ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីសបុកម៉ូតូជាប់ក្រោមពោះ​អូសជិតមួយរយម៉ែត្ររបួសធ្ងន់បីនាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើល​​​​មួយ​នៅចំណុចភ្លើងស្តុបរោងភាពយន្តលុច្ស​កែង​មហាវិថីព្រះនរោត្តម និងផ្លូវលេខ១៥៤ ស្ថិត​ក្នុង​សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលា​ម៉ោង​១២និង១០នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៣ មីនា ខណៈ​ពេលរថយន្ត​ឡិច​ស៊ីស ស៊េរី RX300 ពណ៌ស្ករ ពាក់ស្លាកលេខ​ភ្នំពេញ 2H-3678 បានបុកម៉ូតូមួយគ្រឿង ​ជាប់​ក្រោម​រថយន្តអូសជិតមួយរយ​ម៉ែត្រ​បែក​ផ្កា​ភ្លើង​ពេញ​ថ្នល់ ទើប​ឈប់​នាំ​គ្នា​រត់​ចោល​រថយន្ត ។​

​ប្រភព​ពី​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក​សេ​១២៥ ពណ៌ខ្មៅ ជិះគ្នាបីនាក់ក្នុង​នោះមានស្រ្តី​ម្នាក់​ផង​​បើកតាមបណ្តោយផ្លូវលេខ១៥៤ ឆ្ពោះទៅ​ទិសខាងលិច លុះដល់កែងមហាវិថីព្រះនរោត្តម ម្តុំ​ភ្លើងស្តុបរោងភាពយន្តលុច្ស ក៏បត់ឆ្វេង ។ ស្របពេល​នោះ​រថយន្តម៉ាកឡិចស៊ីសស៊េរី RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-3678 ដែល​កំពុង​បើក​​​បរ​លើកំណាត់មហាវិថីព្រះ​នរោត្តម​ទៅទិសខាង​ត្បូង​ក្នុងល្បឿនលឿន មក​ដល់ភ្លើងស្តុបរោង​ភាពយន្តលុច្សបើកវ៉ារថយន្ត​មួយ​ទៀត ​ក៏ជ្រុលបុកម៉ូតូ​ពេញទំហឹងបណ្តាលឱ្យ​អ្នកជិះម៉ូតូប៉ើងទាំងបីនាក់ ​ចេញ​ពី​ម៉ូតូ​ដេក​ដួ​ល​រដូក​រណែល​​លើថ្នល់ ខ្លះបាក់ដៃ ខ្លះ​បាក់​ជើង ។ រីឯ​រថយន្ត​ខំ​ព្យាយាមបើករត់ទាំងជាប់​ម៉ូតូ​ពី​​ក្រោម​ពោះ​​​បែកផ្កាភ្លើងពេញថ្នល់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល លុះដល់មុខអង្គភាពប្រឆាំង​អំពើ​ពុក​រលួយ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌ​ដូនពេញ ទើប​ឈប់រថយន្តនាំគ្នារត់គេចខ្លួន​បាត់​អស់​។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣​បាន​ឱ្យ​ដឹងថា ភាគីម៉ូតូមានគ្នាបីនាក់ ក្នុងនោះ​មាន​ស្រ្តី​មា្នក់ផង​ ពួកគេសុទ្ធតែ​​រង​របួសធ្ងន់​អ្នក​ខ្លះ​បាក់​ដៃ អ្នកខ្លះបាក់ជើង រីឯម៉ូតូខូចខាតស្ទើរ​ទាំង​ស្រុង។ ចំណែករថយន្ត​ផ្ទុះពោងការពារទាំង​ពីរ និង​ខូចរថយន្តផ្នែកខាងមុខ។ ជនរង​គ្រោះបី​​នាក់ ក្នុង​នោះមានស្រ្តីម្នាក់កំពុងព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​កាល់ម៉ែត ៕