ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ខ្មែរ-អុិស្លាម​ ចោទ​​បងប្អូន​ជា​ជីដូនមួយ​លួច​ធ្វើ​ប្លង់​​កម្មសិទ្ធិ​​យក​ដី​​គាត់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ ស្ត្រី​​ឈ្មោះ​លី ម៉ា​រី អាយុ​៥៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ខ្មែរ-ឥស្លាម និងជា​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់ រស់នៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង​ ៖ ស្ត្រី​​ឈ្មោះ​លី ម៉ា​រី អាយុ​៥៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ខ្មែរ-ឥស្លាម និងជា​ស្ត្រី​មេម៉ាយ​ក្រីក្រ​
ម្នាក់ រស់នៅ​ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ដោយ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជាង​២០០​នាក់ផង កាលពីព្រឹក​ថ្ងៃ​ទី២៦ មិថុនា​ បាន​អំពាវនាវ​ស្នើ​សុំ​ដល់​​លោក​​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សម្ដេច​​​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​ផ្ដល់​យុត្តិធម៌ជូន​គាត់ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ-ឥស្លាម​ជា​អ្នកមាន១ គ្រួសារ​នៅ​ជាប់​ព្រំផ្ទះ​គ្នា និង​ត្រូវជា​បងប្អូន​ជីដូនមួយ​​គ្នាផង បាន​លួច​ធ្វើ​ប្លង់​ដី​លំនៅឋាន​យក​ធ្វើ​កម្មសិទ្ធិ​រំលោភ​យក​ដី​របស់​គាត់ ​ដែល​បាន​កាន់កាប់​គ្រប់គ្រង និង​រស់នៅ​តាំងពី​ឆ្នាំ 1979 រហូត​មក​។

ទាក់​ទង​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ស្ត្រី​រង​គ្រោះជា​ចុង​ចម្លើយ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ក្រោយ​ឆ្នាំ 1979 គាត់​ចំនួន​៣​គ្រួសារបាន​មក​រស់នៅ​លើ​ដី​នេះ​ដែល​មានទំហំ​ទទឹង5​ម៉ែត្រ បណ្តោយ25​ម៉ែត្រ ​ស្រាប់តែ​នៅ​ឆ្នាំ 1992 ឈ្មោះលី ហាំ​ម៉ាត់ ជាដើមបណ្តឹង ដែល​រស់នៅ​ជាប់​នឹង​ព្រំ​ដី​របស់​គាត់ បាន​លួច​វាស់ដី​ធ្វើ​ប្លង់​ដី កម្មសិទ្ធិ ហើយ​បាន​ប្ដឹង​គាត់​នៅ​តុលាការ​សាលាដំបូង​ខេត្ត រហូត​ដល់​តុលាការ​កំពូល ដោយ​តុលាការ​កាត់​អោយ​គាត់ លី ម៉ា​រី ចាញ់ក្តី​ និង​ឲ្យ​រើរុះ​ផ្ទះ​ចេញពី​លំនៅ​ឋាន​ពី​ដី​របស់​គាត់ ដើម្បី​ប្រគល់​ដី​គាត់​អោយឈ្មោះ លី ហាំ​ម៉ាត់ យ៉ាង​អ​យុ​ត្តិ​ធ​ម៍ ។

​ជាមួយ​គ្នា​នេះ លោក យូ សុះ ជា​ហា​គឹ​ម​ទួន​រង នៃ ព្រះ​វិហារ​ឥ​ស្លា​ម​ភូមិ​ច្រក​រមៀត ដែល​នៅ​ជាប់​នឹង​ដី​លំ នៅ​ដ្ឋា​ន​របស់​គាត់​ខាងលើ​នេះ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ តាំងពី​ដើម​រៀង​មក​គឺ​គាត់ និង​ប្រជាពលរដ្ឋ​ឥ​ស្លា ម សុទ្ធតែ​បានដឹង​ឮ​ថា ឈ្មោះ លី ម៉ា​រី នេះ​ពិតជា​បាន​សង់ផ្ទះ​រស់នៅ​លើ​ដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩​រហូត​មក ពុំដែល​មាន​ទំនាស់​អ្វី​ឡើយ ។​

លោក​​​បញ្ជាក់​ថា កាល​លើក​មុន ខាង​សប្បុរសជន អា​មេ​រិ​ក គេ​ចង់​ពង្រីក​ផ្លូវ​ជុំវិញ ព្រះ​វិហារ ហើយ​ប៉ះ​ពាល់​ដល់​ដី​ឈ្មោះ លី ម៉ា​រី ប៉ុន្តែ​ក្រោយមក​សប្បុរសជន​បាន​ផ្អាក​វិញ គឺ​លោក​ជា​អ្នក​ប្រគល់​ផ្ទាល់ អោយ​ដី​នោះ ទៅ​ឈ្មោះ លី ម៉ា​រី វិញ ព្រោះ​ជា​ដី​ម្ចាស់​ដើម​គេ ។ ចំពោះ​ការ​ប្ដឹង​ទាមទារ​យក​ដី​របស់ ស្ត្រី​មេម៉ាយ​ឈ្មោះ លី ម៉ា​រី នេះ​ពី​សំណាក់​លោក លី ហាំ​ម៉ាត់ គឺ​ពិតជា​អយុត្តិធម៌​ខ្លាំង​ណាស់ ដោយសារ គេ​ជា​អ្នកមាន​លុយទើប​ឈ្នះក្តី​មួយ​នេះ ។

ដូច្នេះ ​ក្នុង​រឿង​ដ៏​អយុត្តិធម៌​ខាងលើ​នេះ ប្រជា​ពលរដ្ឋ អាជ្ញាធរ និង​ស្ត្រី​រង​គ្រោះ គោរព​ស្នើ​សុំ​ក្រុមប្រឹក្សា​អង្គចៅក្រម ក្រសួងយុត្តិធម៌ ពិសេស​សម្ត​ច​តេ​ជោ ហ៊ុន​សែន មេត្តា​ជួយ​សើរើ​ស្រាវជ្រាវ​សំណុំ​រៀង​នេះ​អោយ​ដល់​មូលដ្ឋាន និង​ស្នើ​សុំ​ជុំនុំ​ជំ​រះ​រឿង​ក្តី​នេះ​ឡើង​វិញ ដោយ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ជន​រង​គ្រោះ​ផង ។

ដោយឡែក ភាគី​ដើមបណ្តឹង លោក លី ហាំ​ម៉ាត់ វិញ​នៅ​ព្រឹក​ថ្ងៃ​ទី 26 ខែមិថុនា​នេះ បាន​បញ្ជាក់​ឲ្យ ក្រុ ម​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ៖ លោក​បាន​កាន់កាប់​ដី​នេះ​ទំហំ​ក្បាលដី 25 ម៉ែត្រ ចាប់ពី​ជើង​ដល់​ត្បូង ទល់ និង​វិហារ​ឥ​ស្លា​ម ដោយ​គ្មាន​នរណា​រស់​នៅទេ គឺ​តាំងពី​អំឡុង​ដើមឆ្នាំ 1979 នឹង​បាន​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ស្រប​ច្បាប់​នៅ​ក្នុង​ឆ្នាំ​1992​ទៀត​ផង ។

ចំពោះ ឈ្មោះ លី ម៉ា​រី ទើបតែ​មក​សង់ផ្ទះ រស់នៅ​លោក​ដី​កម្ម​សិទ្ធ​របស់​​គាត់​នេះ ក្នុង​អំឡុង​ឆ្នាំ 1996 តែ​ប៉ុណ្ណោះ ។ ហើយ​រឿង​នេះ​តុលាការ​គ្រប់​ថ្នាក់​បាន​កាត់​អោយ​លោក​ឈ្នះក្តី​ហើយ ដូចនេះ លោក​សំណូមពរ ដល់​អាជ្ញាធរ និង​តុលា ការ​ជួយ​ព​ន្លឿ​ន ការ​អនុវត្តន៍​សាលដីការ​តុលាការ​កំពូល ដើម្បី​យក​ដី​ទំនាស់​ខាងលើ​នេះ ជូន​គាត់​កាប់​កាន់​ដោយ​ស្របច្បាប់​វិញ​ផង ។

​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​នេះ យើង​មិន​អាច​ថា​៖ ខាង​ណា​ខុស ខាង​ណា​ត្រូវ​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិ​ច្រក​រមៀត ចំនួន265នាក់​បាន​ផ្ដិត​មេដៃ​គាំទ្រ ស្ត្រី​មេម៉ាយ លី ម៉ា​រី ជាមួយ​គ្នា​នេះអតីត​មេឃុំ និង​អនុ​​ភូមិ​ចាស់ ​បាន​ធ្វើ​លិខិតទទួលស្គាល់​ថា ស្ត្រី លី ម៉ា​រី ពិតជា​បាន​រស់នៅ​លើ​ដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩​មែន ៕ (សម្រួលដោយ៖ ស្រីណា​)