ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាលើក​​ដំបូង​លោកអូបា​ម៉ា​​អំពាវនាវ​ឱ្យ​លោកកាដាហ្វី​ចាកចេញ​ពី​អំណាច

15 ឆ្នាំ មុន

កាល​ពី​​ថ្ងៃ​ទី៣ មីនា ​ជា​លើក​ដំបូង និង​ជា​សា​ធារណៈ​​ប្រធានា​ធិបតី​អាមេរិក​លោកបារ៉ាក់ អូ​បា​ម៉ា ថ្លែង​ថា មេ​ដឹក​នាំ​លីប៊ី​លោក​មូ​អាម៉ា ​កា​ដា​ហ្វី ​បានបាត់បង់​រាល់​​ភាពស្របច្បាប់​ ហើយ​ត្រូវ​ចាក​ចេញ​ពីអំណាច។ លោក​ក៏​ប្រកាស​ផង​ដែរថា លោកនឹង​បញ្ជូន​យន្តហោះ​យោធា និង​ជន​ស៊ី​វិល​​ទៅ​ចូលរួម​ក្នុងការជម្លៀស​ពួកជន​ភៀស​​ខ្លួន​អេ​ហ្ស៊ីបដែល​ជាប់​គាំង​នៅតាម​ព្រំ​ដែន​រវាង​​លីប៊ី​ និងទុយ​នីស៊ី ។ ក្នុងសន្នីសីទ​សារព័ត៌​មាន​មួយ​នៅ​សេត​វិមាន ​ជាមួយ​សមភាគី​ម៉ិច​ស៊ិក​លោក​ហ្វឺលីប​ កាល់ដឺ​រ៉ូន លោក​អូ​បា​ម៉ា​មាន​ប្រសាសន៍​ថា យើង​នឹង​​​បន្ត​បញ្ជូន​សារ​យ៉ាង​ច្បាស់​​​ថា អំពើ​ហិង្សា​ត្រូវ​បញ្ឈប់។ ​លោក​កា​ដាហ្វី​បាត់​បង់​រាល់ភាព​ស្រប​ច្បាប់​សម្រាប់​ជា​មេដឹក​នាំ​ ហើយ​ត្រូវ​ចាក​ចេញ។ ​

លោក​​បារ៉ាក់ អូបា​ម៉ា ក្នុងសេចក្តី​ប្រកាស​ជា​ច្រើន​ធ្លាប់​បាន​ទាមទារ​រួច​ហើយឱ្យ​ជន​លេខ​មួយ​លីប៊ី​ចាក​ចេញ​ ហើយ​នេះ​ជា​លើក​​​ដំបូង​ដែល​លោក​ធ្វើ​សំណើ​នេះជា​សាធារណៈ ។ លោកបន្ត​ថា បណ្តា​ទី​ប្រឹក្សា​របស់​លោក​កា​ដាហ្វី ក៏នឹង​ជា​អ្នក​ត្រូវ​ទទួលខុស​ត្រូវ​ផង​ដែរ ចំពោះ​អំពើ​ហិង្សា​​ទាំ​ងឡាយ​ប្រឆាំង​ជន​ស៊ីវិល ។

​ប្រមុខ​សេត​វិមាន​បន្ត​ទៀត​ថា សហរដ្ឋ​អាេមរិក​ចង់​ចាត់​ការ​​ឱ្យ​បាន​ឆាប់ជាទី​​បំផុត​ក្នុង​ករណី​​មាន​វិបត្តិ​មនុស្ស​ធម៌​​នៅ​លី​ប៊ី ហើយ​នឹង ពិនិត្យិពីវិធានការ​ទាំង​ឡាយ​​​​​មាន​ទាំង​វិធានការ​យោធា ឬ​វិធាន​ការ​ឯ​ទៀត​ ដើម្បី​ជួយ​ដល់​ប្រជា​ជន ។ លោក​ប្រកាស​រួច​ហើយថា លោកបាន​អនុ​ញ្ញាត​ឱ្យ​បញ្ជូន​យន្តហោះ​យោធា និង​ស៊ីវិល​អាមេ​រិក​ ដើម្បី​ចូលរួម​ក្នុង​ការ​ជម្លៀស​ជន​ស៊ី​វិល​អេ​ហ្ស៊ីប​ដែល​ជាប់គាំង​នៅព្រំដែន​លីប៊ី-ទុយ​នីស៊ី។ ក្រោយ​ភាព​ច្របូក​ច្របល់​រយៈ​ពេល៣ខែ​សភាព​ការណ៍​​នៅតំបន់ព្រំ​ដែន​នោះ​មានការ​កែ​លំអ​ដោយ​សារសហគមន៍​​អន្តរ​ជាតិ​ធ្វើ​ការ​ប្តូរ​វេន​គ្នា​បញ្ជូន​យន្តហោះ​ជួយ​ជម្លៀស​​មនុស្ស​ចេញ​។​ បារាំងនឹង​ធានា​ការ​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ដល់​ទៅ​៦​ជើង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ហើយ​អង់​គ្លេស​​ ក៏នឹង​ចាប់​ផ្តើម​ដែរ បញ្ជូន​យន្តហោះ​មក​សហការ​ជាមួយ​អេហ្ស៊ីប ។

​ចូល​ដល់​ថ្ងៃទី១៧ នៃ​ការ​បះបោរ​របស់​ ប្រជាជន​លីប៊ី​លោក​កា​ដាហ្វី បានវាយ​ប្រហារ​កាល​​ពី​ថ្ងៃទី៣ មីនា ​លើ​ទី​តាំង​ទាំង​ឡាយ​នៅ​ភាគ​​​ខាង​កើត​ប្រទេស​ត្រួត​ត្រា​ដោយ​ពួកបះ​បោរ។ ពួកឧទ្ទាម​​បាន​ទទួល​រងការ​វាយ​ប្រហារ តាម​អាកាស​របស់កងទ័ព​នៅ​ទី​ក្រុង​ BREGA ដែល​​មាន​ទី​តាំង​ប្រេង​កាត​​ ហើយ​ក៏​ជា​ច្រក​យុទ្ធ​សាស្ត្រ​សម្រាប់​ចូល​ទៅ​កាន់ទី​ក្រុង​បេន​ហ្គា​ហ្ស៊ី​ដែលជាទី​តាំង​​បង្អែក​របស់ពួក​ប្រឆាំង​ដែរ។ យោង​តាម​ប្រជាជន​ទីក្រុងនេះ​ថា​ មនុស្ស​​​យ៉ាង​តិច​៥​នាក់ ត្រូវបាន​កងទ័ព​​ស្និទ្ធ​លោកកា​ដា​ហ្វី​ចាប់ខ្លួន​ពេលមានការ​វាយ​លុក​គាំទ្រ​​ដោយ​​​កង​យន្ត​ហោះ​ និង​កាំភ្លើង​ធំធុនធ្ងន់ ​ហើយ​មនុស្ស​យ៉ាង​​តិច​១២​នាក់​ត្រូវស្លាប់ ។​ ពួក​ប្រឆាំង​អះ​អាង​​ថា នៅកាន់​កាប់ទីក្រុង​នេះ​ជានិច្ច​ ហើយ​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច​១០០​នាក់​ក្នុង​ចំណោម​​ពួកយុទ្ធ​ជន​ដែលស្មោះ​ត្រង់​នឹង​លោក​កា​ដាហ្វី ។ ​​អ្នក​នាំ​ពាក្យ​របស់​ពួក​​ប្រឆាំង​ក៏​លើក​ឡើង​ដែរ ពីការ​ពង្រឹង​កង​ទ័ព​លើកសំដៅ​ទីក្រុង RAS LANOUF ចម្ងាយ​១០០គ.ម ខាង​លិច​ក្រុង BREGA ។​ កងទ័ព​គាំទ្រ​ដោយ​ពួកទាហាន​ស៊ី​ឈ្នួល​មកពីឆាដ និង​នីហ្ស័រ ៕