ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​ផ្សារ​ព្រែក​ព្នៅ​១០០នាក់ តំណាង​ឱ្យ​៤០០​នាក់​មក​តវ៉ា​ដល់​សាលា​ឧទ្ធរណ៍

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជីវ​ករ​ប្រមាណ​១០០​នាក់ តំណាង​ឱ្យ​អាជីវ​​ករ​៤០០​នាក់ ​​​​នៅ​ផ្សារ​ព្រែក​​ព្នៅ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០១១ បាន​នាំ​គ្នា​មក​ឈរ​នៅ​មុខ​សាលា​ឧទ្ធរណ៍​ក្នុង​គោល​បំណង​សំណូម​ពរ​ឱ្យ​ចៅ​ក្រម​ម្នាក់​នៃ​សាលា​ឧទ្ធរណ៍​​ជួយ​តំកល់​​ដីកា​សម្រេច​រក្សា​ការ​ពារ​របស់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ។

អាជីវ​ករ​​ផ្សារ​​ព្រែក​ព្នៅ​​ខាង​លើ បាន​និយាយ​​ស្រដៀង​ៗ​គ្នា​ប្រាប់​អ្នក​កាសែត​ថា ​ពួក​គាត់​មាន​ការធូរ​ស្រាល​ចំពោះ​ជីវ​ភាព​ខ្លះៗ​ដែរ ក្រោយ​ពី​ពួក​គាត់​​បាន​មក​លក់​ដូរ​នៅ​ផ្សារ​ព្រែក​ព្នៅ​​នេះ ។ ​ពួក​គាត់​​បញ្ជាក់​​ថា ​ពី​មុន​ពួក​​គាត់​​​​លក់​ដូរនៅ​ខាង​ក្នុង​ដីឡូត៍​​ ឬ​មុខ​ដីឡូត៍​ដែល​មាន​ទី​តាំងជាប់​ផ្សារ​​នេះ ត្រូវ​បង់​លុយ​ឱ្យ​គេ​​​១​​ថ្ងៃ​​ពី​១​​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល ​ប៉ុន្តែ​​​​ពេល​ពួក​គាត់​មក​លក់​ដូរ​នៅ​​ផ្សារ​ព្រែក​​ព្នៅ​ គឺ​១​​ថ្ងៃ​បង់​តែ​​​៨០០​រៀល​ប៉ុណ្ណោះ ​ជា​ហេតុ​​​ធ្វើ​​ឱ្យ​ជីវភាព​ពួក​គាត់​បាន​ធូរស្រាល​ខ្លះ​ដែរ។

​ក្រុម​អាជីវ​ករ​ទាំង​នោះ​បាន​បន្ត​ថា ​ការ​​ដែល​ពួក​គាត់​​មក​ឈរ​នៅ​មុខ​សាលា​ឧទ្ធរណ៍​​​នេះ​គឺ​ដើម្បី​សំណូម​​ពរ​ដល់​ចៅ​ក្រម​​​មួយ​រូប​ដែល​កាន់​សំណុំ​រឿង​នេះ ​​ឱ្យ​ជួយ​ប្រកាស​តម្កល់​ដីកា​រក្សា​​ការ​ពារ​របស់​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ ​​ដែល​បាន​​អនុ​ញ្ញាត​ឱ្យ​​គណៈ​កម្ម​ការ​ផ្សារ​ព្រែក​ព្នៅ​ ធ្វើ​របង​ខណ្ឌ​ដី​រវាង​ផ្សារ​រដ្ឋ​ជា​មួយ​ដីឡូត៍​​មួយ​កន្លែង​ដែល​​នៅ​ក្បែរ​នោះ ។ ​ពួក​គាត់​បាន​បន្ត​ទៀត​ថា ​ការ​ដែល​ពួក​គាត់​​ប្រមូ​ល​គ្នា​​ឡើង​មក​ឈរ​នៅ​មុខ​​សាលា​ឧទ្ធរណ៍​ ​នេះ​គឺ​ស្រប​​ពេល​​ដែល​ចៅ​ក្រម​នៃ​សាលា​ឧទ្ធរណ៍​​​​បើ​ក​សវនា​ការ​ចំពោះ​ដីកា​សម្រេច​​រក្សា​ការពារ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដោយ​យោង​​តាម​ពាក្យ​បណ្តឹង​ពី​ភាគី​​ម្ចាស់​ដីឡូត៍​​ដែល​បាន​ប្តឹង​មក​នោះ។

​​ទោះ​បី​ជា​យ៉ាង​ណា​ សវនា​ការ​របស់​សាលា​ឧទ្ធរណ៍​​ជុំ​វិញ​ដីកា​សម្រេច​​រក្សា​ការ​ពារ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ គឺ មិន​ទាន់​​ប្រកាស​ជា​លទ្ធ​ផល​ខាង​ណា​ឈ្នះ​ខាង​ណា​​ចាញ់​​នោះ​ឡើយ ដោយ​​លើក​ពេល​ប្រកាស​នៅ​ថ្ងៃ​ទី​៩ មីនា ខាង​មុខ​​នេះ​វិញ ។ គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ​២០១១ កម្លាំង​អាជ្ញា​ធរ​ខណ្ឌ​សែន​សុខ បាន​ចុះ​អនុ​វត្ត​ដីកា​សម្រេច​រក្សា​ការ​ពារ​របស់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ដោយ​អនុ​ញ្ញាត​ឱ្យ​​គណៈ​កម្ម​ការ​​ផ្សារ​ព្រែក​ព្នៅ ធ្វើ​របង​ថ្ម​ខណ្ឌ​ដី​ផ្សារ​​ និ​ងដី​ឯក​ជន ។ ​ពេល​នោះ​ម្ចាស់​​ដី​ឯក​ជន​បាន​ប្តឹង​តវ៉ាមក​សាលា​ឧទ្ធរណ៍​​ដើម្បី​​ប្រឆាំង​​នឹង​ការ​ធ្វើ​​របង​នេះ​។ ទោះ​បី​ជា​យ៉ាង​ណា​ អាជីវ​ករ​ផ្សារ​ព្រែក​ព្នៅ​បាន​អះ​អាង​ថា បើ​សាលា​ឧទ្ធរណ៍​កាត់​ក្តី​​ឱ្យ​រុះ​របង​នេះ​ចេញ ​ពួក​គាត់​មិន​អនុ​ញ្ញាត​ជា​ដាច់​ខាត ដោយ​ហ៊ាន​ចេញ​មុខ​​ប្រឆាំង​រហូត​អស់​ជីវិត​ថែម​ទៀត ៕