ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​ជាង​២​តោន​នឹង​​ដុត​កម្ទេច​​ចោល​នៅ​ព្រឹក​នេះ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​ចំនួន​ជាង​២​តោន​​នឹង​ដុត​​កម្ទេច​​ចោល​ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ ​នា​​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ​បានដឹង​ថា…

រាជធានី​ភ្នំពេញ ៖ គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​ចំនួន​ជាង​២​តោន​​នឹង​ដុត​​កម្ទេច​​ចោល​ក្នុង​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ ​នា​​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ​បានដឹង​ថា គ្រឿងញៀន​ជាង​២​តោន ដែល​ត្រូវ​ដុត​កម្ទេច​​ចោលនោះ រួម​មាន​ប្រភេទ​ហេ​រ៉ូ​អុីន​, មេ​តំ​ហ្វេ​តា​មីន​, អំ​ហ្វេ​តា​មីន​, អុច​ស្តា​ស៊ី​, កេ​តា​មីន​, នី​មេតា​ហ្សី​ប៉ា​ម​, ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន (​ថ្នាំ​គ្រាប់​) និង​ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន (​ម្សៅ​ម៉ត់​)​។

ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ព្រឹក​នេះ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​។

គួ​រំលឹក​ថា ជា​រៀង​រាល់​ឆ្នាំ អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បាន​កំណត់​យក​ថ្ងៃ​ទី​២៦ ខែមិថុនា ជា​ថ្ងៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដោយ​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​រៀបចំ​ទិវា​នេះ​ទៅ​តាម​ប្រធាន​បទ​រៀង​ៗ​ខ្លួន ស្រប​តាម​បរិបទ​នៃ​ការ​គំរាមកំហែង ដោយ​បញ្ហា​គ្រឿងញៀន​។

«​ទិវា​ប្រឆាំង​គ្រឿងញៀន​នេះ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​ពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន ដែល​បង្ក​គ្រោះថ្នាក់ និង​ហានិភ័យ​ដល់​សុខភាព សន្តិសុខ សណ្តាប់ធ្នាប់ នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​ខ្លួន​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​នៅ​ឆ្នាំ​២០១៧ និង​២០១៨ រាជរដ្ឋាភិ​បាល​កម្ពុជា បាន​ដុត​កម្ទេច​ចោល​គ្រឿងញៀន និង​កញ្ឆា​ជាង​៦០០​គីឡូក្រាម​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ