រាជធានីភ្នំពេញ ៖ គណៈកម្មការបានទូរស័ព្ទសួរទៅស្ត្រីនៅក្នុងរូបភាពដែលសង្ស័យថា ជាស្រីស្នេហ៍ចៅអធិការអង្គនោះទៀត ដើម្បីចង់ដឹងថា អ្នកទាំង២មានទំនាក់ទំនងស្នេហាជាមួយគ្នាឬអត់ ហើយស្ត្រីនោះក៏បដិសេធដែរថា នាងមិនមានស្នេហាជាមួយភិក្ខុសង្ឃអង្គនោះទេ ហើយរូបភាពបែកធ្លាយ គឺជារូបកាត់តប៉ុណ្ណោះ ដោយសារតែចម្លើយបដិសេធមិនអាចបន្តការប្រជុំទៀតបាន គណៈកម្មការចម្រុះក៏បានសម្រេចផ្អាកត្រឹមនោះ និងរង់ចាំការស្រាវជ្រាវបន្ត ។
មន្ត្រីសង្ឃនៃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីនៃមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងមន្ត្រីការិយាល័យធម្មការនិងសាសនាខណ្ឌ បានកោះប្រជុំបន្ទាន់មួយដើម្បីស្វែងរកការពិតនិងដោះស្រាយ បន្ទាប់ពីមានការបង្ហោះរូបភាពល្បែងស្នេហ៍លើគ្រែជាច្រើនសន្លឹកទាក់ទិននឹងភិក្ខុនាម វ៉ាន់ វន្នី ចៅអធិការវត្តពោធិ៍ចិនតុង ដែលបានបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។តាមរយៈរូបថតនេះ គឺពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ជាពិសេសធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តមានការខឹងសម្បា និងសម្ដែងការថ្កោលទោសយ៉ាងខ្លាំងផងដែរ ។
កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមិថុនា នៅសាលាអនុគុណខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមព្រះអធិបតីភាពព្រះធម្មបញ្ញាមុនី សែម សុភា ព្រះអនុគណស្ដីទីខណ្ឌពោធិ៍សែនជ័យ ។ និមន្តនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ព្រះធម្មធរខណ្ឌ ព្រះសមុហ៍ខណ្ឌ ប្រធានការិយាល័យកិច្ចការព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនៃមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ព្រមទាំងប្រធាន-អនុប្រធានការិយាល័យធម្មការនិងសាសនាខណ្ឌពោធិ៍សែនជ័យ ។
ដោយឡែក ចៅអធិការដែលកំពុងមានរឿងអាស្រូវផ្លូវភេទអង្គនោះ រួមជាមួយគណៈកម្មការអាចារ្យវត្ត
ក៏ត្រូវបាននិមន្តនិងអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំនាឱកាសនោះដែរ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ភិក្ខុនាម វ៉ាន វន្នី គឺជាចៅអធិការវត្តពោធិ៍សត្ថារាមហៅវត្តពោធិ៍ចិនតុ ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្កឲ្យពុទ្ធបរិស័ទចំណុំជើងវត្តខាងលើមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពជាច្រើនសន្លឹករបស់ភិក្ខុអង្គនោះកំពុងកៀកកើយជាមួយស្ត្រីម្នាក់នៅលើគ្រែយ៉ាងស្អិតរមួត ដូចជាប្ដីប្រពន្ធ និងត្រូវបានគេបង្ហោះយ៉ាងកក្រើកតាមបណ្ដាញសង្គមហ្វេសប៊ុក ។ នៅពេលឃើញរូបភាពនោះ ធ្វើឲ្យអ្នកស្គាល់ចៅអធិការអង្គនេះហួសចិត្តរកនិយាយមិនចេញបន្ទាប់ពីបុគ្គលជាស្រែបុណ្យដែលពួកគាត់តែងជឿជាក់ និងគោរពសក្ការៈបំផុត បែរជាប្រព្រឹត្តល្មើសជាន់ ពន្លិចព្រះពុទ្ធសាសនាបែបនេះ ។
ប្រភពដដែលបន្តថា ពុំមាននរណាបានដឹងថា ចៅអធិការវត្តអង្គនេះមានទំនាក់ទំនងស្នេហាជាមួយស្រីស្នេហ៍តាំងពីពេលណានោះទេ ប៉ុន្តែតាមរូបភាពបែកធ្លាយលើបណ្ដាញសង្គមហ្វេសប៊ុកនោះ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលរយៈពេល២ថ្ងៃមកហើយ គឺនៅថ្ងៃទី២៣ និងទី២៤ ខែមិថុនា ។ ប៉ុន្តែក៏មិនបានដឹងថា អ្នកទាំង២លេងល្បែងលើគ្រែជាមួយគ្នាប៉ុន្មានដងរួចមកហើយដែរ ប៉ុន្តែបើតាមរូបភាពដែលបង្ហោះនោះគឺមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ រហូតដេកកៀកកើយគ្នា ដោយស្រីស្នេហ៍ដេកកើយដៃចៅអធិការនៅក្នុងបន្ទប់ ដែលមើលទៅពិតជាមិនធម្មតា ។ តាមរយៈរូបភាពនេះដែរ ធ្វើឲ្យមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំង ដែលខ្លួនជាភិក្ខុសង្ឃមិនគួរណាប្រព្រឹត្តអំពើអសីលធម៌បែបនេះសោះ ។
ដោយឡែក ប្រភពមួយផ្សេងទៀតបានលួចបង្ហើបប្រាប់ថា ក្រោយពីទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលនេះ មន្ត្រីសង្ឃនៃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ រួមជាមួយមន្ត្រីនៃមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងមន្ត្រីការិយាល័យធម្មការនិងសាសនាខណ្ឌពោធិ៍សែនជ័យ បានបើកការប្រជុំបន្ទាន់មួយ ដើម្បីស្វែងរកការពិត ដោយបាននិមន្តចៅអធិការវត្តខាងលើចូលរួមធ្វើការបកស្រាយ ព្រមទាំងអញ្ជើញគណៈកម្មការអាចារ្យវត្តចូលរួមផងដែរ ។
ខណៈនោះគណៈកម្មការចម្រុះបានធ្វើការសួរដេញដោលជាច្រើនទៅកាន់ភិក្ខុ វ៉ាន វន្នី ដែលជាចៅអធិការវត្តពោធិ៍ចិនតុងនោះ ពីបញ្ហារឿងអាស្រូទាំងឡាយពាក់ព័ន្ធនឹងការបែកធ្លាយរូបភាពលើគ្រែជាមួយស្រីស្នេហ៍នេះ ។ ប្រភពដដែលនេះឲ្យដឹងទៀតថា ខណៈនោះភិក្ខុអង្គនេះបានធ្វើការបដិសេធយ៉ាងដាច់អហង្ការថា មិនបានប្រព្រឹត្តបែបនេះឡើយ គឺគ្មានទំនាក់ទំនងស្នេហាអ្វីទាំងអស់ ។ ចំណែករូបភាពនោះ ក៏មិនបានដឹងដែរ ព្រោះមិនមែនជារូបពិតឡើយ គឺជារូបភាពកាត់ត ដែលជនខិលខូចកាត់តក្នុងចេតនាបង្ខូចកិត្តិយសរបស់លោកប៉ុណ្ណោះ ។
ប៉ុន្តែមជ្ឈដ្ឋាននានានិយាយថា បើចង់ដឹងថា រូបភាពខាងលើជារូបពិត ឬកាត់តនោះ គួរឲ្យអ្នកជំនាញជួយពិនិត្យមើលទៅនឹងដឹងហើយ បើទោះចង់ប្រកែកក៏មិនបានដែរ ។
ចែករំលែកព័តមាននេះ