NOCC​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រួសរាន់​ចុះ​ឈ្មោះ​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​-​ចក្រភព​ខ្មែរ


រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​-​ចក្រភព​ខ្មែរ​លើក​ទី​៦​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​៤ ខែសីហា ខាង​មុខ​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ចុះ​ឈ្មោះ​ឱ្យ​បាន​រួសរាន់​ឡើង ខណៈ​ពេល​នេះ​ភ្ញៀវ​បរទេស​មក​ចុះ​ឈ្មោះ​រត់​កើន​ឡើង​ជិត​២០០០​នាក់​ហើយ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេស​ចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​មិថុនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​បន្ត​ថា ទិវា​រត់ប្រណាំង​ចម្ងាយ​៤២​គីឡូម៉ែត្រ​នេះ ជា​គោលដៅ​របស់​ក្រសួងទេសចរណ៍ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​រដូវ​កាល​ធ្លាក់​ភ្លៀង ដែល​ចំនួន​ភ្ញៀវ​មានការ​ធ្លាក់​ចុះ ។

លោក​រំពឹង​ថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ប្រចាំឆ្នាំ​មួយ​នេះ​នឹង​រួមចំណែក​បាន​ច្រើន ជាមួយ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​រួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ខេត្តសៀមរាប​ផង​ដែរ ។ លោក​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ មាន​អ្នក​មក​ចុះ​ឈ្មោះ​សរុប​ជិត​២០០០​នាក់​ហើយ ភាគច្រើន​ជា​ជនបរទេស​មក​ពី​ប្រមាណ​៣៨​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​ភាគច្រើន​ជា​ភ្ញៀវ​ចិន ភ្ញៀវ​អឺរ៉ុប​មិនសូវ​មាន​នោះ​ទេ ។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​មិនសូវ​មាន​នោះ​ទេ ព្រោះ​អី​ភ្ញៀវ​ខ្មែរ​ច្រើន​មាន​ទម្លាប់​មួយ​ទាល់តែ​ជិត​ដល់​ថ្ងៃ​រត់​ទើប​មក​ចុះ​ឈ្មោះ ។

ហេតុ ដូច្នេះ​ហើយ​ទើប​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អំពាវនាវ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​សូម រួសរាន់​មក​ចុះ​ឈ្មោះ​ឱ្យ​បាន​លឿន​ដើម្បី​ងាយ ស្រួល​ដល់​គណៈកម្មការ​ក្នុង​ការ​រៀបចំ ។ ចំពោះ​តម្លៃ​នៃ​ការ​ចុះ​ឈ្មោះ​វិញ​នោះ រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​ខ្មែរ​២០​ដុល្លារ ឯ​ភ្ញៀវ​បរទេស​៦៥​ដុល្លារ​, រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​ខ្មែរ​១៥​ដុល្លារ ភ្ញៀវ​បរទេស​៥៥​ដុល្លារ​, រត់​ចម្ងាយ​១០​គីឡូម៉ែត្រ ខ្មែរ​១២​ដុល្លារ ភ្ញៀវ​បរទេស​៥០​ដុល្លារ និង​រត់​កំសាន្ត​សប្បាយ​ចម្ងាយ​៣​គីឡូម៉ែត្រ ខ្មែរ​៥​ដុល្លារ ភ្ញៀវ​បរទេស​២០​ដុល្លារ​។ ចំណែក​ពេលវេលា​ឈប់​ទទួល​ការ​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ សីហា មុន​ថ្ងៃ​រត់​រយៈពេល​៣​ថ្ងៃ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ