ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​គុន​ខ្មែរ​ តើកីឡាករ​កម្ពុជា​អាច​ស្ដារ​មុខ​មាត់​​វិញ​​ឬ​អត់?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ស​ប្ដា​ហ៍​ទី​១​ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​គុន​ខ្មែរ កីឡាករ​កម្ពុជា​ចំនួន​២​រូប​គឺ​អេ​លី​ត សាន់ មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ និង​កីឡាករ​ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី សុទ្ធតែ​ចាញ់​ក្រោម​កណ្ដាប់ដៃ​កីឡា​ករ​ថៃ…

រាជធានី​ភ្នំពេញ ៖ កាលពី​ស​ប្ដា​ហ៍​ទី​១​ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​គុន​ខ្មែរ កីឡាករ​កម្ពុជា​ចំនួន​២​រូប​គឺ​អេ​លី​ត សាន់ មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ និង​កីឡាករ​ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី សុទ្ធតែ​ចាញ់​ក្រោម​កណ្ដាប់ដៃ​កីឡា​ករ​ថៃ ។

ដោយឡែក​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ទី​២៩ មិថុនា ​នេះ តើ​កីឡាករ​កម្ពុជា សេន កុសល មក​ពី​ក្លិប​មោង​ឬ​ស្សី​គុន​ខ្មែរ​​ខេត្តបាត់​ដំបង និង​ម៉ឺន មេ​ឃា មក​ពី​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាច​ស្ដារ​មុខមាត់​កីឡាករ​កម្ពុជា​បាន​វិញ​ឬ​អត់ សេន កុសល ជា​កីឡាករ​ជើង​ចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ ។

មិនតែប៉ុណ្ណោះ​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ​គឺ​មាន​រហូត​ដល់​ទៅ​៦១​ដង ឈ្នះ​៣៩​ដង ស្មើ​៥​ដង ចាញ់​១៧​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១០​ដង ។ ចំណែក​កីឡាករ​ថៃ​ភិត​ដាំ ស៊ី​ត​ចា​ថង ដែល​ជា​គូប្រកួត​របស់​គេ​វិញ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​រហូត​ដល់​ទៅ​៩៣​ដង ឈ្នះ​៦៦​ដង​ស្មើ​៥​ដង ចាញ់​២២​ដង ។ តាម​រយៈ​ប្រវត្តិ​ប្រកួត កីឡាករ​សេន កុសល ប្រហែលជា​យ៉ាប់​បន្តិច​ហើយ មិនតែប៉ុណ្ណោះ​ភាគរយ​នៃ​ការ​យកឈ្នះ​កីឡាករ​ថៃ​មាន​តិច​បំផុត​។

ម៉ឺន មេ​ឃា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ យ៉​ត​និយម ភុំ​ផា​ន់​មួ​ង ក៏​ពិបាក​សង្ឃឹម​ណាស់​ដែរ​ដោយ​សារ​ប្រវត្តិ​ប្រកួត​ខុស​គ្នា​ឆ្ងាយ​ពេក ។ ម៉ឺន មេ​ឃា គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយ​រូប​ដែល​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​តិចតួច​បំផុត ដោយ​ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៣៨​ដង ឈ្នះ​៣៤​ដង ចាញ់​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង​។​ចំណែក​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​៧៧​ដង ឈ្នះ​៦០​ដង ចាញ់​១២​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង​។

រីឯ​គូប្រកួត​មិត្តភាព​វិញ​មាន នី សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ ភី​ត​ឧ​ប៊ុ​ន សស៊ី​ត​ឆ​សេ​ប៊ុ​ន​ថាំ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ខណៈ​អេ​លី​ត កែវ​ឡុ​ង មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ ប្រកួត​ជាមួយ ពុទ្ធ ម៉ា​ណូ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ