Tesla ប្រុង​លេង​មែនទែន​ផលិត​រថយន្ត​អគ្គិសនី​បើក​ក្នុង​ទឹក


យោង​តាម​ប្រភព​ព័ត៌មាន Car and Driver បានឱ្យ​ដឹង​ថា ម្ចាស់​ភាគហ៊ុន​បាន​សួរ​លោក Musk ថា​ចង់​ផលិត​រថយន្ត​អគ្គិសនី​ដែល​អាច​បើកបរ​ទាំង​ក្រោម​ទឹក និង លើគោក​ដែរ​ឬ​អត់​។

លោក Musk បាន​បញ្ចេញ​ប្រាប់​ថា ក្រុមហ៊ុន Tesla កំពុង​ពិចារណា​លើ​ការ​អភិវឌ្ឍ​រថយន្ត​ដែល​អាច​បើក​ជ្រមុជ​ទឹក ហើយ​ក៏​ធ្លាប់​ឌី​ហ្សា​ញ​ចេញ​ជា​រូបរាង​សម្រាប់​រថយន្ត​នេះ​ហើយ​ទៀត​ផង​។​លោក​បាន​និយាយ​ថា​៖ «​វា​ពិតជា​គួរ​ឱ្យ​ចង់​សើច​ណាស់​ពេល​យើង​និយាយ​បែប​នេះ តែ​យើង​ពិតជា​បាន​ឌី​ហ្សា​ញ​ម៉ូ​ដ​សម្រាប់​រថយន្ត​ជ្រមុជ​ទឹក​នេះ​មែន ដែល​វា​មាន​រាង​ស្រ​ដៀង​នឹង​រថយន្ត​ក្នុង​រឿង The Spy Who Loved Me»​។

នេះ​មិនមែន​ជា​លើក​ទី​មួយ ដែល​លោក Musk បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​លើ​រថយន្ត​ចម្លែក​ៗ​។ សហគ្រិន​នេះ​គឺជា​អ្នកគាំទ្រ​ដ៏​ធំ​នៃ​រថយន្ត Lotus Esprit ដ៏​ល្បីល្បាញ ដែល​មាន​លេចមុខ​នៅ​ក្នុង​រឿង​របស់​លោក James Bond កាលពី​ឆ្នាំ​១៩៧៧​។ លោក​ថែម​ទាំង​បាន​ដេញថ្លៃ​ទិញ​យក​រថយន្ត​នោះ ក្នុង​តម្លៃ ៩៩៧០០០​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​២០១៣​។ នៅ​ពេល​នេះ លោក​ចង់​ដាក់​ម៉ាស៊ីន Tesla ទៅ​ក្នុង​វា តែ​មិន​ទាន់​បាន​កើតឡើង​នៅឡើយ​ទេ​។

លោក Musk បាន​និយាយ​នៅ​ពេល​នោះ​ថា​៖ «​វា​ពិតជា​អស្ចារ្យ​ណាស់ នៅ​ពេល​ក្មេង​តូច​ម្នាក់​នៅ​អាហ្វ្រិក​ខាងត្បូង មើល​លោក James Bond នៅ​ក្នុង​រឿង The Spy Who Loved Me ដែល​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Lotus Esprit ដែល​អាច​ប្លែងខ្លួន​ទៅ​ជា​រថយន្ត​ជ្រមុជ​ទឹក​។ ខ្ញុំ​ពិតជា​ខកចិត្ត​ណាស់​ដែរ ដែល​វា​មិន​អាច​ប្លែងខ្លួន​ដូច​ក្នុង​រឿង​។ ខ្ញុំ​នឹង​ដាក់​ម៉ាស៊ីន​អគ្គិសនី​របស់ Tesla នៅ​ក្នុង​ខ្លួន​របស់​វា​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្វីបើ​លោក Musk និយាយ​បែប​នេះ​មែន តែ​គម្រោង​នេះ​នៅ​មិន​ទាន់​ដាក់​ទៅ​ជា​ការ​អនុវត្ត​នៅឡើយ​ទេ​។ នេះ​ក៏​ដោយសារ​តែ​វា​មិនមែន​ជា​អ្វី​ដែល​សំខាន់​សម្រាប់ Tesla នៅ​ពេល​នេះ​ ។ ខណៈ​នេះ Tesla ផ្តោត​លើ​ការ​លក់​របស់ Model 3, Model S, Model X និង Model Y ផង​ដែរ​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ