ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​យក​ទឹក​ស្អាត​សម្រាប់​ទទួលទាន​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​២,៥​លាន​នាក់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

●​ ​ធនាគារ​វិនិយោគ​អឺរ៉ុប (​ហៅ​កាត់​ថា EIB) ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​កម្ចី​ថ្មី ក្នុង​ទំហំ​ទឹកប្រាក់​៨៥,៩ លាន​អឺ​រ៉ូ សម្រាប់​សាងសង់​រោងចក្រ​ទឹក​ស្អាត​បាក់​ខែង ●​ ​ការ​វិនិយោគ​លើក​ដំបូង​របស់​ធនាគារ…

●​ ​ធនាគារ​វិនិយោគ​អឺរ៉ុប (​ហៅ​កាត់​ថា EIB) ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​កម្ចី​ថ្មី ក្នុង​ទំហំ​ទឹកប្រាក់​៨៥,៩ លាន​អឺ​រ៉ូ សម្រាប់​សាងសង់​រោងចក្រ​ទឹក​ស្អាត​បាក់​ខែង
●​ ​ការ​វិនិយោគ​លើក​ដំបូង​របស់​ធនាគារ EIB ក្នុង​ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្រោម​កម្មវិធី​ផ្តល់​ហិរញ្ញប្បទាន​កម្ចី ទៅ​កាន់​ប្រទេស​ដែល​ឋិត​នៅ​ក្រៅ​សហភាព​អឺរ៉ុប
●​ ​ដោយ​មានការ​គាំទ្រ​ពី​ហិរញ្ញប្បទាន​វិនិយោគ​ឥត​សំណង ពី​សហភាព​អឺរ៉ុប ក្នុង​ទឹកប្រាក់​១៣,៥ លាន​អឺ​រូ

ក្នុង​ទិវា​នៃ​កិច្ច​អភិវឌ្ឍន៍​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ធនាគារ​វិនិយោគ​អឺរ៉ុប (​ហៅ​កាត់​ថា EIB) បាន​ចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​កម្ចី​ថ្មី​មួយ​ក្នុង​ទឹកប្រាក់​៨៥,៩ លាន​អឺ​រ៉ូ ជាមួយ និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​កែ​លម្អ​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ទទួលទាន​នៅ​ក្នុង និង​ជុំវិញ​រាជធានី​នៃ​ប្រទេស​កម្ពុជា ។ គម្រោង​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ពី​ហិរញ្ញប្បទាន​វិនិយោគ​ឥត​សំណង​ពី​កម្មវិធី​វិនិយោគ​នៅ​អាស៊ី​នៃ​សហភាព​អឺរ៉ុប​ក្នុង​ទឹកប្រាក់​១៣,៥ លាន​អឺ​រ៉ូ និង​មានការ​គាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (​ហៅ​កាត់​ថា AFD) ក្រោម​គំនិត​ផ្តួចផ្តើម​ពឹងផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក (Mutual Reliance Initiative) ។

ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​មានការ​សាងសង់​រោងចក្រ​ទឹក​ស្អាត​បាក់​ខែង ដែល​ឋិត​នៅ​ជាយក្រុង​ភាគ​ខាងជើង​នៃ​ទីក្រុង​ភ្នំពេញ​ដោយ​ប្រភព​សម្រាប់​យក​ទឹក​មាន​ទីតាំង​ឋិត​នៅ​ច្រាំង​ខាងលិច​នៃ​ទន្លេមេគង្គ ។ ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹក​ស្អាត និង​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​ក្នុង​ទីក្រុង​ភ្នំពេញ ។ ទឹក​ស្អាត​ប្រមាណ​៧១​ពាន់​លាន​លី​ត្រ​នឹង​ត្រូវ​ចែកចាយ​ជា​រៀង​រាល់​ឆ្នាំ​ទាំង​ក្នុង និង​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមា​ន​១០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​កំពុង​រស់នៅ និង​ជា​កន្លែង​ដែល​មាន​សកម្មភាព​ឧស្សាហកម្ម​ភាគច្រើន​របស់​ប្រទេស​នេះ ។

លោក Andrew McDowell អនុប្រធាន​ធនាគារ EIB ទទួល​បន្ទុក​ប្រតិបត្តិការ EIB ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា «តាម​រយៈ​ការ​ផ្តល់​ទឹក​ស្អាត​សម្រាប់​ទទួលទាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ គម្រោង​នេះ​នឹង​ជួយ​កាត់​បន្ថយ​វិសមភាព និង​នាំ​មក​នូវ​ការ​រីក​ចម្រើន​ពិតប្រាកដ​ដល់​សុខភាព និង​ការ​អប់រំ​របស់​ប្រជាពលរដ្ឋ​។ នេះ​គឺជា​អ្វី​ដែល​កើតឡើង​ពិតប្រាកដ ជា​ពិសេស​សម្រាប់​អ្នក​ដែល​រស់នៅ​តាម​តំបន់​ក្រីក្រ​ជាងគេ​ក្នុង​ទីក្រុង ជា​ពិសេស​ស្ត្រី និង​ក្មេង​ស្រី​តូច​ៗ ដែល​កន្លង​មក​បំពេញ​តួនាទី​ជា​អ្នក​ទៅ​ដងទឹក ហើយ​ជា​អ្នក​ដែល​ពុំ​មាន​លទ្ធភាព​ទទួល​បាន​ទឹក ពី​ប្រភព​ទឹក​ស្អាត​ដែល​មាន​សុវត្ថិភាព​និង​អាច​ជឿ​ទុកចិត្ត​បាន​។ គម្រោង​នេះ ក៏​នឹង​ជួយ​សហគមន៍​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈ​ការ​ការពារ​ទឹក​នៅ​លើ​ដី​ផង​ដែរ​។ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ជាមួយ​គម្រោង​នេះ រួម​គ្នា​ជាមួយ​និង​គណៈ កម្មការ​អឺរ៉ុប ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​ដៃគូ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​។ កិច្ចការ​រួម​គ្នា​នេះ បាន​បង្ហាញ​ពី​តម្លៃបន្ថែម​ពិតប្រាកដ​នៃ​កិច្ច​សហប្រតិបត្តិការ​។»

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា «​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី ៦ មាន​បញ្ចូល​ចំណុច​ដៅ ដើម្បី​ធានា​ឱ្យ​មានទឹក និង​ការ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព សម្រាប់​ទាំងអស់​គ្នា​ត្រឹម​ឆ្នាំ​២០៣០​។ សហភាព​អឺរ៉ុប ប្តេជ្ញា​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី ៦ តាម​រយៈ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់ទី​ក្រុងភ្នំពេញ ដែល​ជា​រាជធានី​របស់​ប្រទេស​កម្ពុជា និង​ជាទី​ក្រុង​ដែល​មាន​កំណើន​ប្រជាពលរដ្ឋ​ឆាប់រហ័ស​ជាងគេ​។ ជាមួយ​និង​ហិរញ្ញប្បទាន​វិនិយោគ​ឥត​សំណង ដែល​ផ្តល់​ដោយ​សហ ភាព​អឺរ៉ុប​ទៅ​ក្នុង​គម្រោង​នេះ នឹង​ផ្ដោត​ជា​អាទិភាព​លើ​កា​រត​ភ្ជាប់​បណ្តាញទឹក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់នៅ​តាម​ជាយក្រុង​និង​រស់នៅ​ក្នុង​ទីក្រុង ដូច​ជា​គ្រួសារ​ដែល​មាន​ស្ត្រី​ជា​មេ​គ្រួសារ​និង​មាន​ចំណូល​ទាប និង​គ្រួសារ​ដែល​មាន​សមាជិក​មាន​ពិការ​ភាព​ជាដើម​។ យើង​ជឿជាក់​ថា គ្រប់​គ្នា​គួរ​មានឱកាស​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត​។​»
ឯកឧត្តម ហែម វណ្ណ​ឌី អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា «​គម្រោង​នេះ នឹង​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​កំពុង​កើន​ចំនួន​យ៉ាង​ឆាប់រហ័ស តាម​រយៈ​ការ​បំពេញតម្រូវការ​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​មាន​សុវត្ថិភាព​សម្រាប់​ពួក​គាត់ ដែល​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ពួក​គាត់​កាន់តែ​មាន​សុខភាព​ល្អ​ប្រសើរ​ផង​ដែរ​។ នេះ​ជា​ការ​វិនិយោគ​លើក​ទី ១ របស់​ធនាគារ EIB ក្នុង​ប្រទេស​កម្ពុជា ដែល​មានការ​គាំទ្រ​ពី​ហិរញ្ញប្បទាន​វិនិយោគ​ឥត​សំណង​ក្នុង​ទឹកប្រាក់ ១៣,៥​លាន​អឺ​រ៉ូ ពី EU តាម​រយៈ​កម្មវិធី​វិនិយោគ​នៅ​អាស៊ី ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​របស់​ខ្លួន​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ជា​ស្ថាប័ន​ដែល​ធ្លាប់​មាន​ប្រវត្តិ​បំពេញការងារ​យ៉ាង​ល្អ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ស្ថាប័ន​នេះ ក្នុង​ការ​បញ្ចប់​គម្រោង​នេះ​ដោយ​ជោគជ័យ​។​»

ឯកឧត្តម ស៊ឹ​ម ស៊ី​ថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ប្រសាសន៍​ថា «​ដូចដែល​អ្នក​ទាំងអស់​គ្នា​បាន​ជ្រាប​ហើយ​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ផ្តួចផ្តើម​ដំណើរការ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​កាលពី ២២ ឆ្នាំ​មុន​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​សម្រេច​នូវ​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​៖ ទឹក​ដែល​ពុំ​មាន​ផ្តល់​ចំណូល​បាន ថយ​ចុះ​ពី ៧២% មក​នៅ ៨%, ចំណូល​ដែល​បាន​ពី​ការ​លក់​កើនឡើង ១០​ដង ហើយ​ឥឡូវនេះ​អត្រា​នៃ​ការ​ចេញ​វិក្កយបត្រ​ទឹក កើនឡើង​កៀក​ដល់ ១០០%​។ លទ្ធផល​ទាំងនេះ ពុំ​អាច​សម្រេច​បាន​ឡើយ ប្រសិនបើ​ពុំ​មានការ​បន្ត​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ AFD និង EIB បំពេញ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្នុង​ការ​បង្កើន​សមត្ថភាព​ផលិតកម្ម និង​ចែកចាយ​ដើម្បី​បំពេញតម្រូវការ​ទឹក ដូចដែល​បាន​ព្យាករ​ក្នុង​ផែនការមេ ២០១៦-២០៣០​។ ការ​គាំទ្រ​នេះ បាន​ផ្តល់​លទ្ធភាព​ឱ្យ​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ ឆ្លើយ​តប​ចំពោះ​កំណើន​ប្រជាសាស្ត្រ និង​កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​នៅ​តាម​តំបន់​ជិតខាង​។»

គម្រោង​នេះ មាន​ទិស​ដៅ​ស្របគ្នា​ជាមួយ​និង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ ២០១៤-២០២០ សម្រាប់​កិច្ច​សហប្រតិបត្តិការ​របស់​សហភាព​អឺរ៉ុប ជាមួយ​និង​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​ទី ១ នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប គឺ “​វិស័យ​គ្រប់គ្រង​កសិកម្ម និង​ធនធានធម្មជាតិ​” និង ស្រប​តាម​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អឺរ៉ុប សម្រាប់​កម្ពុជា ២០១៤-២០១៨ ដែល​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។

អំពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ប្រវត្តិ​តាំងពី​ឆ្នាំ ១៨៩៥ មក​ម្ល៉េះ ដែល​កាលនោះ​ក្រុមហ៊ុន Compagnie des Eaux et Électricité de l’Indochine (CEEI) ត្រូវ​បាន​បង្កើត​ឡើង និង​មានការ​សាងសង់​រោងចក្រ​ទឹក​ស្អាត​ជ្រោយចង្វា​។ បេសកកម្ម​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គឺ​ដើម្បី​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ទទួលទាន​រយៈពេល​ពេញ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ជាមួយ​និង​សម្ពាធ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​តម្លៃ​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ក្នុង​ខេត្តកណ្ដាល ដែល​ជា​ខេត្ត​ស្ថិត​នៅ​ជាប់​នឹង​ទីក្រុង​ភ្នំពេញ ហើយ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា ក៏​មានការ​ពិចារណា​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ផង​ដែរ​។

លើស​ពី​នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏​បាន​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន ជាមួយ​និង​រដ្ឋាករទឹក​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ភារកិច្ច​មួយ គឺ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវការ​ដែល​មិន​ធ្លាប់​មាន ហើយ​ក្នុង​ពេល​ជាមួយ​គ្នា នៅ​តែ​អាច​បន្ត​រក្សា​បាន​នូវ​កម្រិត​ឧត្តមភាព​លំដាប់ថ្នាក់​ពិភពលោក ដោយ​ធានា​អត្ថប្រយោជន៍​សង្គម​ផង និង​រក្សា​តម្លៃ​ទឹក​ឱ្យ​នៅ​ទាប​តាម​ដែល​អាច​ធ្វើ​បាន​។ ព័ត៌មាន​បន្ថែម​ស្តី​ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សូម​ចូល​មើល​គេហទំព័រ​៖ http://www.ppwsa.com.kh/en/

អំពី​ធនាគារ​វិនិយោគ​អឺរ៉ុបៈ ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) គឺជា​ស្ថាប័ន​ផ្តល់​ហិរញ្ញប្បទាន​កម្ចី​រយៈពេល​វែង​របស់​សហភាព​អឺរ៉ុប និង​ជា​ធនាគារ​របស់​រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​។ ធនាគារ​នេះ ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​វែង​សម្រាប់​ការ វិនិយោគ​ដែល​មាន​ភាពល្អ​ប្រសើរ ដើម្បី​រួមចំណែក​សម្រេច​គោលដៅ​គោលនយោបាយ​របស់​សហភាព​អឺរ៉ុប ទាំង​នៅ​ក្នុង​តំបន់​អឺរ៉ុប និង​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។ ធនាគារ​វិនិយោគ​អឺរ៉ុប មាន​សកម្មភាព​ក្នុង​ប្រទេស​ប្រមាណ ១៦០ ប្រទេស​។ សម្រាប់​ការ​ចូលរួម​របស់​ធនាគារ EIB ក្នុង​ទិវា​អភិវឌ្ឍន៍​អឺរ៉ុប​ឆ្នាំ ២០១៩ សូម​ចូល​មើល​គេហទំព័រ https://www.eib.org/en/events/2019-european-development-days ។

វីដេអូសម្រាប់បណ្ដាញផ្សព្វផ្សាយយកទៅប្រើប្រាស់៖ https://youtu.be/DCJs_UzcUfw

ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​អ្នក​សារព័ត៌មាន​៖ EIB: Shirin Wheeler s.wheeler@eib.org ទូរស័ព្ទ​: +44 7827 445611
Anne-Laure Gaffuri a.gaffuri@eib.org ទូរស័ព្ទ​: +352 437 983 689/ +352 691 284 679
គេហទំព័រ​៖ www.eib.org/press – ការិយាល័យ​ព័ត៌មាន​៖ +352 4379 21000 – press@eib.org ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ