រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងបានជាប់ផុងជាប់នៅលើមហាវិថីសហព័ន្ធរ៉ុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា តាំងពីព្រឹករហូតដល់វេលាល្ងាចថ្ងៃទី២៦ ខែមិថុនានេះ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលចុះទៅស្ទួចយកមកទុកនៅអធិការដ្ឋានខណ្ឌឬស្សីកែវ តាមការណែនាំរបស់លោកអភិបាលខណ្ឌ ។
សេចក្តីរាយការណ៍បានបន្តថា រថយន្តដែលជាប់ផុងនោះម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ៣C៤៣៨៣ បើកបរដោយឈ្មោះ ធី សំពូន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅភូមិល្ងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមអ្នកបើកបរបានអោយដឹងថា នៅវេលាទៀបភ្លឺរថយន្តនោះបានដឹកឈើសម្រាប់ធ្វើសំណង់យកមកដាក់កាដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ។ នៅពេលមកដល់នៅការដ្ឋានមានរថយន្តបាញ់បេតុងត្រៀបត្រាមិនអាចចូលការដ្ឋានបានក៏បានបើកទៅចតលើចិញ្ចើមផ្លូវនៅតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី រង់ចាំរហូតដល់ម៉ោងប្រមាណ៧ព្រឹក បានបើករថយន្តប្រុងចូលការដ្ឋានទម្លាក់ឈើ ស្រាប់តែជាប់ផុងទៅមុខលែងរួច ។
តាមអ្នកបើកបរបានបន្តទៀតថា បន្ទាប់ពីជាប់ផុងខ្លួនរករថយន្តស្ទួចមិនបានក៏បានរើឈើដឹកចេញទៅការដ្ឋានគិតអស់ទៅហើយ ស្រាប់តែនគរបាលមកឃាត់ ។ តាមព័ត៌មានអោយដឹងថា នៅវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាច លោកអធិការនគរបាលខណ្ឌសែនសុខក៏បានបញ្ជាអោយនគរបាលប៉ុស្តិ៍ និងនគរបាលចរាចរណ៍ចុះទៅឃាត់រថយន្តនោះហើយស្ទចយកមកទុកនៅអធិការដ្ឋានតាមការណែនាំរបស់លោកអភិបាលខណ្ឌ ។
គួរបញ្ជាក់រថយន្តជាប់ផុងនោះនៅលើចិញ្ចើមផ្លូវពុំបង្កអោយមានការកកស្ទះចរាចរណ៍នោះទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ