ខេត្តកំពង់ចាម ៖ ក្រុមក្មេងទំនើងប្រុសស្រីចំនួន៧នាក់ដែលនាំគ្នាផឹកស៊ីស្រែកឡូឡានិងបោកដបស្រានៅលើសួនច្បារសាធារណៈខាងក្រោមស្ពានគីហ្ស៊ុណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម នាវេលាម៉ោង៣និង១៥នាទី រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៥ មីនា ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ ព្រមទាំងស្រែកជេរប្រមាថមកលើសមត្ថកិច្ចនូវពាក្យអសុរោះផងនោះ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការអប់រំឱ្យរាងចាលកុំឱ្យប្រព្រឹត្តបែបនេះបន្តទៀត ។
លោកវរសេនីយ៍ត្រី មិន សុគន្ធវិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌ ជាកិច្ចឆ្លើយតបទៅនឹងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ ក្នុងការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម កម្លាំងសមត្ថកិច្ចបានដើរល្បាតពីកន្លែងមួយទៅកន្លែងមួយក្រែងមានសភាពការណ៍បទល្មើសណាមួយកើតឡើង។ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបន្តថា ស្របពេលសមត្ថកិច្ចដើរល្បាតនៅវេលាម៉ោងខាងលើក៏បានប្រទះឃើញពួកក្មេងទំនើង១ក្រុមមានគ្នា៧នាក់ក្នុងនោះមានស្រ្តី២នាក់កំពុងអង្គុយផឹកស្រានៅលើសួនច្បារស្រែកឡូឡាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ ។ ឃើញបែបនេះកម្លាំងក្រោមឱវាទបានទៅសួរនាំនិងហាមឃាត់កុំឱ្យធ្វើបែបនេះបន្តទៀត ស្រាប់តែពួកគេស្រែកជេរប្រមាថមកលើសមត្ថកិច្ចនូវពាក្យអសុរោះ ហើយបានយកដបស្រាដែលពួកគេផឹកគប់បំបែកចោលក្នុងលក្ខណៈមើលងាយទើបកម្លាំងសុំគោលការណ៍ពីលោកស្នងការនិងស្នងការរងដើម្បីមានវិធានការចាប់ឃាត់ខ្លួនពួកគេនាំមកកាន់ស្នងការដ្ឋានដើម្បីធ្វើការអប់រំឱ្យរាងចាល ។
ក្រុមក្មេងទំនើងប្រុសស្រីទាំង៧នាក់រួមមាន ១-ឈ្មោះឯល ស្លេះ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវិហារសំបូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ២-ឈ្មោះសុល សួរ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរកាពប្រាំ ឃុំរកាពប្រាំ ៣-ឈ្មោះអុីសាហ៊ាត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរកាពប្រាំ ឃុំរកាពប្រាំ ៤-ឈ្មោះ ជុ សុល ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវិហារសួរ ឃុំរកាពប្រាំ ៥-ឈ្មោះរី សូនី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកកក់ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ៦-ឈ្មោះសេន សុះ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរកាពប្រាំ ឃុំរកាពប្រាំ និង៧-ឈ្មោះនា ស្រីណែត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកកក់ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។
ឈ្មោះឯល ស្លេះ បានសារភាពថា នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៥ មីនា បន្ទាប់ពីពួកខ្លួនចេញពីក្លឹបស៊ិនហូរផ្លាស្សា ក្រុងកំពង់ចាម ក៏បាននាំគ្នាជិះម៉ូតូដើរលេងទៀតនិងបានទិញស្រាយកមកផឹកនៅលើសួនច្បារខាងក្រោមស្ពានគីហ្ស៊ុណារហូតដល់ស្រវឹង និងបានស្រែកឡូឡាលេងសើចយ៉ាងសប្បាយទៀតផង ។ បន្ទាប់មកត្រូវបានសមត្ថកិច្ចមកឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រោះតែពួកខ្លួនយកដបស្រាបោកចោលនិងបានស្រែកជេរប្រមាថទៅលើសមត្ថកិច្ចដែលចុះមកហាមឃាត់ ៕
ចែករំលែកព័តមាននេះ