រាជធានីភ្នំពេញ ៖ យោងតាមលិខិតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ ផ្ញើជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១១ បានសរសេរថា ក្រោយពីបានស្តាប់ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច «ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន» ដែលសម្តេចនាយករដ្ឋមន្ត្រីមានការសង្ស័យថា មានសមត្ថកិច្ចខ្លះកំពុងដាក់ខែយកប្រាក់ជាមួយក្រុមជួញដូរគ្រឿងញៀន ហើយដែលសម្តេចនាយករដ្ឋមន្ត្រីកំពុងតែវែករកមុខ ដើម្បីចាត់ការតាមនីតិវិធី ខ្ញុំសូមគាំទ្រដ៏ ស្មោះចំពោះអនុសាសន៍ដ៏ត្រឹមត្រូវ និងមានសារសំខាន់ចំពោះអនាគតនៃយុវជន និងយុវនារីខ្មែរយើង» ។
សម្តេចក្រុមព្រះបានបន្តក្នុងលិខិតដដែលទៀតថា ក្នុងឱកាសនោះ សម្តេចបានមានប្រសាសន៍ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ។ ចំពោះយុទ្ធនាការនេះ «ខ្ញុំសូមអបអរសាទរ និងកោតសរសើរដោយស្មោះចំពោះភាពឈ្លាសវៃរបស់សម្តេចក្នុងការគ្រប់គ្រងសង្គមជាតិយើងឱ្យមានសណ្តាប់ធ្នាប់ សន្តិសុខ ក្នុងសង្គម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសយុវជន យុវនារីដែលជាអនាគតដ៏រឹងមាំនៃកម្ពុជាយើង» ។
សម្តេចក្រុមព្រះបន្តថា ទន្ទឹមគ្នានេះផងដែរ «ខ្ញុំក៏មានជំនឿយ៉ាងមុតមាំថា សម្តេចពិតជាប្តូរផ្តាច់បន្តវែកមុខក្រុមអ្នកផលិតនិងនាំចូលគ្រឿង ញៀន ដែលធ្លាប់មានសកម្មភាពនាពេលមុនៗ»។ យុទ្ធនាការបោសសំអាតគ្រឿងញៀនក្នុងជួរមន្រ្តី រាជការគ្រប់លំដាប់ថ្នាក់គឺពិតជាគោលការណ៍ដ៏ស័ក្តិសិទិ្ធជំរុញការអនុវត្តច្បាប់ដូចដែលសម្តេចមានប្រសាសន៍ថា «វាមិនមានអ្វីខ្លាំងជាង ច្បាប់»។ ឆ្លើយតបនឹងលិខិតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានចារលើលិខិតរបស់សម្តេចក្រុមព្រះចុះថ្ងៃទី១៦ មីនា ២០១១ ថា បានឃើញ និងសុំថ្លែងអំណរគុណព្រះអង្គ៕
ចែករំលែកព័តមាននេះ