ខេត្តកំពង់ស្ពឺ ៖ កូនអកតញ្ញូម្នាក់ត្រូវបានឪពុកប្តឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៨ ខែមិថុនាកន្លងទៅ នៅភូមិវាល ឃំុស្រង់ ស្រុកគងពិសី បន្ទាប់ពីកូនប្រុសរូបនេះដេញកាប់ពួកគាត់ដោយសារតែខឹងរឿងសុំលុយមិនបាន ជាពិសេសរឿងមិនទុកសាច់គោឲ្យគេហូបជាមួយបាយ ។
កូនអកតញ្ញូដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះ ស សំអូន អាយុ២៩ឆ្នាំ រស់នៅជាមួយ ឪពុកម្តាយក្នុងភូមិ ឃុំខាងលើ ។ ប្រភពពីមន្ត្រីនគរបាលស្រុក បានឱ្យដឹងថា ក្រោយពីទទួលបានបណ្តឹងរូចមក កម្លាំងជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។
ជនសង្ស័យបានឆ្លើយថា ខ្លួនបានយកដំុថ្មដេញគប់ម្តាយឪពុកមិនឲ្យចូលផ្ទះ និងវាយបំផ្លាញទូ ចាន ឆ្នាំងអស់ជាច្រើន ព្រោះតែខឹងរឿងសំុលុយឪពុកម្តាយមិនបាន ជាពិសេសពួកគាត់មានសាច់គោហូបមិនទុកឱ្យហូប ។ ចំណែកឪពុកម្តាយជនសង្ស័យ គឺគាត់មិនមានលុយទិញសាច់គោច្រើនយកមកហូបទេ ណាមួយកូនវាមិនសូវគិតគូរធ្វើការរកសុី និងជួយពួកគាត់ទេ គិតតែដើរលេងផឹកសុីបាត់ៗពីផ្ទះ។
ស្រាប់តែលើកនេះមកពីដើរលេងវិញ ដឹងថាគាត់មានសាច់គោហូប លោកកូនក៏រករឿងវាយបំផ្លាញទ្រព្យសម្បត្តិ និងដេញកាប់ពួកគាត់មិនឱ្យចូលផ្ទះទៀតផង ។ ដោយអត់ទ្រាំនឹងទង្វើរបស់លោកកូនរូបនេះមិនបាន ពួកគាត់ក៏សម្រេចចិត្តមកប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តង ។
កាលពីរសៀថ្ងៃទី១៩ ខែមិថុនា ក្រោយពីស្តាប់ចម្លើយសារភាពនិងការបំភ្លឺរបស់ឪពុកម្តាយជនសង្ស័យរួចមក សមត្ថកិច្ចបានបញ្ជូនកូនអកតញ្ញូរូបនេះទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ