ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ទៅ​ផ្សារ​ជួបប្រុសស្រីមួយក្រុម​ប្រើ​ល្បិច​អស់ពី​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ប្រើ​ល្បិច​ទម្លាក់យោង​ដោះ​យក​គ្រឿងអលង្ការ លុយកាក់ និង​ទូរស័ព្ទ​អស់ពី​ខ្លួន បន្ទាប់​មក​ក្រុម​ជនសង្ស័យ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​មក​វិញ​ត្រឹមតែ​គ្រឿងអលង្ការ​កាឡៃ​កាន់​យក​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​តែ​ប៉ុណ្ណោះ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​ម្នាក់​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ប្រើ​ល្បិច​ទម្លាក់យោង​ដោះ​យក​គ្រឿងអលង្ការ លុយកាក់ និង​ទូរស័ព្ទ​អស់ពី​ខ្លួន បន្ទាប់​មក​ក្រុម​ជនសង្ស័យ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​មក​វិញ​ត្រឹមតែ​គ្រឿងអលង្ការ​កាឡៃ​កាន់​យក​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​តែ​ប៉ុណ្ណោះ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​មុន​ដំបូង​ស្ត្រី​រង​គ្រោះ​បាន​ជួប​ក្រុម​ជនសង្ស័យ​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​ដោះ​យក​គ្រឿងអលង្ការ​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ហួ​ន មួយ ហៅ​អា​មួយ អាយុ​២៧​ឆ្នាំ ជា​កម្មការិនី ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន​ខ្សែ​.​ក​មាស​ទម្ងន់​២​ជី ក្រវិល​ទម្ងន់​៣​ហ៊ុន ប្រាក់​ចំនួន​១០​ម៉ឺន​រៀល និង​ទូរស័ព្ទ មួយ​គ្រឿង​។

តាម​ប្រភព​ពពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់​បាន​ដើរ​ចេញពីផ្ទះ​ជួល​ឆ្ពោះទៅ​រក​ទិញ​ម្ហូប​នៅ​ផ្សារ​ត្រពាំង​ពោធិ៍ លុះ​ពេល​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​បាន​ជួប​បុរស​ម្នាក់​ដើរមក​ជិត​គាត់ ហើយ​បុរស​ម្នាក់​នោះ​បាន​សួរ​គាត់​ថា «​មាន​គេ​ជ្រុះ​បាត់​ថង់​មាស​ពណ៌​ក្រហម​១ តើ​មានបាន​ឃើញ​ទេ?» ពេល​នោះ​គាត់​បាន​ឆ្លើយ​ថា «​មិន​បានឃើញ មិន​បានដឹង​ទេ​»​។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា បន្ទាប់​មក​ស្រាប់តែ​លេចមុខ​ស្ត្រី​ម្នាក់​ទៀត​ដើរមក​ដល់​ប្រាប់​គាត់​ថា «​កុំ​មាត់ មាន​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​រើស​បាន​ប្រគល់​ឲ្យ​ខ្លួន​ទុក​» រួច​ហើយ​ស្ត្រី​នេះ​បាន​លា​មាត់​ថង់​ពណ៌​ក្រហម​ឲ្យ​គាត់​មើល ឃើញ​សុទ្ធតែ​គ្រឿង​អង្ការ​ក្រហមច្រាល​ពេញ​កូន​ថង់ ។ មិនតែប៉ុណ្ណោះ ស្ត្រី​ម្នាក់​នោះ​ថែម​ទាំង​និយាយ​ប្រាប់​គាត់​ថា «​តែ​មិន​ថ្វី​ទេ​ចាំ​ចែក​គ្នា​យើង អ្នក​ដែល​ដឹង​រឿង​» ក្រោយមក​ស្ត្រី​ម្នាក់​នោះ​បាន​និយាយ​បញ្ចុះបញ្ចូល​គាត់​ទៅ​រក​កន្លែង​ចែក​គ្នា ហើយ​គាត់​ក៏​ព្រមទៅ​ជាមួយ​ក្រុម​ជនសង្ស័យ​ទាំងនោះ​។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​និយាយ​ត្រូវរ៉ូវ​គ្នា​ហើយ ជនសង្ស័យ​ខាងលើ​បាន​នាំ​គាត់​ជិះ​ម៉ូតូ​ទៅ​រក​កន្លែង​ចែក​គ្នា លុះដល់​មុខ​ផ្សារ​ជម្ពូ​វ័ន ពួក​គេ​ប្រាប់​គាត់​ថា មនុស្ស​ច្រើន​ណាស់​មិន​អាច​ចែក​គ្នា​ទី​នេះ​បាន​ទេ​ខ្លាច​គេ​ដឹង រួច​ក៏​ឌុ​ប​គាត់​បន្ត រហូត​ចូល​ដល់​ក្នុង​បុរី​សែ​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក​ទើប​ឈប់​។ ខណៈនោះ​ក្រុម​ជនសង្ស័យ​បាន​លា​មាត់​ថង់​ឲ្យ​គាត់​មើល​ម្តងទៀត ហើយ​បន្តិច​ក្រោយមក ពួក​គេ​បាន​ហុច​ថង់​ក្រហម​នោះ​មក​ឲ្យ​គាត់​កាន់​ទុក រួច​ប្រាប់​ថា​ឲ្យ​គាត់​យក​មាស​នៅ​ក្នុង​ថង់​ទាំងអស់​ទៅ មិនបាច់​ចែក​គ្នា​ទេ ខ្លាច​ម្ចាស់​គេ​មក​ទាន់ ដោយ​សុំ​ដោះ​យក​តែ​គ្រឿង​អង្ការ​នៅ​ជាប់​ខ្លួន​គាត់ និង​លុយកាក់ ព្រមទាំង​ទូរស័ព្ទ​របស់​គាត់​ប៉ុណ្ណោះ​។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ពេល​នោះ​ដោយសារ​តែ​មិន​បាន​គិត ហើយ​ឃើញ​មាស​នៅ​ក្នុង​ថង់​ច្រើន​ជាង​របស់​នៅ​ជាប់​ខ្លួន ទើប​គាត់​យល់ព្រម បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​ដោះ​យក​ខ្សែ​.​ក លុយ និង​ទូរស័ព្ទ​របស់​គាត់​អស់ពី​ខ្លួន ហើយ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​គេចខ្លួន​បាត់​អស់​។

ក្រោយមក គាត់​ស្រាយ​មាត់​ថង់​មើលឃើញ​ខ្សែ​កមួយ​ខ្សែ​ក្រហមច្រាល ក៏​កាន់​ទៅ​សួរ និង​ឲ្យ​អ្នក​ជិតខាង​ជួយ​មើល ទើប​ដឹង​ថា​ជា​ខ្សែ​.​ក​កាឡៃ ហើយ​ដឹង​ថា​ចាញ់ល្បិច​ក្រុម​ជនសង្ស័យ ទើប​គាត់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ