មូល​ហេតុ​ពិត​ដែលអ្នក​អត្ថាធិប្បាយ​កីឡា​ប៉ុស្តិ៍​លេខ​5 ចោល​សិល្បៈ​យក​កីឡា


រាជធានី​ភ្នំពេញ ៖ ខុស​ពី​អ្នក​អត្ថា​ផ្នែក​ប្រដាល់​ផ្សេង​ទៀត ដែល​បន្ត​បោះបង់​ការងារ​មួយ​នេះ ហើយរ​ត់ទៅ​រក​ការងារ​សិល្បៈ ឬ​ការងារ​ផ្សេង ព្រោះ​មានឱកាស​រក​ចំណូល​ច្រើន​ជាង លោក​អូ​ឡា​ឡា អ្នក​អត្ថាធិប្បាយ​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ​៥ បែរជា​ប្រកាស​លាឈប់​ពី​ការងារ​ប្រាក់​ចំណូល​ខ្ទង់ពាន់ និង​ការងារ​ជា​ពិធីករ​សិល្បៈ ទៅ​ប្រឡូក​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​នៅ​ប៉ុស្តិ៍​លេខ​៥​ផ្ដាច់មុខ​ទៅ​វិញ ។

លោក​ត្រូវ​គេ​ដឹង​ថា មិន​ត្រឹមតែ​ចោល​តំណែង​ឌី​ជេ និង​ពិធីករ​សិល្បៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការងារ​ជា​អ្នកគ្រប់​គ្រង​ហាង​ស្រា​ធំ​មួយ ដែល​ជួយ​ឱ្យ​លោក​មាន​ប្រាក់ខែ​ខ្ពស់ និង​មាន​តំណែង​រឹង​មាំ ក៏​លោក​ចោល​មិន​ស្ដាយ​នោះ​ដែរ​។

យោង​តាម​ប្រវត្តិ លោក អូ​ឡា​ឡា ដែល​មានឈ្មោះ​កំណើត​ថា សម្បត្តិ រ​ដ្ឋា បាន​ប្រឡូក​ការងារ​សិល្បៈ​ក្នុង​តំណែង​ជា​ឌី​ជេ ជា​ពិធីករ និង​ជា​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​មួយ​ចំនួន​ច្រើន​ឆ្នាំ​មក​ហើយ តែ​លោក​បែរជា​គ្មាន​ឱកាស​មាន​គេ​ស្គាល់​ច្រើន ដោយ​បែរជា​មាន​គេ​ស្គាល់​ច្រើន​ទៅ​វិញ​ក្នុង​ពេល​ក្លាយ​ខ្លួន​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​នៅ​ប៉ុស្តិ៍​លេខ​៥​នា​ពេល​ចុង​ក្រោយ ។

លោក​ទើបតែ​ត្រូវ​គេ​ដឹង​ថា​ បាន​តំណែង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​ជា​ប្រធាន​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន​នាំ​ចូល​ស្រា​ល្បី​មួយ ប៉ុន្តែ​ដោយសារ​ចង់​កាន់​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​ប្រដាល់ និង​ចង់​រៀន​ជំនាញ​រៀបចំ​ការ​ប្រដាល់ លោក​ក៏​បែរ​ឈប់​ការងារ​ទាំងអស់ ហើយ​ចូល​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​លេខ​៥​ផ្ដាច់មុខ ។ ការ​បង្ហាញខ្លួនរបស់​លោក ស្រប​ពេល​ដែល​អ្នក​អត្ថាធិប្បាយ​កីឡា​ជំនាញ​ៗ​មួយ​ចំនួន​បាត់​មុខ​ក្នុង​វិស័យ​មួយ​នេះ ។ កន្លង​មក លោក​ត្រូវ​គេ​ឃើញ​បង្ហាញខ្លួន​ញឹកញាប់​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ក្រៅ​ឆាក និង​ក្នុង​សកម្ម​ភាព​ពិធីករ​នានា ដែល​សុទ្ធតែ​ជា​ការងារ​ទទួល​បាន​ចំណូល​ច្រើន​បើ​ធៀប​នឹង​ការងារ​ចុង ក្រោយ ។

លោក​ថា ខ្លួន​ជំនាញ​ឌី​ជេ​ចាក់​ឌី​សប្រហែលជា​ត្រូវ​ភ្លេច​ហើយ បន្ទាប់​ពី​វក់​តែ​ការ​អត្ថាធិប្បាយ​ប្រដាល់ និង​ជួយ​រៀបចំ​ការ​ប្រដាល់​នៅ​ក្នុង​ពេល​នេះ ។ លោក​កាន់តែ​មាន​ទីផ្សារ​ក្នុង​សកម្មភាព​ឃោសនា​ផលិតផល មិន​ថា​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ក្នុង​ខេត្ត និង​នៅ​ភ្នំពេញ ស្ទើរតែ​ធ្វើ​អោយ​ជំនាញ​កីឡា​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ ។

លោក​ថា អាជីព​មួយ​ចំនួន​ដូច​ជា​ជំនាញ​ឌី​ជេ និង​ជំនាញ​សិល្បៈ បាន​ធ្វើ​អោយ​លោក​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ការងារ​កន្លង​មក​របស់​លោក បាន​ធ្វើ​អោយ​លោក​មានឈ្មោះ​បោះ​សំឡេង និង​មាន​ទំនាក់ទំនង​កាន់តែ​ច្រើន​ជាមួយ​ម្ចាស់​ក្រុមហ៊ុន និង​តារា​សិល្បៈ ។ ប៉ុន្តែ​លោក​នៅ​តែ​បោះបង់ ដោយ​សូ​ម្បី​តែ​ការងារ​ជា​អ្នក​ទីផ្សារ និង​ជា​អ្នក​ផលិតកម្ម​វិធី​សិល្បៈ​កន្លង​មក ក៏​លោក​ចេញ​មិន​ស្ដាយ ។ លោក​គឺជា​បងប្រុស​របស់​អ្នក​នាង ពេជ្រ ខេន​ឌី តារា​សម្ដែង តែ​លោក​នៅ​តែ​មិន​ចង់​បន្ត​អាជីព​ពាក់ព័ន្ធ​នឹង​សិល្បៈ ក្រោយ​ចូល​ធ្វើការ​នៅ​ប៉ុស្តិ៍​លេខ​៥​។

ឌី​ជេ​អូ​ឡា​ឡា នៅ​តែ​អះអាង​ថា ក្នុង​ចំណោមការងារ​ទាំងអស់​ដែល​លោក​មាន​ជំនាញ អាជីព អត្ថាធិប្បាយ​កីឡា​គឺជា​រឿង​ងាយស្រួល​ជាងគេ ដោយសារ​តែ​លោក​គឺជា​បុគ្គល​ដែល​មាន​ចំណូលចិត្ត​លេង​កីឡា​តាំងពី​ក្មេង ហើយ​បើ​និយាយ​ពី​ចំណេះដឹង​ផ្នែក​កីឡា គឺ​លោក​មាន​ចំណូលចិត្ត​ស្វែង​យល់​ច្រើន​ជា​ស្រេច​មុន​ពេល​កាន់​ក្បាល​មេក្រូ​។ ជាក់ស្ដែង សម្រាប់​ការ​អត្ថាធិប្បាយ​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥ គឺ​លោក​យល់​ដឹង​ពី​បច្ចេកទេស និង​របៀប​អត្ថាធិប្បាយ​មិន​អោយ​ដូច​គ្នា​នឹង​ស្ទីល​ពិធីករ​កម្មវិធី​សិល្បៈ​នោះ​ទេ ទើប​លោក​អាច​ឈរជើង​ជាប់​នៅ​ប៉ុស្តិ៍​លេខ​៥ ។

លោក​ក៏​តែង​ស្វែង​យល់​ពី​ប្រវត្តិ និង​ស្នាដៃ​របស់​កីឡាករ​នីមួយ​ៗ​ដែល​បាន​ឡើង​ប្រកួត​នោះ​ផង ទើប​រាល់ពេល​អត្ថាធិប្បាយ​ប្រដាល់ គឺ​លោក​ថ្នឹក​មាត់​មិន​ចាំបាច់​ទន្ទេញ ឬ​មានការ​បញ្ជា​ពី​អ្នក​រៀបចំ​កម្មវិធី ។ លោក​អះអាង​ថា អ្នក​អត្ថាធិប្បាយ​ប្រដាល់ ការ​និយាយ​កាត់​គេ​កាត់​ឯង ហើយ​និយាយ​អោយ​ច្រើន​ដោយ​មិន​ខ្វល់​ពី​អ្នក​ជុំវិញ​ខ្លួន អ្នកខ្លះ​ថា​លេចធ្លោ ប៉ុន្តែ​តាម​ពិត​បាន​ត្រឹមតែ​រង​ការ​រិះគន់​ថា​កម្មវិធី​នោះ​មិនសូវ​ទាក់ចិត្ត​នៅ​ពេល​អត្ថាធិប្បាយ​ប៉ុណ្ណោះ ។ លោក​ប្រកាស​មិន​ដើរ​ចេញពី​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥​នោះ​ទេ ដោយសារ​តែ​នោះ​គឺជា​ជំនាញ​ត្រូវចិត្ត ដោយ​មាន​តែ​ចាប់​ឱ្យ​ជាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ