ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ទេព​ដ៏​សក្តិ​សិទ្ធិ​ថែរក្សា​ប្រាសាទ​អង្គរ​វត្ត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ «​តា​រាជ​»​គឺជា​ចម្លាក់​ទេព​តំណាង​ឱ្យ​ព្រះ​វិស្ណុ​នៃ​ព្រហ្មញ្ញ សាសនា​មាន​ព្រះ​ហស្ត​៨ រចនាបថ​បាយ័ន កម្ពស់​ជិត​៤​ម៉ែត្រ ឆ្លាក់​ពី​ថ្ម​មួយ​ដុំ ។ បដិមា​នេះ​តម្កល់​ទុក​នៅ​ច្រកចូល​ទិស​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត ។…

ខេត្តសៀមរាប ​៖ «​តា​រាជ​»​គឺជា​ចម្លាក់​ទេព​តំណាង​ឱ្យ​ព្រះ​វិស្ណុ​នៃ​ព្រហ្មញ្ញ សាសនា​មាន​ព្រះ​ហស្ត​៨ រចនាបថ​បាយ័ន កម្ពស់​ជិត​៤​ម៉ែត្រ ឆ្លាក់​ពី​ថ្ម​មួយ​ដុំ ។ បដិមា​នេះ​តម្កល់​ទុក​នៅ​ច្រកចូល​ទិស​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត ។ ភាព​ល្បីល្បាញ​នៃ​ឫទ្ធានុភាព​ដ៏​អស្ចារ្យ​នៃ​អាទិទេព​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ និង​ប្រជាជន​ខ្មែរ​តាំងពី​បុរាណ រហូត​ដល់​បច្ចុប្បន្ន​គោរព​បូជា មាន​ជំនឿ​ជាក់​មុតមាំ​ចំពោះ​ភាព​សក្តិ​សិទ្ធិ​របស់​ព្រះ​អង្គ ហើយ​ចាត់ទុកជា​ស្តេច​ទេព​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ថែរក្សា​ប្រាសាទអង្គរវត្ត​រហូត​ដល់​សព្វថ្ងៃ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៩​ផ្សាយ​ថា បើ​ទោះបីជា​មាន​អាយុ​រាប់រយ​ឆ្នាំ ឆ្លងកាត់​ច្រើន​សម័យកាល​នៃ​ប្រទេស​ជាតិ ក៏​បដិមា «​តា​រាជ​» នៅ​តែ​បង្ហាញ​រាង​មាំទាំ និង​ពេញ​ដោយ​តេជះ​បារមី ។ ទេព​អង្គ​នេះ​ក៏​ធ្លាប់​បាន​ទទួល​ការ​ជួសជុល​ជា​ច្រើន​ដង​ពី​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ ដែល​រង​គ្រោះ​ដោយ​កត្តា​ធម្មជាតិ​នៃ​អាយុកាល​របស់​ខ្លួន សង្គ្រាមស៊ីវិល និង​ការ​យាយី​ពី​ពួក​ឈ្មួញ​ទុច្ចរិត​ប៉ង​កាត់​ព្រះ​កេស​យក​ទៅ​ជួញដូរ​ដ៏​គួរ​ឱ្យ​ខ្លោចផ្សា ។

ទាក់ទង​នឹង​ការ​អភិរក្ស​ឡើង​វិញ លោក ឡុ​ង ណា​រី អ្នកជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​អ្នក​ធ្លាប់​រួមចំណែក​ជួសជុល​តា​រាជ​កន្លង​មក បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មក​ដល់​ពេល​នេះ​លោកតា​រាជ​បាន​ឆ្លងកាត់​ប្រវត្តិ​ជួសជុល​ច្រើន​ជំនាន់​មក​ហើយ យោង​ទៅ​លើ​ភស្តុ​ង​តាង​បច្ចេកទេស​អភិរក្ស និង​សម្ភារ​នៅ​ក្នុង​រាង​កាយ​ដែល​ធ្លាប់​ជួសជុល​ពី​សម័យ មុន​ៗ​។

ការ​ជួសជុល​តារា​ជ គឺ​មាន​តាំងពី​ចុង​ស​.​វ​ទី​១៦ នៅ​លើ​ជើង​ដែល​បាក់​ជា​ពីរ​កំណាត់​ទាំង​ពីរ ព្រោះ​តាម​ការ​ពិសោធ​របស់​អ្នកជំនាញ​ឃើញ​ថា សាច់​ថ្ម​នៅ​ជើង និង​ដងខ្លួន​មានគុណ​ភាព​ផ្សេង​គ្នា ។ បញ្ហា​បែកបាក់​នេះ​កើតឡើង​ប្រហែល​ដោយសារ​អន្តរកាល​ផ្លាស់​ប្តូរ​សាសនា​ពី​ព្រហ្មញ្ញ​មក​ព្រះពុទ្ធ ។ បន្ត​មក​ទៀត នៅ​សម័យ​បារាំង​ដោយ​មើលឃើញ​ហានិភ័យ​នៃ​បដិមា​ទ្រេត​ផ្ងារ​ទៅ​ក្រោយ​រក​ដួល​រលំ អ្នកជំនាញ​សាលា​បារាំង​ចុង​បូព៌​៌ា ក៏​បាន​ជួសជុល​ឡើង​វិញ ដោយ​ការ​ជីក​បង្ហាប់ដី ពង្រឹង​គ្រឹះ​ដើម្បី​តម្កល់​ព្រះ​វិស្ណុ​ឬ​តា​រាជ​ឱ្យ​មាន​លំនឹង​កាន់តែ​រឹង​មាំ​ឡើង​វិញ នា​ឆ្នាំ​១៩៤៦ ។

ក្រោយមក នៅ​ឆ្នាំ​១៩៨៧-១៩៩៣ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​អភិរក្ស​ដ្ឋា​ន​អង្គរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាមួយ​ឥណ្ឌា ក៏​បាន​ជួសជុល​ផ្នែក​ខ្លះ​នៃ​ព្រះ​ហស្ត​ទាំង​សងខាង​ដែល​បែកបាក់ បាត់បង់ ដោយ​ប្រើ​ស៊ីម៉ង់​តិ៍​ជំនួស ។

បើ​រំឭក​កាលពី​ឆ្នាំ​១៩៨៥ ព្រះ​កេស​របស់​លោកតា​រាជ ត្រូវ​បាន​ជន​ទុច្ចរិត​មួយ​ក្រុម​ប៉ុនប៉ង​អារផ្តាច់​ក្នុង​បំណង​ជួញដូរ តែ​មិន​បាន​សម្រេច ទើប​សមត្ថកិច្ច​យក​ព្រះ​កេស​ទៅ​រក្សា​ទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ មុន​នឹង​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ដើម្បី​រក្សា​សុវត្ថិភាព ។ ក្នុង​ភាព​វឹកវរ​ប្រទេស​ជាតិ​មិន​ទាន់​មាន​សន្តិសុខ​ពេញលេញ ក្រុម​អភិរក្ស​ដ្ឋា​ន​អង្គរ​បាន​ចម្លង​ព្រះ​កេស​ថ្មី​ពី​ស៊ីម៉ង់​តិ៍​ជំនួស​ព្រះ​កេស​ដើម​វិញ ដើម្បី​បំពេញ​លក្ខណៈ​រាង​កាយ​នៃ​បដិមា និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ ។

លុះ​មក​ដល់​ឆ្នាំ​២០០២-២០០៣ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​ស្ថាប័ន​អា​ល្លឺ​ម៉​ង់ (GACP) ក៏​បាន​ជួសជុល​លើ​ព្រះ​ហស្ត​ឆ្វេង​២ ស្តាំ​មួយ និង​ស្មា​ស្តាំ​ដែល​ប្រេះ​បម្រុង​ធ្លាក់ អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់​ដល់​រូបចម្លាក់​ផ្ទាល់ និង​ទេសចរ​ដែល​ឆ្លងកាត់​ចូល​គោរព​បូជា​ផង ទើប​ក្រុមការងារ​បាន​ប្តូរ​ព្រះ​ហស្ត​ទាំង​បី និង​ស្មា​ដែល​ធ្វើ​ពី​ស៊ីម៉ង់​តិ៍​ជំនួស​ដោយ​ថ្មភក់​វិញ ។ បន្ថែម​ពី​នោះ​ដោយ​មើលឃើញ​ថា លោកតា​រាជ​ជា​ទេព​ស័ក្តិសិទ្ធិ​ក្នុង​ជំនឿ​ខ្មែរ ហើយ​ប្រទេស​ជាតិ​ក៏​មាន​សុខ​សន្តិភាព​ហើយ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា និង​អា​ល្លឺ​ម៉​ង់ ក៏​បាន​ស្នើ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​ភ្នំពេញ ដើម្បី​សុំ​ព្រះ​កេស​ដើម យក​ត​ភ្ជាប់​នឹង​ព្រះ​កាយ​វិញ ទើប​សម​នឹង​តម្លៃ​នៃ​ការ​គោរព​ជំនឿ​ដ៏​មុតមាំ និង​សមត្ថភាព​នៃ​ក្រុមការងារ​របស់​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ចការ​អភិរក្ស​ផង ។

លោក​ឡុ​ង ណា​រី បាន​សំណូមពរ​ដល់​អ្នក​គោរព​បូជា​កុំ​ស្រោច​ទឹក​លើ​ព្រះបាទ​បដិមា ដែល​បណ្តាល​ឱ្យ​ទឹក​ហូរ​ជ្រាប​ចូល​តាម​ស្នាម​ប្រេះ​ដល់​បាយអរ នាំ​ឱ្យ​សាច់​ថ្ម​ឆាប់​សឹក​រេច​រិល និង​ពុក​ផុយ ។ រីឯ​ផ្សែង​ធូប​ច្រើន​នឹង​ធ្វើ​ឱ្យ​ម្រ័ក្សណ៍​និង​ទឹកមាស​លើ​រូប​បដិមា ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ស្រអាប់ ។ ក្នុង​នោះ​ដែរ ការ​បំពាក់​ស្បង់​ចីពរ​ច្រើន​ជាន់​លើ​គ្នា​នឹង​ធ្វើ​ឱ្យ​ធ្ងន់ នាំ​ឱ្យ​របេះ​ដល់​ជាតិ​ម្រ័ក្សណ៍​លើ​ដងខ្លួន​បដិមា ព្រោះ​ម្រ័ក្សណ៍​ខ្លះ​ដែល​ទើប​លាប​ជំនាន់​ក្រោយ​មិន​មានគុណ​ភាពល្អ​ដូច ដើម​ទេ ងាយ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ណាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ