ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ចុះ MOU ជួយ​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ​សាធារណៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ​លើ​ការ​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​គម្រោង​«​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅ​ថា PES System» ក្រោម​គម្រោង Korea-Cambodia…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ​លើ​ការ​ដាក់​ឱ្យ​ដំណើរការ​អនុវត្ត​គម្រោង​«​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅ​ថា PES System» ក្រោម​គម្រោង Korea-Cambodia WorkNet ដំណាក់កាល​ទី​២ (២០១៩-២០២០) ។ មុន​ពិធី​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៤ មិថុនា​នេះ​នៅ​ទីស្តីការក្រសួង​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក យ៉ា​ន ស៊ុ​ង​ជុន (Yang Seung-jun) ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អភិវឌ្ឍ​នៃ​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ​ដោយ​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា នា​ពេល​កន្លង​មក​កម្ពុជា​-​កូរ៉េ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា និង​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ដោយ​ភាគី​កូរ៉េ​បាន​ទទួល​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​ទីនោះ​ជា​បន្តបន្ទាប់​រហូត​ដល់​ពេល​បច្ចុប្បន្ន​ចំនួន​ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​សាធារណរដ្ឋ​កូរ៉េ បាន​កើន​ដល់​ប្រមាណ​ជិត​៦​ម៉ឺន​នាក់ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា តាម​រយៈ​ការ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​របស់​ពលករ​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​កន្លង​មក លោក​សង្កេត​ឃើញ​ថា ពលករ​កម្ពុជា​នៅ​ទីនោះ​ពិតជា​បាន​រស់នៅ​យ៉ាង​សុខ​សប្បាយ​មានការ​គិតគូរ​យ៉ាង​ត្រឹមត្រូវ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ថែម​ទៀត​ដែល​ជួយ​ជំរុញ​ជីវភាព​រស់នៅ​របស់​ពួក​គេ និង​គ្រួសារ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

ពាក់ព័ន្ធ​នឹង​គម្រោង «​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅ​ថា PES System» នេះ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង និង​បាន​ស្នើ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ទាំង​ពីរ​ភាគី​ខិតខំ​ធ្វើ​ការងារ​ឱ្យ​បាន​ជិត​ស្និទ្ធ ដើម្បី​សម្រេច​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​ទាំង​ពីរ​កម្ពុជា -​សាធារណរដ្ឋ​កូរ៉េ ។ នា​ឱកាស​នោះ​លោក យ៉ាង ស៊ុ​ង​ជុន ក៏​បាន​កោតសរសើរ​សមត្ថភាព​ការងារ​របស់​ពលករ​កម្ពុជា​ដែល​តែងតែមាន​ភាព​ឧស្សាហ៍​ព្យាយាម ចេះ​អត់ធ្មត់​នឹង​ការងារ ព្រមទាំង​មាន​អត្ត​ចរិតល្អ​ចំពោះ​អ្នក​រួមការ​ងារ​ថែម​ទៀត ។ នេះ​ជា​មូលហេតុ​ដែល​កូរ៉េ​នៅ​តែ​បន្ត​ទទួល​ពលករ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ។

ពាក់ព័ន្ធ​នឹង​គម្រោងការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​នេះ​ដែរ លោក​យ៉ាង​បាន​បង្ហាញ​ក្ដី​រំពឹង​ទុក​ថា វា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ជា​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំង​ពីរ ។ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​នៃ​ក្រសួង​ការងារ​កូរ៉េ​រូប​នេះ​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​កម្ពុជា​បន្ត​ទៀត​ពិសេស គឺ​ការ​បន្ត​គម្រោង «​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ ឬ​ហៅ​ថា PES System» នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ។

ក្រោយ​បញ្ចប់​ការ​ចុះហត្ថលេខា​លោក​ហៃ ហ៊ុន​ឡេ​ង បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) មាន​គេហទំព័រ​ផ្ទាល់ខ្លួន​រួច​ទៅ​ហើយ​សម្រាប់​ផ្ដល់​សេវា​ការងារ​សាធារណៈ គឺ​ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ Internet ប៉ុន្តែ​សមត្ថភាព​នៃ​ការ​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​មាន​កម្រិត​នៅឡើយ ។ ដូច្នេះ​ហើយ​បានជា​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​សហការ​ជួយ​ផ្ដល់​នូវ​ការ​អភិវឌ្ឍ​គេហទំព័រ​ដល់ NEA ដែល​មាន​ស្រាប់​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ល្អ​ប្រសើរ​ជាង​មុន ។

ក្នុង​ន័យ​នេះ គឺ​ក្រុមការងារ​បច្ចេកទេស​ព័ត៌មានវិទ្យា (IT) នឹង​រៀបចំ​អភិវឌ្ឍន៍​ប្រព័ន្ធ​មូល​ទិន្នន័យ (Data Base) ដើម្បី​ប្រមូល​ព័ត៌មាន​របស់​អ្នក​ស្វែងរក​ការងារ​ធ្វើ​ព័ត៌មាន​របស់​និយោជក រោងចក្រ សហគ្រាស និង​គ្រប់​ប្រភព​ព័ត៌មាន​ការងារ ផ្ទុក​នៅ​ក្នុង​កន្លែង​មួយ​ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ហើយ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន ។ លោក ហៃ ហ៊ុន ឡេ​ង បាន​បន្ត​ទៀត​ថា អ្នក​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ​គ្រាន់តែ​ចូល​ទៅ​កាន់​គេហទំព័រ​របស់ NEA ។

សូម​ជម្រាប​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ហៃ ហ៊ុន​ឡេ​ង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ជាមួយ​លោក យ៉ាង ស៊ុ​ង​ជុន (Yang Seung-jun) ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អភិវឌ្ឍ​នៃ​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ ។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ