ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប៉ា​ហ៊ី​លក់​ថ្នាំ​ប្រឈម​ការ​បាត់បង់​អាជីព

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ពេល​កន្លង​មក​ការ​សម្តែង​ប៉ា​ហ៊ី ឬ​សៀ​ក​រហស្សកម្ម​ឃោសនា​លក់​ថ្នាំ នៅ​តាម​ជន​បទ ឬ​ទី​តំបន់ ផ្សេង​ៗ ជាទី​ពេញ​និយម​ទស្សនា​កម្សាន្ត​របស់​មហាជន ហើយ​ក្រុម​សម្តែង​ក៏​ទទួល​បាន​ចំណូល​កាក់កប​ដែរ ។…

ខេត្តស្វាយរៀង ៖ នា​ពេល​កន្លង​មក​ការ​សម្តែង​ប៉ា​ហ៊ី ឬ​សៀ​ក​រហស្សកម្ម​ឃោសនា​លក់​ថ្នាំ នៅ​តាម​ជន​បទ ឬ​ទី​តំបន់ ផ្សេង​ៗ ជាទី​ពេញ​និយម​ទស្សនា​កម្សាន្ត​របស់​មហាជន ហើយ​ក្រុម​សម្តែង​ក៏​ទទួល​បាន​ចំណូល​កាក់កប​ដែរ ។ ពេល​ពួក​គេ​សម្តែង ម្តង​ៗ មហាជន​ទស្សនា​កម្សាន្ត​ផង និង​ទិញ​ថ្នាំ​ទៅ​តាម​តម្រូវ​ការ​របស់​ខ្លួន​ផង ។ នេះ​ជា​រឿង​ពី​មុន តែ​បច្ចុប្បន្ន​ក្រុម​ប៉ា​ហ៊ី បោះបង់​អាជីព​ស្ទើរ​អស់​ទៅ​ហើយ ឯ​នៅ​សល់​ខ្លះ​ប្រឈម​ការ​លំបាក​ខ្លាំង ។

ជាក់ស្តែង​ក្រុម​ប៉ា​ហ៊ី របស់​លោក​ឆាយ គី​ម​ហួ ដែល​ទៅ​សម្តែង​នៅ​ខេត្តស្វាយរៀង បាន​រៀបរាប់​ឲ្យ​ដឹង​ថា «​ពួក​ខ្ញុំ​នៅ​ភ្នំពេញ ជា​ក្រុម​លេង​ល្អ លក់​ថ្នាំ​ពូកែ ហើយ​តែងតែ​ទៅ​លេង​នៅ​តាម​បណ្តា​ភូមិ​ស្រុក​នានា មានការ​ពេញ​និយម​ទស្សនា​ណាស់​កាលពីមុន ប៉ុន្តែ​សព្វ​ថ្ងៃនេះ​នៅ​តាម​តំបន់​ជនបទ​លែង​សូវ​មាន​អ្នក​និយម​មើល ឬ​ទិញ​ថ្នាំ​ទៀត​ហើយ ។ ដូច្នេះ​ក្រុម​ប៉ា​ហ៊ី​របស់ខ្ញុំ​មានការ​ព្រួយបារម្ភ​នឹង​ការ​បាត់បង់​អាជីព​នេះ»​។

នៅ​ពេល​ក្រុម​ប៉ា​ហ៊ី របស់​លោក​ឆាយ គី​ម​ហួ សម្តែង​លក់​ថ្នាំ​នៅ​ភូមិ​ត្បែង ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​ទស្សនា​មួយ​ចំនួន​និយាយ​ស្រ​ដៀង​គ្នា​ថា បច្ចុប្បន្ន​ពេល​មនុស្ស​ឈឺ​ពឹង​លើ​ពេទ្យ ព្រោះ​ពេទ្យ​មាន​ជំនាញ មាន​ទីតាំង​ត្រឹមត្រូវ ថ្នាំ​មានការ​ទទួលស្គាល់​ពី​ក្រសួង​សុខា​ភិបាល​ត្រឹមត្រូវ និង​ថ្នាំ​មាន​ប្រសិទ្ធភាព ដូច្នេះ​មិនសូវ​មាន​ជំនឿ​លើ​ថ្នាំ​ប៉ា​ហ៊ី​ទេ ។

«​មាន​ពេល​ខ្លះ​ពេទ្យ​ព្យាបាល​ជម្ងឺ​មិនជា​ផង ចុះ​ប៉ា​ហ៊ី ត្រឹម​ដើរ​លក់​ថ្នាំ ហើយ​ថ្នាំ​គ្មាន​ការ​ទទួលស្គាល់​ពី​ស្ថា​ប​ន័​ណា​ផង ហើយ​គ្មាន​ឧបករណ៍​ពិនិត្យ​រោគវិនិច្ឆ័យ​ផង តើ​ធ្វើ​មេ​៉​ច​ឲ្យ​ជឿ​ទុកចិត្ត​បាន ម្យ៉ាងវិញទៀត​ខ្លះ​ទិញ​ម្តង​ពីរ​ដង​ហើយ យក​មក​ចោល​ទទេ អស់​តែ​លុយ ។ ដល់​ប៉ា​ហ៊ី​មក​លេង លើក​ក្រោយ​ៗ​ទៀត បាន​ត្រឹមតែ​ឈរ​មើល​ការ​សម្តែង ហើយ​សើច ទុកដូចជា​សិល្បៈ​កំប្លែង គ្រាន់​មើល​សើច​សប្បាយ​ប៉ុណ្ណោះ តែ​លែង​ទិញ​ថ្នាំ​ប៉ា​ហ៊ី​ទៀត​ហើយ »​។ អ្នក​ទស្សនា​ម្នាក់​និយាយ​បែប​នេះ ។

ទាក់ទិន​ការ​បាត់​ការ​ពេញ​និយម​ទស្សនា​ប៉ា​ហ៊ី មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ម្យ៉ាង​មក​ពី​គេ​មិន​ចង់​ទិញ​ថ្នាំ​ដែល​ប៉ា​ហ៊ី​ឃោសនា​លក់​បែប​ភូតភរ​ថា​ត្រូវ​ស្ទើរ​១០០​មុខ ម្យ៉ាង​សម្តែង​ក្បាច់ ដដែល​ៗ គ្មាន​អ្វី​ប្លែក ដូច្នេះ​នរណា​ចង់​មើល​ទៀត !»​។

ជាក់ស្តែង​ពេល​ក្រុម​ប៉ា​ហី សម្តែង​នៅ​ខេត្តស្វាយរៀង​នោះ លេង​បណ្តើរ លក់​ថ្នាំចិនសែ​បណ្តើរ ហើយ​ធានា​ថា ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ ដូច​ជា​ឈឺក្រពះ រួយ​ជង្គង់ វិលមុខ ធ្វើការ​ឆាប់​អស់កម្លាំង ចំពោះ​ស្ត្រី​មាន​ធ្លាក់ស ឫសដូងច្រមុះ ឫសដូងបាត លើសឈាម …​។ ក្រៅពី​នេះ​មាន​ថ្នាំ​ព្យាបាល​ឈឺធ្មេញ និង​ស្រែង​រមាស់​ជាដើម ។ ទោះជា​យ៉ាងណា​ក្តី​នៅ​មាន​អ្នកខ្លះ​ថា​កប​នឹង​ថ្នាំបុរាណ​របស់​ប៉ា​ហ៊ី ហើយ​គ្រាន់​នឹង​ទស្សនា​កម្សាន្ត​មិន​អស់ប្រាក់​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ