ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​កំពុង​ជួសជុល​បង្កាន់ដៃ​នាគ​ខ្លោងទ្វារ​ចូល​ប្រាសាទអង្គរធំ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ចូល​ប្រាសាទអង្គរធំ កំពុង​ដំណើរការ​បើក​ការដ្ឋាន​ជួសជុល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​ទទួល​បាន​អនុសាសន៍​សម្រេច​ពី​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​។ មាន​ប្រសាសន៍​ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល លោក…

ខេត្តសៀមរាប ៖ បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ចូល​ប្រាសាទអង្គរធំ កំពុង​ដំណើរការ​បើក​ការដ្ឋាន​ជួសជុល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​ទទួល​បាន​អនុសាសន៍​សម្រេច​ពី​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​។

មាន​ប្រសាសន៍​ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ជួសជុល លោក គឹ​ម សុ​ធិ​ន អគ្គនាយករង ទទួល​បន្ទុក នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បានឱ្យ​ដឹង​ថា កន្លែង​សំខាន់​ដែល​ត្រូវ​ជួសជុល​មាន​រូប​ទេវតា​៥​អង្គ និង​រូប​យក្ស​កាន់​ក្បាល​នាគ​នៅ​ផ្នែក​ខាង​មុខ​ដែល​ផ្អៀង គ្រឹះ​ស្រុត​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី ទើប​តម្រូវ​ឱ្យ​មានការ​ជួសជុល ព្រោះ​មាន​ហានិភ័យ​ខ្ពស់​។ ដើម្បី​ចៀសវាង​ការ​ដួល​រលំ អ្នកជំនាញ​ត្រូវ​រើ​ពង្រឹង​គ្រឹះ និង​រៀប​រូប​ឱ្យ​រឹង​មាំ មាន​ជំហរ​ត្រង់​ឡើង​វិញ​។ ម្យ៉ាងទៀត ក្បាល​នាគ​នេះ​ធ្លាប់​ដួល​រួច​ម្តង​ហើយ ព្រោះ​វា​ខុស​ពី​ជំនាន់​បារាំង​។ គម្រោង​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ ចំណាយ​ថវិការ​របស់​មូលនិធិ​អភិរក្ស​អង្គរ ជួសជុល​ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​។

លោក ឃា​ម មុនី ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យ​ដឹង​ថា បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ​និង​ទេវតា​នៅ​ក្លោ​ង​ទ្វារ​ដី​ឆ្នាំង​មាន​ប្រវែង​១១២​ម៉ែត្រ រង​ការ​ខូចខាត ដោយសារ​កត្តា​មនុស្ស ភាព​ជាប់​មាំ​របស់​សម្ភារៈ​ហួស​កាលកំណត់ អាយុកាល​នៃ​ថ្ម អាកាសធាតុ និង​រុក្ខជាតិ​ជាដើម​។ ម្យ៉ាងទៀត បើ​តាម​រយៈ​រូបភាព​ថត​មុន​ឆ្នាំ​១៩៣៩ ចម្លាក់​ទាំងនេះ​គឺ​ដួល​ទាំងអស់ គ្មាន​រូបរាង​ជា​ជួរ​អ្វី​ឡើយ ហើយ​ត្រូវ​បាន​បារាំង​ជួសជុល​រួចរាល់​នៅ​ឆ្នាំ​១៩៤៤​។

បន្ថែម​ពី​នោះ លោក​ប្រធាន​គម្រោង​រូប​នេះ ក៏​បានឱ្យ​ដឹង​ពី​មូលហេតុ​សំខាន់​ដែល​ត្រូវ​ជួសជុល​អសុរ ព្រោះ​ចម្លាក់​នេះ​ទ្រេត ហើយ​ក្បាល​នាគ​បាន​ធ្លាក់​អស់​។ ចំណែក​ទេវតា​៥​អង្គ គឺ​ប្រឈម​ខ្លាំង​នឹង​ការ​រលំ​ដួល រីឯ​ស៊ីម៉ង់​តិ៍​ដែល​ជា​បាយអរ​ក៏​របេះ​ចេញពី​សំណង់​ពុក​ផុយ​អស់​សុពលភាព​។ ដូច្នេះ​ក្រុមការងារ​នឹង​រៀបចំ​ជួស​ជុល​សារ​ឡើង​វិញ ព្រមទាំង​រៀប​ប្រព័ន្ធ​បង្ហូរទឹក កុំឱ្យ​វា​ដក់​ឬ​ហូរ​ច្រោះ​ដី និង​ស្វែងរក​ថ្ម​ចាស់​មក​បំពេញ​កន្លែង​បាត់បង់​ឱ្យ​ត្រឹមត្រូវ​តាម​លំនាំ​ដើម ដូច​សម័យ​បារាំង​បាន​ជួសជុល​រួច​នា​ឆ្នាំ​១៩៤៤៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ