រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសចំណាស់ម្នាក់ កាលពីរសៀលថ្ងៃទី២១ មិថុនា ត្រូវបានសមត្ថកិច្ចការិយាល័យស៊ើបការណ៍នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំមកសាលាដំបូងរាជធានីភ្នំពេញ ក្រោយជាប់ចោទពីបទឆបោកលើទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារអាមេរិក តាមរូប ភាពយកវត្ថុស័ក្តសិទ្ធិ(សំរឹទ្ធ) ថ្នូរជាប្រាក់រាប់ម៉ឺនដុល្លារជាមួយជនរងគ្រោះ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះ យ៉ែម សុវណ្ណ អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទាក់ទិនករណីនេះ ត្រូវមន្ត្រីនគរបាលនៅការិយាល័យស៊ើបការណ៍បង្ហើបថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ទៅតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ កែវ ហុងគន្ធា ភេទប្រុស អាយុ៣២ឆ្នាំ ។
មន្ត្រីនគរបាលបន្តថា ក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងផ្ទះរបស់ឈ្មោះ ខូវ ទីជិនឡាយ ឈ្មោះ យ៉ែម សុវណ្ណ បានយកវត្ថុម្យ៉ាងទៅបង្ហាញឈ្មោះ កែវ ហុងគន្ធា (ជនរងគ្រោះ) ដោយប្រាប់ថា នេះជាវត្ថុស័ក្តសិទ្ធិ(សំរិទ្ធ)របស់មិត្ត
ភ័ក្តខ្លួននៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលគេចង់លក់ក្នុង១ខាំតម្លៃ ៤៥.០០០.០០០ ដុល្លារអាមេរិក ។
ជនសង្ស័យបានប្រាប់ជនរងគ្រោះទៀតថា ប្រសិនបើយកវត្ថុស័ក្តសិទ្ធិ(សំរឹទ្ធ)នេះទៅលក់ គឺបានចំណេញប្រាក់ច្រើនជាងនេះទៀត ប៉ុន្តែមានប្រាក់២១០០០ដុល្លារឲ្យម្ចាស់គេជាមុន ទើបបានយកវត្ថុស័ក្តសិទ្ធិទៅលក់បាន ។ ទន្ទឹមនោះ ម្ចាស់ផ្ទះឈ្មោះ ខូវ ទីជិនឡាយ បានប្រាប់ជនរងគ្រោះថា យកវត្ថុស័ក្តសិទ្ធិនេះបានគាត់ជួយរកម៉ូយមកទិញភ្លាម ។ ជនរងគ្រោះដោយយល់ឃើញថា ចង់បានប្រាក់ចំណេញច្រើននោះ កើតមានការជឿទុកចិត្តទៅលើម្ចាស់ផ្ទះ ក៏បានសម្រេចចិត្តប្រគល់លុយចំនួន២១ ០០០ដុល្លារអាមេរិកឲ្យទៅឈ្មោះ យ៉ែម សុវណ្ណ ចំពោះមុខម្ចាស់ផ្ទះ ដើម្បីយកវត្ថុស័ក្តិសិទ្ធិនោះទៅលក់បានប្រាក់ចំណេញចែកគ្នា
ចាយ ។
ខណៈពេលឈ្មោះ យ៉ែម សុវណ្ណ ទទួលយកប្រាក់២១ ០០០ដុល្លារ ពីឈ្មោះ កែវ ហុងគន្ធា រួចហើយ គេក៏សន្យាដល់ថ្ងៃទី១៨ តុលា ឆ្នាំ២០១៨ ទើបយកវត្ថុស័ក្តិសិទ្ធិនោះប្រគល់ឲ្យជនរងគ្រោះ ទីបំផុតជនសង្ស័ យបានប្រាក់ជាង២ម៉ឺនដុល្លារហើយ គេចខ្លួនបាត់ផ្តាច់ការទំនាក់ទំនងទាំងអស់ ។
យោងតាមពាក្យបណ្តឹងនោះហើយបានជាលោកឧត្តមសេនីយ៍ ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញឲ្យចុះបើកការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ែម សុវណ្ណ នាំមកចាត់ការតាមផ្លូវច្បាប់នេះ ។
ចម្លើយជនសង្ស័យឈ្មោះ យ៉ែម សុវណ្ណ នៅចំពោះមុខសមត្តកិច្ចថា ដំបូងខ្លួនបានស្គាល់ឈ្មោះ ខូវ ទីជិនឡាយ ដែលគាត់ជាគ្រូខ្មែរម្នាក់ តម្រូវឲ្យគាត់ព្យាបាលជម្ងឺប្រចាំកាយ ។ អំឡុងពេលនោះឈ្មោះ ខូវ ទីជិនឡាយ បានសួរខ្លួនថា មានស្គាល់អ្នកណាមានលក់វត្ថុស័ក្តិសិទ្ធិដែរទេ ?ខ្លួនក៏ឆ្លើយតបថា មានអ្នកនៅស្រុកឱរ៉ាលគេចង់លក់ តែតម្លៃក្នុង ១ខាំ៤៥.០០០.០០០ដុល្លារអាមេរិក (សែសិបប្រាំលាន) ហើយទាល់តែមានប្រាក់ចំនួន២១ ០០០ដុល្លារកក់មុន បានគេលក់ឲ្យ ។
កាលពួកគេ(យ៉ែម សុវណ្ណ និងខូវ ទីជិនឡាយ)បាន និងកំពុងនិយាយគ្នានោះ ឈ្មោះ កែវ ហុងគន្ធា ដែលជាជនរងគ្រោះក៏ស្ថិត នៅទីនោះដែរ ។ លុះដល់ថ្ងៃទី៣ ខែសីហា ឈ្មោះ កែវ ហុងគន្ធា បានយកប្រាក់ឲ្យខ្លួន(យ៉ែម សុវណ្ណ)នៅចំពោះមុខឈ្មោះ ខូវ ទីជីនឡាយ ចំនួន២១ ០០០ដុល្លារអាមេរិក ដើម្បីយកទៅកក់វត្ថុស័ក្តិ សិទ្ធិនោះ តែខ្លួនមិនទាន់ធ្វើការបានសម្រេចផង ក៏ត្រូវម្ចាស់ប្រាក់ប្តឹងសមត្តកិច្ចឲ្យចាប់ខ្លួន ដោយចោទប្រកាន់ពីបទ.ឆបោក ។ ជនសង្ស័យកំពុងស្ថិតនៅក្នុងចំណាត់ការ របស់តុលាការ សាលាដំបូងរាជ
ធានីភ្នំពេញ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ