ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​វិលក្បុង​ហើយ បើ​លេង​តែ​បែប​នេះ​អី​…​មួយ​យប់​៣​ករណី

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្ដីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​រយៈពេល​មួយ​យប់​សោះ អំពើ​ចោរកម្ម​ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព លួច​ទ្រព្យសម្បត្តិ និង​កាច់​សោ​លួច​យក​ម៉ូតូ​ចំនួន​៣​លើក នៅ​តាម​បណ្ដា​ស្រុក និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ស្ទើរ​វិលក្បុង​ក្នុង​ការ​ស្រាវជ្រាវ…

ខេត្តបាត់ដំបង ៖ តាម​សេចក្ដីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​រយៈពេល​មួយ​យប់​សោះ អំពើ​ចោរកម្ម​ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព លួច​ទ្រព្យសម្បត្តិ និង​កាច់​សោ​លួច​យក​ម៉ូតូ​ចំនួន​៣​លើក នៅ​តាម​បណ្ដា​ស្រុក និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ស្ទើរ​វិលក្បុង​ក្នុង​ការ​ស្រាវជ្រាវ រកមុខ​សញ្ញា​ជន​ដៃដល់ ។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា អំពើ​ចោរកម្ម​ដែល​បាន​កើតឡើង​៣​លើក​ផ្ទូ​ន​ៗ ក្នុង​យប់​តែ​មួយ នេះ​បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា លើក​ទី​១​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​១ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ មិថុនា ដែល​ជន​មិន​ស្គាល់​មុខ​បាន​ចូល​លួច​យក​ទូរស័ព្ទ​ដៃ របស់​ព្រះសង្ឃ គង់នៅ​កុដិ ក្នុង​វត្ត​ឈើទាល ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ ។

របាយការណ៍​បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​ចូល​លួច​យក​ទុ​រ​ស័ព្ទ​ដៃ​អស់​ចំនួន​៥​គ្រឿង និង​លុយ​ចំនួន​២,២​លាន​រៀល ខណៈ​ព្រះ​អង្គ​សឹង​លក់ ហើយ​មិន​បាន​បិត​ទ្វារ​កុដិ​។
ករណី​ទី​២ អំពើ​ចោរកម្ម​នេះ​បាន​កើតឡើង​នៅ​ក្នុងស្រុក​រុក្ខ​គិរី ហាក់​មុន​ក្រោយ​គ្នា បន្តិច បន្ទាប់​ពី​អំពើ​ចោរកម្ម​នៅ​ស្រុក​បាណ​ន់ ។ សមត្ថកិច្ច​បាន​សរសេរ​ក្នុង​របាយការណ៍​ថា ជនសង្ស័យ​អាច​មាន​បក្សពួក​យ៉ាងតិច​២​នាក់ បាន​ដាក់​ថ្នាំ​បំពុល​ឆ្កែ​រួច​ចូល​លួច​យក​ម៉ូតូ របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២​គ្រឿង នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ មិថុនា នៅ​ចំណុច​កំប៉ង់ ស្ថិត​ក្នុង​ភួ​មិ​អូរ​រំចេក ឃុំ​បា​សាក់ ខណៈ​ដែល​ម្ចាស់ផ្ទះ​កំពុង​ដឹក​លក់ ។

សមត្ថកិច្ច​បាន​និយាយ​ថា ម៉ូតូ​ទាំង​២​គ្រឿង​នោះ គឺ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង 1C-5971 របស់​ឈ្មោះ​លន ខុន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​១​គ្រឿង​ទៀត​ម៉ូតូ​កូរ៉េ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​របស់​ឈ្មោះ​ម៉​ន ច​ន្ធូ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​បាន ទុក​ម៉ូតូ​ទាំង​២​គ្រឿង​នេះ​ខាងក្រោម​ផ្ទះ ហើយ​ឈ្មោះ​លន ខុន បាន​ដេក​ក្បែរ​ម៉ូតូ នៅ​ខាងក្រោម​ផ្ទះ​នោះ តែ​មិន​បានដឹង​ថា ត្រូវ​ចោរ​ចូល​លួច​ម៉ូតូ​ទេ​លុះ​ព្រឹក​ឡើង​ទើប​ដឹង និង​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង ។

ដោយឡែក​ចំពោះ​ករណី​ទី​៣​វិញ គឺ​បាន​កើតឡើង​នៅ​ក្នុង​បាត់ដំបង​តែ​ម្ដង ដែល​បច្ចុប្បន្ន​ហាក់​កំពុង​មមាញឹក​ខ្លាំង​បំផុត​នៃ​បទល្មើស​អំពើ​ចោរកម្ម​នេះ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៩ មិថុនា​នេះ នៅ​ចំណុច​ផ្សារ​រាត្រី ដែល​ស្ថិត​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​តែ​ម្ដង ។ ម៉ូតូ​នោះ​ម៉ាក់​ឃ្លី​ក​ពណ៌​ស ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​បាត់ដំបង 2M-6514 របស់​ឈ្មោះ​ឯម បូ​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្សារ រួច​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ លុះ​ត្រឡប់​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង ។

ជុំវិញ​អំពើ​ចោរកម្ម​ដែល​បាន​កើតឡើង​ផ្ទូ​ន​ៗ​គ្នា ទាំង​នៅ​តាម​បណ្ដា​ស្រុក និង​នៅ​ក្នុង​ក្រុង​បាត់ដំបង នេះ មន្ត្រី​ជំនាញ​នៅ​តាម​ទីកន្លែង​កើតហេតុ​ទាំងនោះ ហាក់​មិន​ទាន់​មានការ​អះអាង​ថា បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ណាមួយ​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បាន​ប្រាប់​ថា ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​ដាក់​ផែនការ និង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ដុតដៃដុតជើង ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ ។ ជា​ពិសេស​មន្ត្រី​នៅ​តាម​តាម​អធិការ​ស្រុក និង​ក្រុង​ដែល​បទល្មើស​បាន​កើតឡើង ក្នុង​ទឹកដី​របស់​ខ្លួន​គ្រប់គ្រង ត្រូវ​ប្រឹងប្រែង​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ ដើម្បី​វែកមុខ​ជន​ដៃដល់ ។

គួរ​កត់សម្គាល់​ផង​ដែរ​ចំពោះ​បទល្មើស​ដែល​បាន​កើតឡើង ក្នុង​រយៈពេល​ជិត​១​ខែ​កន្លង​ទៅ​នេះ​ហាក់​មានការ​កម្រើក​យ៉ាង​ខ្លាំង នៅ​តាម​ស្រុក​មួយ​ចំនួន និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ។ បទល្មើស​ដែល​បាន និង​កំពុង​ផ្ទុះ​ឡើង​នា​ពេល​នេះ ត្រូវ​គេ​កត់​សម្គាល់ថា គឺ​«​អំពើ​ចោរកម្ម និង​គ្រឿងញៀន​» ។ ប៉ុន្តែ​បទល្មើស​ដែល​កើតឡើង​ធ្ងន់ធ្ងរ និង​ញឹក​ញ៉ាប់​ជាងគេ​មួយ​រយៈ​កន្លង​ទៅ​នេះ ដែល​មាន​ទាំង​បទល្មើស​ឧក្រិដ្ឋ​ផង គឺ​កើតឡើង​នៅ​ក្នុងស្រុក​បាណ​ន់ ដែល​មាន​អំពើ «​លួច ប្លន់ ឃាតកម្ម និង​ជួញដូរ​គ្រឿងញៀន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ