ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ជន​រង​គ្រោះ​២​នាក់​ដែល​រុករក​ឃើញ​ក្រោយ​គេ បាន​ដឹក​មក​ដល់​ស្រុក​កំណើត​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពេល​ក្រុម​ជួយ​សង្គ្រោះ​ព្យាយាម​រុករក​ក្នុង​គំនរ​អគារ​៧​ជាន់​ដែល​បាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ក្រោយ​គេ​ចំនួន​២​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា ត្រូវ​បាន​ក្រុមការងារ​ដឹក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​មក​ដល់​លំនៅ​ដ្ឋា​ន​ហើយ​កាលពី​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ទ័ព​ត្បែង​ឃុំ​ពង្រ…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពេល​ក្រុម​ជួយ​សង្គ្រោះ​ព្យាយាម​រុករក​ក្នុង​គំនរ​អគារ​៧​ជាន់​ដែល​បាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ក្រោយ​គេ​ចំនួន​២​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមិថុនា ត្រូវ​បាន​ក្រុមការងារ​ដឹក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​មក​ដល់​លំនៅ​ដ្ឋា​ន​ហើយ​កាលពី​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ទ័ព​ត្បែង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​កំពុង​ទន្ទឹងរង់ចាំ​ទទួល​សព​យក​មក​ធ្វើបុណ្យ​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ប៊ុ​ន ម៉ៅ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ៅ ចិន អាយុ​៥០ ឆ្នាំ មានកូន​៣​នាក់ ក្នុង​បន្ទុក ។ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ គឹ​ម សុខ​ហៀ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​គៀង ហៀ​ង អាយុ​២៩​ឆ្នាំ កំពុង​មាន​ផ្ទៃពោះ​៨​ខែ និង​មានកូន​ម្នាក់ អាយុ​៦​ឆ្នាំ ។ ក្រុម​គ្រួសារ​នៃ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ​ដែរ គេ​សង្កេត​ឃើញ លោក ប៊ុ​ន ចាន់​វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​របស់​លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ រួម​និង​អភិបាលស្រុក ប្រធាន​ក្រុមប្រឹក្សា ស្រុក​រលាប្អៀរ លោក​មេឃុំ និង​មន្ត្រីរាជការ​ក៏​បាន​ចុះ​សាកសួរ​សុខទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ លោក​ប៊ុ​ន ចាន់​វណ្ណៈ ក៍បាន​ប្រគល់​ជូន​ថវិការ​របស់​លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ចំនួន​១​លាន​រៀល សម្រាប់​ចាត់ចែង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី ។

ក្នុង​ឱកាស​នោះដែរ​ ស្ត្រីឈ្មោះ គឹ​ម សុខ​ហៀ​ង ត្រូវជា​បងស្រី​របស់​ក្រុម​គ្រួសារ​នៃ​សព​ជន​រង​គ្រោះ​​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ ដែល​បាន​រុករក​រហូត​ឃើញ​សព​ជន​រង​គ្រោះ ដែល​ត្រូវជា​ប្តី ជា​ឪពុក និង​ដឹក​យក​មក​ដល់​លំនៅ​ដ្ឋា​ន​ប្រគល់​ជូន​ក្រុម​គ្រ​សារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជាមួយ​គ្នា​នេះ ក៍​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រិ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ និង​ផ្តល់​ថវិកា​ដល់​ជន​រង​គ្រោះ​ទាំងអស់ សូម​សម្តេច​ទាំង​ពីរ​ជួប​តែ​ពុ​ទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ​វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ