តើ​កត្តា​អ្វី​ធ្វើ​ឲ្យ​ឆមាស​ទី​១ ឆ្នាំ​នេះ​ប្រាក់​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​ធ្លាក់​ចុះ​ជិត​១០​ភាគរយ ?


​រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ ២០១៩​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ​បាន​ធ្លាក់​ចុះ​ប្រមាណ ៨,២៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ ដែល​ធ្វើ​អោយ​ចំណូល​ក៏​បាន​ធ្លាក់​យ៉ាងច្រើន​ផង​ដែរ​ក្នុង​រង្វង់​ប្រមាណ ៩,៣៤ ភាគរយ ។ នេះ​បើ​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​អ្នក​ទទួល​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស ។

យ៉ាងណាមិញ មិន​មាន​ប្រភព​ណាមួយ​បាន​បញ្ជាក់​អំពី​មូលហេតុ​ណាមួយ​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​និង​ចំណូល​របស់​អង្គរ​នោះ​ឡើយ ។ ក៏​ប៉ុន្តែ​កន្លង​មក​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​បាន​លើកទឹកចិត្ត​វិនិយោគិន​ក្នុង​-​ក្រៅ​ស្រុក ក៏​ដូច​ជា​សហគមន៍​ទេសចរណ៍​នានា ក្នុង​ការ​បង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ឲ្យ​បាន​ច្រើន​ទាំង​ធម្មជាតិ​និង​ច្នៃប្រឌិត ក្រៅពី​អង្គរវត្ត ជាដើម​នោះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ឲ្យ​ទទួល​បាន​នូវ​ភាព​សំបូរ​បែប​នៃ​ផលិតផល​ទេសចរណ៍​ថ្មី ។

​យ៉ាងណាមិញ យោង​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​គ្រឹះស្ថាន​អង្គរ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ ២០១៩​នេះ បាន​ឲ្យ​ដឹង​ថា រយៈពេល​៦​ខែ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​មក​ដល់​កម្ពុជា និង​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១.២៤៤.៤៤៣​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩ មានការ​ថយ​ចុះ​ក្នុង​អត្រា ៨,២៩ ភាគរយ ។ ដោយឡែក​ចំណូល​ដែល​បាន​មក​ពី​ការ​ទិញ​សំបុត្រ​របស់​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​វិញ​មាន​ទឹកប្រាក់​ចំនួន ៥៥.៧២៩.៥៦១​ដុល្លារ​អា​មេ​រិ​ក និង​មានការ​ធ្លាក់​ចុះ ប្រមាណ ៩,៣៤​ភាគរយ​ផង​ដែរ ។

ដោយឡែក​សម្រាប់​តែ​ក្នុង​ខែមិថុនា ឆ្នាំ ២០១៩​នេះ ការ​លក់​ប័ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ពី​សំណាក់​គ្រឹះស្ថាន​អង្គរ​វិញ​បាន​ចំនួន ១២៦.៦០២​នាក់ ធ្លាក់​ចុះ​១៦,០៣​ភាគរយ ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០១៨ ។​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​នេះ​ដែរ ចំណូល​ពី​ការ​លក់​ប័ណ្ណ​ជូន​ភ្ញៀវ​ទេស​វិញ​បាន​ប្រមាណ ៥.៤១៦.៧១៤​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ១៦,៤០​ភាគរយ​ផង​ដែរ ធៀប​នឹង​ខែមិថុនា​ឆ្នាំ ២០១៨​កន្លង​ទៅ ។ តាម​របាយការណ៍​ដដែល​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ភ្ញៀវ​ទេសចរ​បរទេស​ដែល​ច្រើន​ជាងគេ ក្នុង​ការ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​គឺជា​ភ្ញៀវ​ទេសចរ​ចិន មាន​ចំនួន ៥៤០.៤៦៩​នាក់​ថយ​ចុះ​ប្រមាណ ៥,៥១​ភាគរយ និង​លេខ​ពីរ​បាន​ទៅ​លើ​ភ្ញៀវ​ទេសចរ​មក​ពី​សហរដ្ឋអាមេរិក មាន​ចំនួន ៩០.៥៥២​នាក់ កើនឡើង​៣,៣៧​ភាគរយ ។ ដោយឡែក​ភ្ញៀវ​មក​ពី​តំបន់​អាស៊ាន​វិញ គឺ​មក​ពី​ប្រទេស​វៀតណាម​មាន​ចំនួន​ច្រើន​ជាង ដែល​មាន​ចំនួន ៣៦.៣៣៧​នាក់ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០១៩​នេះ ។

លោកស្រី ឆាយ សៀវ​លី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ កម្ពុជា បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​បើក​ជើងហោះហើរ ពី​គោលដៅ​ថ្មី​ៗ​មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា នឹង​អាច​ទាញ​យក​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា កាន់តែ​ច្រើន តែ​យ៉ាងណាកម្ពុជា​មិន​គួរ​រំពឹង​តែ​លើ​រមណីយដ្ឋាន​អង្គរ​មួយ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្វែងរក​តំបន់​រមណីយដ្ឋាន​ផ្សេង​ទៀត ដើម្បី​អោយ​ភ្ញៀវ​ដែល​មក​ដល់​កម្ពុជា ហើយ​ត្រូវ​ហោះ​ត្រលប់​ទៅ​ស្រុក​គេ​វិញ​បន្ទាប់​ពី​មើល​អង្គរវត្ត​រួច ។ កម្ពុជា​គួរ​បង្កើត​តំបន់​រមណីយដ្ឋាន​បន្ថែម​ទៀត​ទាំង​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែ​ច្នៃ​ផ្សេង​ទៀត ។ លោកស្រី​បាន​បន្ត​ថា ការ​ទាក់ទាញ​អោយ​ភ្ញៀវ​ទេសចរ ស្នាក់​នៅ​កម្ពុជា​កាន់តែ​យូរ នឹង​ធ្វើ​អោយ​ចំណូល​ចូល​ប្រទេស​យើង​កាន់តែ​ច្រើន តាម​រយៈ​ការ​ចាយ​របស់​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ ដូច​ជា​ចំណាយ​ទៅ​លើ​សណ្ឋាគារ ការ​ហូប​ចុក និង​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​ជាដើម ។ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ចំណូល​មួយ​ចំនួន​ពី​ភ្ញៀវ​ទេសចរ​ទាំងនោះ​ផង​ដែរ ។

ដោយឡែក​លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សណ្ដាប់ធ្នាប់​ល្អ អនាម័យ​ស្អាត​ជា​កត្តា​មួយ​ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេសចរ​មក​ម្ដង​ហើយ​ចង់​ម្ដងទៀត តែ​បើសិនជា​កម្ពុជា​មិន​មាន​សណ្ដាប់ធ្នាប់ ដូច​ជា​ការ​បើកបរ​រញ៉េរញ៉ៃ ការ​ទុកដាក់​សម្រាម​មិន​បាន​ត្រឹមត្រូវ សាយភាយ​ក្លិន​មិនល្អ វា​ជា​កត្តា​មួយ​ធ្វើ​អោយ​បាត់បង់​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ផង​ដែរ ហើយ​នៅ​ពេល​ដែល​បាត់បង់​ភ្ញៀវ​នោះ នឹង​ធ្វើ​អោយ​កម្ពុជា​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា​តាម​រយៈ​ក្រសួងទេសចរណ៍ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមា​ន​៧​លាន​នាក់ នៅ​ឆ្នាំ ២០២០ និង​ចំនួន​១១​លាន​នាក់​នៅ​ឆ្នាំ ២០២៥ ក្នុង​នោះ​ចិន​ជា​ភ្ញៀវ​ទេសចរ​បរទេស​សំខាន់ ក្នុង​ការ​សម្រេច​បាន​នូវ​បរិមាណ​នេះ ៕កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ