ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ល្ខោននិយាយ​មាន​កម្លាំងចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ ក្រុម​សិល្បករ​ល្ខោន​ចំនួន​២​ក្រុម ដឹកនាំ​ដោយ​អ្នកគ្រូ​ឆុ​ន ស៊ី​ណា អ្នកគ្រូ​ប៉ុក វ​ណ្ណា និង​លោក​ណេ​ន ភា​រិ​ទ្ធ បាន​រៀប​ចំការ​សម្ដែង​ល្ខោននិយាយ​ចំនួន​២​រឿង គឺ​រឿង…

រាជធានី​ភ្នំពេញ​៖​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ ក្រុម​សិល្បករ​ល្ខោន​ចំនួន​២​ក្រុម ដឹកនាំ​ដោយ​អ្នកគ្រូ​ឆុ​ន ស៊ី​ណា អ្នកគ្រូ​ប៉ុក វ​ណ្ណា និង​លោក​ណេ​ន ភា​រិ​ទ្ធ បាន​រៀប​ចំការ​សម្ដែង​ល្ខោននិយាយ​ចំនួន​២​រឿង គឺ​រឿង «​ម្នាក់ឯង​ជា​ថ្មី​» ស្នាដៃ​របស់​អ្នកគ្រូ​ឆុ​ន ស៊ី​ណា កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែមិថុនា និង​រឿង «​គ្រូទាយ​» ស្នាដៃ​របស់​កញ្ញា​លឹ​ម ផា​ន់​ណា កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ២០១៩ នៅ​ឆាក​សម្ដែង​សិល្បៈ​ខ្មែរ​អមតៈ បរិវេណ​សារមន្ទីរ​ជាតិ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​មាន​ភ្ញៀវ​ចូល​ទស្សនា​សរុប​ទាំង​២​លើក ជាង​៣០០​នាក់ ។

គោលបំណង​នៃ​ការ​រៀប​ចំការ​សម្ដែង​ល្ខោននិយាយ​នេះ​ឡើង គឺ​ដើម្បី​រំឭក​ឡើង​វិញ​នូវ​ទម្រង់​សិល្បៈ​ល្ខោន ដែល​ធ្លាប់​រីកសាយ​ភាយ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ជាង​៦០​ឆ្នាំ​មុន និង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ស្គាល់ និង​បានឃើញ​ការ​សម្ដែង​ផ្ទាល់​នៅ​លើ​ឆាក ក៏​ដូច​ជា​ឱកាស​ដល់​សិល្ប​ករ​ជំនាន់​ក្រោយ​បាន​បង្ហាញ​ពី​ទេព​កោសល្យ​ក្នុង​ការ​តែង​និពន្ធ ដំឡើង​រឿង និង​សម្ដែង​ផង​ដែរ ។

កញ្ញា​សុត ចន្ទ​ដា​លី ក្រុមការងារ​គ្រប់គ្រង​ផលិតកម្ម​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា «​ពី​ក្រុមការងារ យើង​ពិតជា​មាន​ក្ដី​រំភើប​ណាស់ ដោយ​បាន​ធ្វើការ​ជាមួយ​ក្រុម​សិល្បករ​ប្រកប​ដោយ​ទេព​កោសល្យ ហើយ​រៀប​ចំការ​សម្ដែង​មួយ​ដ៏​ពិសេស​សម្រាប់​ភ្ញៀវ​ខ្មែរ ។ ខ្ញុំ​បានឃើញ​សន្ទុះ​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ។ ឆាក​របស់​យើង​មាន​ភ្ញៀវ​មក​ពេញ​ទាំង​២​ថ្ងៃ ។ មួយទៀត​យើង​ឃើញ​ថា ជា​ការ​លើកទឹកចិត្ត ជា​កម្លាំងចិត្ត ចំពោះ​វិស័យ​នេះ​តាម​រយៈ​ការ​ចូលរួម និង​ការ​ជួបជុំ ដ៏​ល្អ​រវាង​អ្នក​និពន្ធ សិល្បករ ជាមួយ​ទស្សនិកជន បាន​ជួប​ជជែក បង្ហាញ​ការ​គាំទ្រ មតិយោបល់​ដើម្បី​ស្ថាបនា ការ​សម្តែង និង​ការ​រៀបចំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង »​។

រឿង​ដែល​យក​មក​សម្ដែង​គឺជា​ស្នាដៃ​និពន្ធ​ថ្មី រឿង​«​ម្នាក់ឯង​ជា​ថ្មី​» ជា​ស្នាដៃ​របស់​អ្នកគ្រូ​ឆុ​ន ស៊ី​ណា និង រឿង​«​គ្រូទាយ​» ជា​ស្នាដៃ​របស់​កញ្ញា​លឹ​ម ផា​ន់​ណា ។ ល្ខោន​ទាំង​២​នេះ​បាន​រំលេច​តថភាព​សង្គម ព្រម​ទាំង​អារម្មណ៍​គ្រប់​បែប​យ៉ាង មាន​ស្រឡាញ់ ប្រច័ណ្ឌ ស្អប់ គ្រាំគ្រា​ចិត្ត វិប្បដិសារី​យ៍ កំប្លុកកំប្លែង សំណើច ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ហាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នោះ​ដែរ ។

អ្នក​នាង​ថន សី​ម៉ា ជា​ទស្សនិកជន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ដូច្នេះ​ថា «​នេះ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត​ខ្ញុំ​ដែល​បានឃើញ​ការ​សម្ដែង​ល្ខោននិយាយ​ដោយ​ផ្ទាល់ ។ ពី​មុន​គ្រាន់តែ​បានឮ​តាម​វិទ្យុ តែ​ពេល​មក​មើល​ផ្ទាល់ ពិតជា​ប្លែក​ភ្នែក ហើយ​ល្អមើល​ណាស់​។ ជា​ពិសេស​ក្នុង​ឈុត​ដំបូង ខ្ញុំ​ស្មាន​តែ​តួ​ស្រី និង​គ្រូទាយ លួច​ស្រលាញ់​គ្នា ក្បត់ចិត្ត​ប្ដី ? តាម​ពិត​សាច់​រឿង​មិនមែន​អុីចឹ​ង​ទេ ។ ខ្ញុំ​សូម​សរសើរ​ការ​រៀបចំ​សាច់​រឿង​មើលទៅ​ទាក់ទាញ គួរ​ឲ្យ​ចង់​មើល​ម្ដង​ហើយ ម្ដងទៀត​ណាស់​»​។

លោក​ណេ​ន ភា​រិ​ទ្ធ ជា​អ្នកដឹកនាំ​រឿង និង​ជា​តួ​សម្ដែង​ផង​នោះ បាន​បង្ហាញ​ក្ដី​រំភើប​នៅ​ពេល​ដែល​លោក​បានឃើញ​ទស្ស​និ​ជន​មក​គាំទ្រ​ពេញ​ឆាក ទោះបីជា​ការ​សម្ដែង​នេះ​រៀបចំ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ធ្វើការ និង​ជា​ពិសេស​សិស្ស​-​និស្សិត​កំពុង​រវល់​ជាប់​ប្រលង​ចុងឆ្នាំ​ក៏​ដោយ ។ លោក​បាន​បញ្ជាក់​ថា «​នេះ​ជា​កម្លាំងចិត្ត​ដ៏​ធំ​សម្រាប់​សិល្បករ នៅ​ពេល​ដែល​ខ្លួន​បង្ហាញ​ស្នាដៃ ហើយ​មាន​អ្នក​មើល​យ៉ាងច្រើន​ដូច្នេះ ។ ការ​គាំទ្រ​យ៉ាង​ផុសផុល​នេះ​នឹង​ជំរុញ​ឲ្យ​សិល្បករ និង​អ្នកជំនាញ​ផ្នែក​ល្ខោននិយាយ​កាន់តែ​មាន​ក្ដី​សង្ឃឹម ហើយ​នឹង​នាំ​មក​ជូន​ការ​សម្ដែង​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​»​។

ស្នាដៃ​ល្ខោននិយាយ​ទាំង​២​រឿង​នេះ នឹង​សម្ដែង​ម្ដងទៀត​ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព នៅ​ខែ​វិច្ឆិកា​ខាង​មុខ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ