លោក​ត្រាំ​ច្រឡោត​ខ្លាំង ក្រោយ​បាញ់​ធ្លាក់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​


សហរដ្ឋអាមេរិក​-​អុី​រ៉​ង់់ ៖ ប្រទេស​អុី​រ៉​ង់​ប្រកាស​កាលពី​ថ្ងៃ​ទី​២០​មិថុនា​ថា បាន​រក​ឃើញ​ក្នុង​ដែនទឹក​ខ្លួន​បណ្ដា​បំណែក​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​កមួយ​គ្រឿង​ដែល​ខ្លួន​បាញ់​ធ្លាក់ ដែល​ឧប្បត្តិហេតុ​នោះ​បង្កើន​ថែម​ទៀត​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក ដោយ​លោក​ដូ​ណា​ល់​ត្រាំ​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង​។

នៅ​ឯកា​រិ​ល័យ​ពងក្រពើ​នៃ​សេត​វិមាន​លោក​ត្រាំ​អះអាង​ថា ប្រទេស​របស់​យើង​នឹង​មិន​អាច​ទទួលយក​រឿង​បែប​នោះ​បាន​ឡើយ​។ លោក​បាន​អនុម័ត​នា​យប់​នោះ​ឲ្យ​វាយប្រហារ​អុី​រ៉​ង់ ជា​ការ​សងសឹក មុន​ពេល​ដក​ចេញ​វិញ​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​កាសែត​ញូ​វ​យ៉​ក​ថែម​។​លោក​គំរាម​មុន​ពេល​សាកល្បង​កាត់់​បន្ថយ​កំ​ដៅ​ដោយ​លើក​ឡើង​ថា រឿង​នោះ​អាច​ជា​ការ​ច្រឡំ​មួយ​របស់​ភាគី​អុី​រ៉​ង់ ទើប​ធ្វើ​រឿង​ឆ្កួត​ៗ​បែប​នេះ​។ ខ្ញុំ​ពិបាក​ជឿ​ដែល​ថា​នោះ​ជា​ការ​បាញ់​ដោយ​ចេតនា​។

យោង​តាម​បណ្ដា​តំណាង​របស់​រដ្ឋការ​អា​មេ​រិ​កថា ប្រតិបត្តិការ​យោធា​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២១​មិថុនា ត្រូវ​សំដៅលើ​បណ្ដា​គោលដៅ​អី​ុ​រ៉​ង់​មួយ​ចំនួន ដូច​ជា​រ៉ា​ដា​ឬ​មី​ស៊ី​ល​។ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់​និយាយ​ប្រាប់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា បណ្ដា​យន្តហោះ​បាន​ហោះ​ចេញ និង​បណ្ដា​នាវាចម្បាំង​ក៏​បោះ​ទីតាំង​រួច​ហើយ ពេល​ការ​វាយប្រហារ​ត្រូវ​បាន​លុប​ចោល​វិញ​។ ម្យ៉ាងទៀត​សហរដ្ឋអាមេរិក​បាន​សម្រេច​នា​យប់​ថ្ងៃ​ទី​២០​មិថុនា ហាមឃាត់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក មិន​ឲ្យ​ហោះហើរ​ពីលើ​ដែនអាកាស​ដែល​ត្រួតត្រា​ដោយ​ក្រុង​តេ​ហេ​រ៉​ង់ នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​ឬ​ឈូង​សមុទ្រ​អូ​ម៉​ង់រ​ហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី​។

ក្រុង​តេ​ហេ​រ៉​ង់​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន បាន​ឆ្លើយឆ្លង​គ្នា​ពី​កន្លែង​ពិតប្រាកដ​ដែល​យន្តហោះ​នោះ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក​ស្ថិត​នៅ ពេល​រង​ការ​បាញ់ប្រហារ​។ ប្រមុខ​ការទូត​អី​ុ​រ៉​ង់​លោក​MOHAMMAD JAVAD ZARIF​អះអាង​ថា​បណ្ដា​បំណែក​យន្តហោះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែនទឹក​អុីរ៉​ង់​ត្រង់​ម្ដុំ​បាញ់​ធ្លាក់​។ យន្តហោះ​នេះ​បាន​ត្រូវ​គ្រាប់​នា​វេលា​ម៉ោង​៤​និង​៥​នាទី​ម៉ោង​ក្នុងស្រុក​។

ចំណែក​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​វិញ​នា​ល្ងាច​ថ្ងៃ​ទី​២០​មិថុនា​អះអាង​ថា យន្តហោះ​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣៤​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​អុី​រ៉​ង់ ហើយ​គ្មាន​ពេល​ណា​ហោះ​រំលោភ​បំពាន​ដែនអាកាស​អុី​រ៉​ង់​ឡើយ​។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​ចេញផ្សាយ​ផែនទី​មួយ​នៃ​ផ្លូវ​ហោះហើរ​របស់​យន្តហោះ​នេះ ដែល​បង្ហាញ​ថា​វា​ស្ថិត​នៅ​លើ​ដែនទឹក​អន្តរជាតិ​ឬ​អូ​ម៉​ង់ ប៉ុន្តែ​ពុំ​មែន​ក្នុង​ដែនទឹក​អី​ុ​រ៉​ង់​ទេ​។ ឯកសារ​នោះ​ក៏​បង្ហាញ​ផង​ដែរ​នូវ​រូបថត​មួយ​នៃ​យន្តហោះ​ដែល​កំពុង​ត្រូវ​ភ្លើង​ឆេះ​។

យោង​តាម​ទីបញ្ជាការដ្ឋាន​កណ្ដាល​នៃ​កងទ័ព​អា​មេ​រិ​កថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ត្រូវ​បាញ់​ធ្លាក់​ដោយ​មី​ស៊ី​ល​ដី​-​អាកាស​១​គ្រាប់ ពីលើ​ច្រក​សមុទ្រ​ORMUZ​។ ច្រក​សមុទ្រ​នេះ​ជា​ចំណុច​ឆ្លងកាត់​សំខាន់​និង​ជា​យុទ្ធសាស្ត្រ នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក ដែល​នៅ​ជិត​ទីនោះ នាវា​ដឹក​ប្រេង​២​គ្រឿង​រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៣​មិថុនា ប្រមាណ​ជា​១​ខែ​ក្រោយ​ការ​ធ្វើ​វិច្ឆេទកម្ម ប្រឆាំង​នាវា​៤​គ្រឿង​ដែល​បើក​កាត់​ឈូង​សមុទ្រ​ពែ​រ្ស៍​។

ទោះបី​មានការ​អះអាង​ផ្ទួន​ៗ​របស់​សហរដ្ឋអាមេរិក​និង​របស់​អុី​រ៉​ង់​៉​ថា ពួក​គេ​មិន​ស្វែងរក​ធ្វើសង្គ្រាម​នឹង​គ្នា​ក្ដី តែ​ការ​កើនឡើង​នៃ​ឧប្បត្តិហេតុ​ក្នុង​តំបន់​ឈូង​សមុទ្រ នាំ​ឲ្យ​គេ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​បោះ​កម្ទេច​ភ្លើង​ទៅ​លើ​ប្រេង​។ ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២០​មិថុនា បាន​ព្រមាន​ប្រឆាំង​ការ​ប្រើ​កម្លាំង​ជាយថាហេតុ​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​អុី​រ៉​ង់ ដោយ​លោក​យល់​ថា​បែប​នោះ​នឹង​ជា​គ្រោះ​មហន្តរាយ​មួ​​យ​សម្រាប់​តំបន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ