ប្រេងឆៅអាមេរិកបានឡើងថ្លៃជាង២,៥% ទៀតកាលពីថ្ងៃទី២ មីនា នៅទីផ្សារក្រុងញូវយ៉កគឺដល់លើសពី១០០ដុល្លារ ក្នុងមួយធុងជាលើកដំបូងពុំធ្លាប់មានចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៨ មក ដោយសារតែមានការកើនឡើងនៃការប្រយុទ្ធគ្នានៅលីប៊ី ។ តម្លៃប្រេងឆៅពេលបិទទីផ្សារថ្ងៃទី២ មីនា បានឡើង២,៦០ដុល្លារ ឬ២,៦១% ដល់១០២,២៣ដុល្លារ ក្នុងមួយធុង ។ ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ារាយការណ៍ថា យន្តហោះប្រយុទ្ធរបស់លីប៊ី កាលពីថ្ងៃទី២ មីនា បានវាយប្រហារលើទីក្រុង AJDABIAH ដែលមានមូលដ្ឋានយោធាមួយ និងឃ្លាំងអាវុធមួយ ។ ក្រុង AJDABIAH គឺជាទីក្រុងធំមួយក្នុងចំណោមទីក្រុងធំៗនៅភាគខាងកើតលីប៊ី ដែលស្ថិតក្នុងកណ្តាប់ដៃពួកបះបោរ ។ ក្រុងនេះស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រ ខាងត្បូងក្រុងបេនហ្គាហ្ស៊ី ។ ការវាយប្រហារតាមអាកាសដទៃៗទៀតកើតមាននៅក្រុង BREGA ជាក្រុងមួយស្ថិតនៅចម្ងាយតែ២គីឡូម៉ែត្រ ពីទីតាំងប្រេងកាតមួយរបស់លីប៊ី ។ គេមានការលំបាកព្យាករណ៍ដែលថា រដ្ឋាភិបាលលីប៊ីអាចវាយប្រហារទីតាំងប្រេងកាតទាំងឡាយនៅភាកខាងកើតប្រទេស ឬគ្រាន់តែវាយប្រហារលើតំបន់កាន់កាប់របស់ពួកឧទ្ទាម ហើយទីផ្សារប្រេងមានការព្រួយបារម្ភលើលទ្ធភាពនៃការវាយប្រហារទីតាំងប្រេង ទើបញ៉ាំងឱ្យប្រេងឡើងថ្លៃយ៉ាងខ្ពស់បែបនេះ ។
ប្រទេសលីប៊ីផលិតប្រេងតាមធម្មតា១,៦លានធុង មួយថ្ងៃ ហើយឥឡូវធ្លាក់មកនៅត្រឹមរវាងពី៧០០.០០០ទៅ៧៥០.០០០ធុង
ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ