មនុស្សយើងម្នាក់ៗតែងតែមានពេលមួយដែលចង់រស់នៅបែកផ្ទះពីឪពុកម្តាយ និងរស់នៅដោយឯករាជ្យជាមនុស្សពេញវ័យ ។ មនុស្សមួយចំនួនទៀតចាប់អារម្មណ៍នឹងការរើចេញពីផ្ទះឪពុកម្តាយ ព្រោះតែចង់ស្វែងរកផ្ទះដែលនៅជិតសាលារៀន ឬកន្លែងធ្វើការ ដើម្បីជៀសវាងការស្ទះចរាចរណ៍ដែលកើតឡើងជារៀងរាល់ថ្ងៃក្នុងប្រទេសកម្ពុជាយើងនេះ ។
សម្រាប់អ្នកដែលមកពីគ្រួសារធូរធារ និងមានឪពុកម្តាយផ្គត់ផ្គង់ឲ្យជម្រើសនេះមិនមែនជាបញ្ហាធំទេ ប៉ុន្តែសម្រាប់អ្នកដែលផ្គត់ផ្គង់ខ្លួនឯង មុនពេលធ្វើការសម្រេចចិត្តខាងលើអ្នកគួរតែយល់ឲ្យច្បាស់សិនថា អ្នកពិតជាមានសមត្ថភាពក្នុងការផ្គត់ផ្គង់ជីវភាពនេះឬទេ ? សំណួរខាងក្រោម គឺជាសំណួរដែលអ្នកគួរសួរខ្លួន មុនពេលសម្រេចចិត្តរើចេញ ៖
១. តើអ្នកអាចបង់ថ្លៃទឹក និងភ្លើងទេ ?
មុននឹងរើចេញអ្នកត្រូវតែធានាថា អ្នកមានសមត្ថភាពក្នុងការបង់ថ្លៃទឹក និងភ្លើងដោយខ្លួនឯងជាមុនសិន ។ អ្នកគួរតែរៀនចំគម្រោងចំណាយប្រចាំខែសម្រាប់ពេលដែលអ្នករើចេញជាមុនសិនដូចជា ការចំណាយលើសេវាកម្មសំខាន់ៗការធ្វើដំណើរ អាហារ និងថ្លៃជួល ឬបង់រំលស់ជាដើម ។ អ្នកក៏គួរតែទុកថវិកាមួយចំនួនសម្រាប់វិបត្តិផងដែរ ។
អ្នកត្រូវចងចាំថា ពេលដែលអ្នករើចេញមករស់នៅខាងក្រៅ ការចំណាយលើការកម្សាន្តរបស់អ្នកអាចនឹងត្រូវបានកាត់បន្ថយ ព្រោះអ្នកត្រូវចំណាយលើថ្លៃសេវាកម្ម និងរបស់សំខាន់ៗដទៃជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ។
២. តើអ្នកមានថវិកាគ្រប់គ្រាន់សម្រាប់ថ្លៃជួលផ្ទះ និងប្រាក់កក់ឬទេ ?
ពេលដែលអ្នករើចេញអ្នកត្រូវតែមានថវិកាសម្រាប់បង់ខែដំបូងនៃលំនៅដ្ឋានដែលអ្នកស្នាក់នៅ ហើយម្ចាស់ផ្ទះភាគច្រើនក៏តម្រូវឲ្យអ្នកបង់ប្រាក់កក់ដល់ពួកគេផងដែរ។ ដើម្បីធានាថាមិនមានបញ្ហាច្រើនពេលដែលអ្នករើចេញអ្នកគួរតែរៀបចំថវិកាសម្រាប់កក់ និងថ្លៃជួលផ្សេងៗជាមុនសិន ។
៣. អ្នករស់នៅម្នាក់ឯង ឬជាមួយមិត្តរួមបន្ទប់ ?
ការមានមិត្តរួមបន្ទប់ គឺជាជម្រើសដ៏ល្អក្នុងការកាត់បន្ថយថ្លៃជួលផ្ទះ ប៉ុន្តែអ្នកត្រូវតែជ្រើសរើសមិត្តរួមបន្ទប់ឲ្យបានប្រុងប្រយ័ត្នព្រោះ មិត្តភាពនឹងបាត់បង់យ៉ាងលឿន ប្រសិនបើស្ថានការមិនល្អ ។ លើសពីនេះទៅទៀត អ្នកគួរតែជ្រើសមិត្តដែលអ្នកពិតជាជឿជាក់ថា អ្នកអាចទុកចិត្តបាន ដើម្បីការពារខ្លួនពីស្ថានការដែលមិនអាចមើលឃើញនាពេលអនាគត ។
៤. តើអ្នកត្រូវចំណាយប៉ុន្មានលើគ្រឿងសង្ហារឹម ?
ពេលដែលអ្នករើចេញទៅរស់នៅដោយខ្លួនឯង ដំបូងអ្នកនឹងត្រូវចំណាយថវិកា ដើម្បីទិញគ្រឿងសង្ហារឹមហើយ ។ ជម្រើសមួយដែលអាចជួយសន្សំថវិកាបាន គឺការទិញគ្រឿងសង្ហារឹមជជុស ឬយកពីឪពុកម្តាយរបស់អ្នកមក ។ លុះដល់ពេលដែលអ្នកសន្សំថវិកាបានច្រើនហើយអ្នកអាចងាកទៅជម្រើសគ្រឿងសង្ហារឹមផ្សេងៗដែលអ្នកពេញចិត្តបាន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ