ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​កា​ទូត​សរសៃអំបោះ​រវាង​កម្ពុជា​ និង​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​លោក​ទូត​ថ្មី​របស់​អា​មេ​រិ​ក​អាច​នឹង​មក​ដល់​កម្ពុជា​នៅ​ខែកក្កដា​ខាង​មុខ​នេះ​ ។ សំណួរនឹង​ចោទ សួរ​ឡើង​ថា​ តើ​លោក​នឹង​ធ្វើ​អោយ​ទំនាក់ទំនង​កម្ពុជា​និង​អា​មេ​រិ​ក​កាន់តែ​ល្អក់កករ​ ឬ​ក៏​អាច​ធ្វើ​អោយ​ទំនាក់ ទំនង​នេះ​​ល្អ​ឡើង​វិញ? លោកផា​ទ្រិ​ក ម៉ឺ​ហ្វី (…

នៅ​ពេល​ដែល​លោក​ទូត​ថ្មី​របស់​អា​មេ​រិ​ក​អាច​នឹង​មក​ដល់​កម្ពុជា​នៅ​ខែកក្កដា​ខាង​មុខ​នេះ​ ។ សំណួរនឹង​ចោទ សួរ​ឡើង​ថា​ តើ​លោក​នឹង​ធ្វើ​អោយ​ទំនាក់ទំនង​កម្ពុជា​និង​អា​មេ​រិ​ក​កាន់តែ​ល្អក់កករ​ ឬ​ក៏​អាច​ធ្វើ​អោយ​ទំនាក់ ទំនង​នេះ​​ល្អ​ឡើង​វិញ?

លោកផា​ទ្រិ​ក ម៉ឺ​ហ្វី ( W Patrick Murphy) ដែល​ធ្លាប់​​ធ្វើ​កិច្ចការ​ការទូត​នៅ​ប្រទេស​ថៃ ​និង​ភូមា​អាច នឹង​ត្រូវ​ព្រឹ​ទ្ធ​សភា​អា​មេ​រិ​ក​បោះ​ឆ្នោត សម្រេច​នៅ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ ដើម្បី​អោយ​ចាប់ ផ្តើម​ការងារ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ ។

លោក​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ ដោយសារ​តែ​រូប​លោក​បាន​ទទួល​ការ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​នៅ​កម្ពុជា នៅ​ចំ​គ្រាមួយ​ដែល​ស្ថានភាព​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា ​និង​អា​មេ​រិ​ក​ ហាក់ដូចជា​ដើរ​ថយ ក្រោយ​ជាជាង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ ។ ម្យ៉ាងទៀត​ រូប​លោក​ជា​អ្នកជំនាញ​ការទូត ដែល​ល្បី​មួយ​រូប ដែល មាន​ជំនាញ​ការទូត​ ជាពិសេស​​ទាក់ទង​នឹង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ។

ដំណឹង​អំពី​រូប​លោក​កាន់តែ​គួរ​អោយ​ចាប់អារម្មណ៍​ថែម​ទៀត នៅ​ពេល​ដែល​ពេល​វេលា​នៃ​ការ​ចាប់ផ្តើម ការងារ​របស់​លោក​នៅ​កម្ពុជា​ គឺ​ជូន​គ្នា​នឹង​គំរោង​របស់​លោក​សម រ​ង្ស៊ី​ និង​មេដឹកនាំ​នយោបាយ​ប្រឆាំង​គ្រោង​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ នៅ​ក្នុង​ពីរ​បី​ខែ​ខាង​មុខ​នេះ ​។

សម្រាប់​អ្នកនយោបាយ​ប្រឆាំង គេ​អាច​នឹង​រំពឹង​ថា​ វត្តមាន​របស់​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​នឹង​អាច​ជួយដល់ យុ​ទ្ធ​​នា​ការ​របស់​ពួក​គេ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ​។

រដ្ឋាភិបាល​កម្ពុជា​វិញ​នឹង​រង់ចាំ​មើល​ថា ​តើ​លោក​ទូតអា​មេ​រិ​ក​ថ្មី​នឹង​ធ្វើ​នយោបាយ​ការទូត​បែប​ណា​ជាមួយ​កម្ពុជា​ ។ តើ​គាត់​មាន​ចេតនា​នឹង​ធ្វើ​អោយ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាលកម្ពុជា​និង​អា​មេ​រិ​ក ​មាន​ភាព​ប្រសើរ ឡើង​វិញ ​ឬ​ក៏​តើ​លោក​នឹង​អាច​ធ្វើ​អោយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​អាក្រក់​ជាង​បច្ចុប្បន្ន​។

មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ ជា​ទូទៅ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត គេ​ត្រូវ​មាន​តួនាទី​នៅ​ក្នុង​ការ​បំពេញភារកិច្ច មួយ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស ​និង​ប្រទេស ​។ យើង​នឹង​ចាំ​មើល​ថា ​តើ​លោកម៉ឺ​ហ្វី​នឹង​បំពេញ ការងារ​ការទូត​របស់​គាត់​របៀប​ណា​ជាមួយ​កម្ពុជា ​។

អ្វី​ដែល​ច្បាស់លាស់​នោះ លោក​មឺ​ហ្វី​ នឹង​ប្រកាន់​យក​នយោបាយ​កា​ទូត​មួយ​ដែលបម្រើ​អោយផល ប្រយោជន៍​របស់​អា​មេ​រិ​ក​ជា​ធំ​ ។ ដោយ​ពិនិត្យ​មើល​ជ្រុងជ្រោយ​នេះ គេ​ពិបាក​នឹង​មើលឃើញថា​ លោក
ទូត​អា​មេ​រិ​ក​អាច​នឹង​ធ្វើ​អោយ​ទំនាក់ទំនង​កម្ពុជា​និង​អា​មេ​រិ​ក​ល្អ​ជាង​មុន ខណៈ​ដែល​អា​មេ​រិ​កកំពុង តែ​ប្រឹង​ប្រែង​ទប់ទល់​នឹង​ឥ​ទ្ធិពល​របស់​ចិន​ ។

ប្រវត្តិ​នយោបាយ​ការទូត​របស់​លោក​នៅ​ប្រទេស​ថៃ​ និង​នៅ​ប្រទេស​ភូមា ​អាច​ជា​តម្រុយ​មួយទៀត​ដែល​បង្ហាញ​ថា ​ភាព​តឹងតែង​ជា​ជាង​ធូរស្រាល​ នៅ​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អា​មេ​រិ​ក នៅ​ពេល​ដែលលោក មក​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ដោយសារ​តែ​កា​រវិ​វត្ត​នយោបាយ​ចុង​ក្រោយ​ ចាប់តាំងពី​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត ​កាលពី​ឆ្នាំ​២០១៨ អា​មេ​រិ​កបាន​រិះគន់​ថា​ កម្ពុជា​មានដំណើរ​ថយក្រោយ​ផ្នែក​ប្រជាធិបតេយ្យ​។ ​ប៉ុន្តែ​កម្ពុជា​វិញ​ នៅ​តែ​និយាយ​ថា ​កម្ពុជា​នៅ​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ ដែល​ខ្លួន​បាន​ជ្រើសរើស​យក​ចាប់តាំងពី​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣ ​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។

ជាមួយនឹង​ការ​វាយតម្លៃ​នៃ​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៃ​កម្ពុជា​នោះ អា​មេ​រិ​ក ក៏​បានចាត់ វិធានការ​មួយ​ចំនួន ​ដែល​ធ្វើ​អោយ​ខាត​ប្រយោជន៍​កម្ពុជា ​ដូច​ជា​ការ​កាត់​បន្ថយ​ជំនួយ​និង​ការ​គំរាម​លុប​ចោលសិទ្ធិ​អនុគ្រោះ​ព​ន្ធការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អា​មេ​រិ​ក​ជាដើម​ ។

គោលដៅ​របស់​អា​មេ​រិ​ក ​គឺ​ធ្វើ​យ៉ាងណា ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ និង​ចិន​ដល់​ផលប្រយោជន៍​របស់​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់ ​។

ចំណែក​កម្ពុជា​វិញ​ បាន​មើលឃើញ​ពី​ភាព​ចាំបាច់​ខ្លាំង​នៃ​ទំនាក់ទំនង​នយោបាយ​ និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​។ ទំនាក់ទំនង​ដ៏​ល្អ​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​មិន​អាច​រង្គោះរង្គើ​បាន​ឡើយ ​ហើយនឹង​អាចកាន់តែ​រឹងមាំ​ ដោយសារ​តែ​ការ​តាំងចិត្ត​នៃ​មេដឹកនាំ​របស់​ប្រទេស​ទាំង​ពីរ​ ដែល​កាន់តែ​អោយ​តម្លៃ​សំខាន់​ទៅ​លើ​ទំនាក់ទំនង​នេះ​។

អា​មេ​រិ​ក​មានការ​មិន​សប្បាយ​ចិត្តនឹង​ភាព​ជិត​ស្និ​ទ្ធិខ្លាំង​រវាង​កម្ពុជា​និង​ចិន​ ហើយ​ពេល​ខ្លះ​ក៏​ប៉ះ​សម្តី​ជាមួយ​ចិន ​ដោយសារ​តែ​រឿងរ៉ាវ​នៅ​កម្ពុជា ​។

ប៉ុន្តែ​ទំនាក់ទំនង​ដ៏​អាក្រក់​ណាមួយ ​រវាង​ប្រទេស​អា​មេ​រិ​ក​និង​ប្រទេស​កម្ពុជា​ នឹង​មិន​នាំ​ដល់​ផល​ល្អ​ដល់​ប្រទេស​ទាំង​ពីរ​ឡើយ ​។ បើសិនជា​អា​មេ​រិ​ក​និង​ប្រទេស​ប្រទេស​ផ្សេង​ទៀត​ កាន់តែ​ឃ្លាតឆ្ងាយ​ពី​កម្ពុជា វា​នឹង​កាន់តែ​រុញ​អោយ​កម្ពុជា​គិត​ថា ​ចិន​កាន់តែ​មាន​សារសំខាន់​ក្នុង​នាម​ជា​មិត្ត​ល្អ​។

នៅ​ពេល​ដែល​លោក​មឺហ្វី​ ត្រូវធ្វើ​ការងារ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​អា​មេ​រិ​ក​នោះ លោក​ប្រឈម​នឹង ជម្រើស​នយោបាយ​ការទូត​ពីរ​ គឺ​ត្រូវធ្វើ​អោយ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​តាម​រយៈ​ការ​ធ្វើ​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ បច្ចុប្បន្ន​ឬ​ក៏​ដកថយ​កាន់តែ​ឆ្ងាយ​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​ដោយ​ព្យាយាម​ផ្លាស់​ប្តូរ​នយោបាយ​នៅ​កម្ពុជា​តាម​រូបភាព​ផ្សេង​។

ជម្រើស​ទី​ពីរ​នឹង​មាន​ន័​យថា​ អា​មេ​រិ​ក​នឹង​លូកដៃ​កាន់តែ​ជ្រៅ​នៅ​ក្នុង​នយោបាយ​កម្ពុជា​ ហើយ​វា​ជា​ផ្លួ​វ​មួយ​ដ៏​ស្មុ​គ្រ​ស្មាញ​ និង​មាន​ផលវិបាក​ដែល​នឹង​ពិបាក​រំពឹង​ទុក​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ