រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានដែកបេឡេ ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ ដោយគិតពីថ្ងៃទី២៨ មិថុនា តទៅ ដើម្បីថែទាំ និងត្រួតលក្ខណៈបច្ចេកទេសស្ពាន ហើយផុតរយៈពេលនេះ និងដាក់អោយដំណើរការជាធម្មតាឡើងវិញ ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅខណ្ឌឬស្សីកែវ នៅតំបន់អភិវឌ្ឍជ្រោយចង្វារស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការអស់រយៈពេល ប្រមាណ០១ឆ្នាំមកហើយ ។
ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេ ឱ្យស្របតាមបទដ្ឋានបច្ចេកទេសនោះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេក ទេស របស់ស្ពានដែកបេឡេនេះរួមមាន គ្រឿងបង្គុំស្ពាន ផ្នែកខាងលើ និងផ្នែកសសរទម្រស្ពាន។
ក្នុងអំឡុងពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ននូវ ការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេនេះ រយៈពេល១៥ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥តទៅ។ ផុតរយៈពេលកំណត់ខាងលើ ស្ពានដែកបេឡេ នឹងដាក់ដំណើរការជាធម្មតាឡើងវិញ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងការធ្វើចរាចរណ៍ ដោយធ្វើដំណើរតាមស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានជ្រោយចង្វារទី១, ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) និងស្ពានព្រែកព្នៅ ក្នុងរយៈពេលនៃការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ