លោកម៉ូហាម៉េដ អែលបារ៉ាដេ ប្រកាសកាលពីយប់ថ្ងៃទី៩ មីនា តាមទូរទស្សន៍ឯកជនមួយថា លោកមានបំណងឈរឈ្មោះសំរាប់ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបដែលត្រូវធ្វើនាឆ្នាំនេះ។
នេះជាលើកដំបូងហើយដែលលោកអែលបារ៉ាដេអាយុ៦៨ឆ្នាំ ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៥អះអាងជាសាធារណៈពីចេតនានេះរបស់លោក។ អតីតនាយករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរូបនោះថ្លែងទៅកាន់ទូរទស្សន៍ ONTV ថា ពេលចាប់ផ្តើមដំណាក់កាលចុះឈ្មោះបេក្ខជនប្រធានាធិបតីខ្ញុំមានបំណងឈរឈ្មោះដែរ។
មានវត្តមានក្នុងឱកាសនៃបាតុកម្មទាំងឡាយដែលនាំទៅដល់ការផ្តួលរំលំ លោកហូស្នីមូបារ៉ាក់ លោកអែល បារ៉ាដេ គូសបញ្ជាក់ថា លោកនឹងមិនបោះឆ្នោតគាំទ្រសំរាប់ការកែទម្រង់រដ្ឋធម្មនុញ្ញដែលត្រូវដាក់ឱ្យបោះប្រជាមតិនាថ្ងៃទី១៩ មីនា ឡើយ។ ខ្ញុំមិនបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មនោះហើយនឹងបោះឆ្នោត
ប្រឆាំង។ រដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវរំលាយហើយ។ វានឹងជាការប្រមាថមួយចំពោះបដិវត្តន៍ ប្រសិនបើយើងសាកល្បងជួសជុលរដ្ឋធម្មនុញ្ញនោះប្រើ។ លោកចង់បានរដ្ឋធម្មនុញ្ញថ្មីមួយ ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា។ ខ្ញុំនឹងស្នើដល់ក្រុមប្រឹក្សាយោធាឱ្យពន្យារពេល ឬលុបចោលការបោះប្រជាមតិនោះ ៕
ចែករំលែកព័តមាននេះ