ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀន​ដែល​អ្នក​គួរ​ដឹង​មុន សម្រេចចិត្ត​ទិញ​ផ្ទះ

4 ឆ្នាំ មុន

ការ​ទិញ​ផ្ទះ​មិន​ងាយស្រួល​ដូច​ការ​ទិញ​រថយន្ត ឬ​ជួល​ផ្ទះ​ទេ ។ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ជា​ច្រើន​សំណួរ​មុន​នឹង​សម្រេចចិត្ត​ថា វា​ជា​ផ្ទះ​ដែល​អ្នក​ចង់បាន ។ ប្រាកដ​ណាស់​ប្រជាជន​ខ្មែរ​យើង​មាន​ជម្រើស​ផ្ទះ​ជា​ច្រើន ជា​ពិសេស​តាម​ទីប្រជុំជន​ដូច​ជា ទីក្រុង​ភ្នំពេញ ប៉ុន្តែ​វា​មិន​ប្រាកដ​ថា​រាល់​ជម្រើស…

ការ​ទិញ​ផ្ទះ​មិន​ងាយស្រួល​ដូច​ការ​ទិញ​រថយន្ត ឬ​ជួល​ផ្ទះ​ទេ ។ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ជា​ច្រើន​សំណួរ​មុន​នឹង​សម្រេចចិត្ត​ថា វា​ជា​ផ្ទះ​ដែល​អ្នក​ចង់បាន ។ ប្រាកដ​ណាស់​ប្រជាជន​ខ្មែរ​យើង​មាន​ជម្រើស​ផ្ទះ​ជា​ច្រើន ជា​ពិសេស​តាម​ទីប្រជុំជន​ដូច​ជា ទីក្រុង​ភ្នំពេញ ប៉ុន្តែ​វា​មិន​ប្រាកដ​ថា​រាល់​ជម្រើស គឺជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ទេ ។ សម្រាប់​អ្នក​ដែល​ទិញ​ផ្ទះ​ដំបូង អ្នក​ត្រូវ​តែ​ដឹង​ពី​មេរៀន​សំខាន់​ៗ​ខាងក្រោម​ជា​មុន​សិន មុន​នឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​ដែល​អ្នក​កំពុង​តែ​ចាប់អារម្មណ៍ ។

១. កុំ​ឆាប់​ស្រលាញ់​ផ្ទះ​នោះ​ពេក

ពេល​ដែល​កំពុង​ស្វែងរក​ផ្ទះ អ្នក​មិន​គួរ​ឆាប់​ស្រលាញ់​ផ្ទះ​ភ្លាម​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​យើង​ងងឹត​ងងុល​ពេល​ដែល​ធ្វើការ​សម្រេចចិត្ត ។ អ្នក​គួរតែ​ចេះ​គិត​ឲ្យ​បាន​ច្បាស់លាស់ និង​ជ្រើសរើស​តាម​សមត្ថភាព​ដែល​ខ្លួន​មាន ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​មិន​គួរ​ជ្រើស​យក​ផ្ទះ​ដែល​ហួស​សមត្ថភាព​របស់​អ្នក​ទេ ព្រោះ​វា​នឹង​បង្ក​ជា​បញ្ហា​ច្រើន​ទៀត​នៅ​ថ្ងៃក្រោយ ។

២. កុំ​ធ្លាក់​ក្រោម​សម្ពាធ​បង្ខំ​ឲ្យ​ទិញ

ភ្នាក់ងារ​អចលនទ្រព្យ ឬ​ម្ចាស់ផ្ទះ​តែងតែ​ចូល​ចិត្ត​និយាយ​ថា មាន​អតិថិជន​ជា​ច្រើន​ដែល​កំពុង​មើល និង​ចាប់អារម្មណ៍​លើ​អចលនទ្រព្យ​នេះ ដូច​អ្នក​ដែរ ហើយ​មនុស្ស​ជា​ច្រើន​តែងតែ​ធ្លាក់​ក្រោម​សម្ពាធ​ឲ្យ​ទិញ​មុន​នឹង​បាត់បង់​ឱកាសល្អ​នេះ ។ វា​ជា​រឿង​ធម្មតា​មួយ​ក្នុង​ទីផ្សារ តែ​ក៏​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នេះ​ជា​រៀង​រាល់ពេល​ទេ ព្រោះ​វា​អាច​ក្លាយជា​កំហុសឆ្គង​ដ៏​ធំ​មួយ​របស់​អ្នក ។ ចូរ​ធ្វើការ​គិតគូ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន មុន​នឹង​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​លក់ ឬ​ម្ចាស់ផ្ទះ ។

៣. ជ្រើស​ផ្ទះ​ដែល​សាក​សម​នឹង​ជីវភាព​របស់​អ្នក

មនុស្ស​គ្រប់​រូប​តែងតែ​មានផ្ទះ​ក្នុង​ក្តី​សុបិន​របស់​ខ្លួន ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា វា​ត្រូវ​តែ​ជា​ផ្ទះ​ដែល​សាក​សម​នឹង​ជីវភាព​របស់​អ្នក​ទេ ។ ឧទាហរណ៍​ដូច​ជា អ្នក​ប្រាថ្នា​ចង់​រស់នៅ​ក្នុងផ្ទះ​វីឡា​នៅ​ជាយក្រុង ប៉ុន្តែ​អ្នកធ្វើការ​ក្នុង​ក្រុង​មួយ​ថ្ងៃ​៨​ម៉ោង និង​ត្រូវ​ចេញពីផ្ទះ​ពី​ព្រលឹម​ជា​រៀងរាល់ថ្ងៃ​ជាដើម ។ ក្នុង​ករណី​នេះ ផ្ទះ​វីឡា​ប្រហែលជា​មិន​សាក​សម​នឹង​អ្នក​ឡើយ ព្រោះ​អ្នក​ត្រូវ​ចំណាយពេល​ច្រើន ដើម្បី​ធ្វើ​ដំណើរ​ចូល​ក្រុង ហើយ​អ្នក​ក៏​មិនសូវ​មាន​ពេលវេលា​នៅផ្ទះ​ផង ។
ជម្រើស​ផ្ទះ​ដ៏​ល្អ​បំផុត គឺជា​ផ្ទះ​ដែល​ជួយ​សម្របសម្រួល​ជីវភាព​រស់នៅ​របស់​អ្នក មិនមែន​បង្ក​ជា​បញ្ហា​បន្ថែម​ដល់​អ្នក​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ