ខេត្តព្រៃវែង ៖ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្រោយកើតមានហេតុការណ៍នេះកើតឡើងព័ត៌មាន ត្រូវបានគេលាក់យ៉ាងជិត មិនឱ្យមានការបែកខ្ចរខ្ចាយទៅខាងក្រៅទេ ទំនងជាខ្លាចខ្មាសគេ ព្រោះចោរចូលប្លន់ផ្ទះមន្ត្រីប៉ូលិសតែម្តង ហើយចាប់មិនបានទៀត ទម្រាំប្លន់ផ្ទះប្រជាពលរដ្ឋវិញ តើសង្ឃឹមអ្វីទៅ ? សង្ឃឹមថា រកចោរឃើញទៅចុះ ។
សូមរំលឹកថា គឺពិតជាថ្លើមធំខ្លាំងណាស់ ដែលចោរ១ក្រុមមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ផ្ទះមន្ត្រីនគរបាលប៉ុស្តិ៍បឹងព្រះ ស្រុកបាភ្នំ យកបានលុយ៥.៨០០ដុល្លារ ហើយរត់ គេចខ្លួនទៅបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៧ ខែមិថុនា នៅភូមិអង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ដែលម្ចាស់ ផ្ទះរងគ្រោះឈ្មោះ ឈឹម សុភា អាយុ៤៤ឆ្នាំ
ជានាយរងប៉ុស្តិ៍នគរបាលឃុំបឹងព្រះ និងប្រពន្ធឈ្មោះ នុត ស៊ីណា អាយុ៤៥ឆ្នាំ ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ លោកនាយរងប៉ុស្តិ៍មិនបាននៅផ្ទះទេ គឺជាប់ប្រចាំការនៅប៉ុស្តិ៍រដ្ឋបាល ឯនៅផ្ទះមានតែប្រពន្ធគាត់ ព្រមទាំងកូននិងក្មួយ២ទៅ៣នាក់ប៉ុណ្ណោះ ។ ប្រភពដដែលបន្តថា នៅពេលកើតហេតុនោះ ប្រពន្ធគាត់កំពុងដេកក្នុងផ្ទះ ស្រាប់តែឃើញបុរស២នាក់ចូលដល់ប្រដាប់ដោយកាំភ្លើងខ្លី២ដើមមិនស្គាល់ម៉ាក បានភ្ជង់គំរាមឱ្យយកលុយ និងមាសប្រាក់ឱ្យគេ បើមិនយកឱ្យទេ គេនឹងបាញ់សម្លាប់ចោល ។ ដោយភ័យខ្លាចក្រុមចោរសម្លាប់ ប្រពន្ធគាត់ក៏យកសោចាក់ហិបយកលុយចំនួន៥.៨០០ដុល្លារឱ្យទៅចោរទាំងអស់ ។
ឯក្រុមចោរពេលបានលុយហើយ ក៏នាំគ្នាចេញមកក្រៅ ជិះម៉ូតូឆ្ពោះទៅទិសខាងលិចបាត់ទៅ ដោយមិនបានផ្ទុះអាវុធ ឬវាយធ្វើបាបជនរងគ្រោះឡើយ ។ ក្រោយពីក្រុមចោរចេញផុតភ្លាម ស្ត្រីរងគ្រោះក៏បានទូរស័ព្ទប្រាប់ប្តី ហើយក៏មានការពង្រាយកម្លាំងចេញស្ទាក់ចាប់ចោរដែរ តែមិនទទួលបានលទ្ធផល ដោយក្រុមចោរបានរត់គេចខ្លួនបាត់អស់ទៅហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ