ដែនដី​កោះ​រ៉ុ​ង​…​ប្រែក្លាយជា​ក្រុង​កោះ​រ៉ុ​ង​ហើយ


ខេត្តព្រះសីហនុ ៖ ​ដើម្បី​ឲ្យ​ស្រប​តាម​ស្ថានភាព​ភូមិសាស្ត្រ និង​កា​រវិ​វត្ត​រីក​ចម្រើន​ នា​ពេលបច្ចុប្បន្ន រាជ រដ្ឋាភិបាល​បាន​បង្កើត​រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង ចំណុះ​ខេត្ត​ព្រះ​សីហ​នុ ដែល​ពី​មុន​កោះ​រ៉ុ​ងជា​មូលដ្ឋាន​រដ្ឋបាល​ថ្នាក់​សង្កាត់​ចំណុះ​រដ្ឋបាល​ក្រុងព្រះសីហនុ ។ ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​-​អភិបាលរងក្រុង​​កោះ
​រ៉ុ​ង និង​ប្រកាស​ទទួលស្គាល់​ក្រុមប្រឹក្សា​ក្រុង​កោះ​រ៉ុ​ង កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុ​នា លោក យន្ត មីន អភិ បាលខេត្តបាន​ថ្លែង​ថា ទឹកដី​កោះ​រ៉ុ​ង​មាន​ចម្ងាយ​ប្រមាណ​៣៦គីឡូម៉ែត្រ​ពី​ដែន​គោក ។

បើ​យើងធ្វើ​ដំណើរ​តាម​ទូក​ពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​ក្រុង​កោះ​រ៉ុ​ង ​ចំណាយពេល​ត្រឹមតែ​៣០ ​ទៅ​៤០​នាទី​ប៉ុណ្ណោះ​ហើយ ​ពេល​នេះ​ត្រូវ​បាន​បង្កើត​ជា​រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ពី​មុន​កោះ​​រ៉ុ​ង​ស្ថិត​នៅ​ជា​មូលដ្ឋាន​រដ្ឋបាល​ថ្នាក់ សង្កាត់ ចំណុះ​រដ្ឋបាល​ក្រុងព្រះសីហនុ ។ ការបង្កើត​នេះ គឺ​ស្រប​តាម​ស្ថានភាព​ភូមិសាស្ត្រ និងកា​រវិ​វត្ត​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន តាម​គោលនយោបាយ​របស់​រាជ រដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

លោក​អភិបាលខេត្ត​ថ្លែង​ទៀត​ថា ក្រុង​កោះរ៉ុ​ង​មាន​សង្កាត់​ចំនួន​២ គឺ​សង្កាត់​កោះ​រ៉ុ​ង និងសង្កាត់​កោះ​រ៉ុ​ង​សន្លឹម ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​៧០០​គ្រួសារ ។ បើ​ទោះបីជា​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ក្រុង​នេះ​មិន​ទាន់​បាន​រៀបរយក្តី តែ​លោក​នឹង​ជំរុញ​ដល់​ការ​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ធានា​និរន្តរភាព និង​ភាព​ងាយស្រួល​ក្នុង​ការ​បំពេញការងារ​ផ្សេង​ៗជូន​ប្រជាពលរដ្ឋ ។ នា​ពេល​អនាគត យើង​សង្ឃឹមថា​ក្រុង​កោះ​រ៉ុ​ង​នឹង​កាន់តែ​ល្អ​ប្រសើរ ហើយជាទី​កន្លែង​គួរ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក ។

លោក យន្ត មីន បាន​បញ្ជាក់​ទៀត​ថា ក្រុង​កោះ​រ៉ុ​ង​គឺជា​តំបន់​ទេសចរណ៍​មួយ​ប្រក​ដោយ​សក្តានុ​ពល ។ កោះ​រ៉ុ​ង​មាន​ឆ្នេរ​ខ្សាច់​ស្អាត មានទឹកសមុទ្រ​ថ្លាឈ្វេង​គួរ​ឱ្យ​ចង់​ហែល​លេង​កម្សាន្ត ហើយ​កោះ​នេះ​គ្របដណ្ដប់​ទៅ​ដោយ​ព្រៃឈើ​បៃតង មាន​បរិយាកាស​ល្អ ខ្យល់អាកាស​បរិសុទ្ធ​គួរ​ឱ្យ​ចង់​មក​លំហែ ។ សក្តានុពល​របស់​កោះ​រ៉ុ​ង ធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កោះ​រ៉ុ​ង​នៃ​ខេត្ត​ព្រះ​សីហ​នុ​ថា​ជា​កន្លែង​គួរ​ជាទី​មនោ​រម្យ​ចង់​មក​លំហែ ។ ការ​បង្កើត​ដែនដី​កោះ​នេះ​ឲ្យ​ទៅ​ជា​ក្រុង​រដ្ឋបាល គឺជា​ការ​បង្ខិត​សេវា​ឲ្យ​មក​នៅ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ និង​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ។

លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ដល់​គណៈ​អភិបាល​ក្រុង និង​ក្រុមប្រឹក្សា​ក្រុង​កោះ​រ៉ុ​ង ត្រូវ​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ដែនដី​របស់​ខ្លួន ជា​ពិសេស​គឺ​បង្កើន​ការ​ថែរក្សា​បរិស្ថាន​ឆ្នេរ បរិស្ថាន​ធម្មជាតិ ដែល​ជា​សក្តានុពល​ដ៏​ទាក់ទាញ​សម្រាប់​ទីក្រុង​មួយ​នេះ និង​សហការ​សាមគ្គី​គ្នា​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ត្រូវធ្វើ​ខ្លួន​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ ។ ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជីវភាព​ប្រជាពលរដ្ឋ​បាន​ធូរធារ អត្រា​នៃ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​ជា​លំដាប់ និង​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង និង​លោក អ៊ួ​ង និ​ត ប្រធាន​ក្រុមប្រឹក្សា​កោះ​រ៉ុ​ង បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ស្រ​ដៀង​គ្នា​ថា នឹង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ និង​រួម​គ្នាខិតខំ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ដែន​កោះ​មួយ​នេះ​ឲ្យ​កាន់តែ​មានដំណើរ​ការ​ល្អ​ប្រសើរ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​ការពារ​សុវត្ថិភាព សន្តិសុខ ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ