ្សេងៗជាដើម ។
ជាមួយគ្នានេះលោក ម៉ក់ បារាំង ជាអ្នកលក់កណ្តូបបានលើកឡើងថា ក្នុងមួយថ្ងៃអាជីវករទាំងអស់នៅទីនោះ អាចលក់ទៅឲ្យថៃចន្លោះពី៥០០គីឡូទៅ១តោនឯណោះ ប៉ុន្តែក្នុងឆ្នាំនេះពុំសូវមានសត្វកណ្តូបដូចឆ្នាំមុននោះទេ ។ លោកថា សត្វកណ្តូបដែលពួកគាត់យកមកលក់នេះភាគច្រើនឈ្មួញពីខេត្តកំពង់ធំជាអ្នកដឹកជញ្ជូនមកដល់លើភ្នំដងរែកតែម្តង ដើម្បីលក់ឲ្យពួកគាត់ជាអ្នកលក់បន្តឲ្យជនជាតិថៃ ។
ជនជាតិថៃម្នាក់ដែលបានចូលមកទិញសត្វកណ្តូបបានប្រាប់ថា សត្វកណ្តូបនេះជនជាតិថៃពេញនិយមខ្លាំងណាស់សម្រាប់យកទៅធ្វើជាអាហារ ដែលមានរសជាតិឆ្ងាញ់ដូចជា យកទៅបំពង ហូបជាមួយបុកល្ហុងជាដើម ។ ជនជាតិថៃដដែលលើកឡើងទៀតថា មូលហេតុដែលពួកគេចូលមកទិញសត្វកណ្តូបពីជនជាតិខ្មែរតាមច្រកទ្វាអានសេះនេះដោយសារ នៅប្រទេសថៃពុំមានសត្វកណ្តូបដូចកម្ពុជានោះទេ ហើយកណ្តូបនេះភាគច្រើនមាននៅតាមចម្ការ ពិសេសចម្ការពោត ប៉ុន្តែនៅថៃកសិករប្រើប្រាស់ថ្នាំ សម្លាប់សត្វល្អិតច្រើនទើបធ្វើឲ្យស្រុកពួកគេពុំមានសត្វកណ្តូបដូចកម្ពុជា ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ