ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថោ​ង ខុន ណែនាំ​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​យកចិត្តទុកដាក់​បម្រើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ត្រូវ​រួម​គ្នា​សម្រេច​ឲ្យ​បាន​នូវ​តួនាទី​ភារកិច្ច​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល សំខាន់​ត្រូវ​លើកកម្ពស់​សាមគ្គីភាព​ផ្ទៃក្នុង ប្រសិទ្ធភាព​ការងារ គោរព​ឲ្យ​បាន​គោល​ការ​នានា​របស់​រដ្ឋ ហើយ​អ្វី​ជា​សំខាន់ គឺ​ត្រូវ​យកចិត្តទុកដាក់​បំពេញ​ការ ងារ ដើម្បី​ឆ្លើយ​តប​តម្រូវការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ…

ខេត្តកំពង់ធំ ៖ ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ត្រូវ​រួម​គ្នា​សម្រេច​ឲ្យ​បាន​នូវ​តួនាទី​ភារកិច្ច​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល សំខាន់​ត្រូវ​លើកកម្ពស់​សាមគ្គីភាព​ផ្ទៃក្នុង ប្រសិទ្ធភាព​ការងារ គោរព​ឲ្យ​បាន​គោល​ការ​នានា​របស់​រដ្ឋ ហើយ​អ្វី​ជា​សំខាន់ គឺ​ត្រូវ​យកចិត្តទុកដាក់​បំពេញ​ការ ងារ ដើម្បី​ឆ្លើយ​តប​តម្រូវការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ។ ខាងលើ​នេះ​ជា​ការ​ណែនាំ​ក្រើនរម្លឹក​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ។

នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុម ប្រឹក្សា​ខេត្តកំពង់ធំ អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលាខេត្ត​កំពង់ធំ ។ លោក ថោ​ង ខុន បាន​រម្លឹក​ឡើង​វិញ​ថា នៅ​ក្នុង​ដំណើរការ​កសាង​ពង្រឹងពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឆ្លង​តាម​ការ​បោះ​ឆ្នោត​ទាំង​១៥​លើក កន្លង​មក​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​បាន​ពុះពារ​ឆ្លងកាត់​នូវ​វិញ្ញាសា​ថ្មី​ៗ និង​ការ​លំបាក​ស្មុគស្មាញ​នានា​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច សង្គម​រួម​ទាំង​ឥទ្ធិពល​មួយ​ចំនួន​ពី​ខាងក្រៅ​ផង ។

ជាក់ស្តែង​ការ​បោះ​ឆ្នោតជាតិ​លើក​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ល្អ​ជាង​ការ​បោះ​ឆ្នោត​មុន​ៗ ថែម​ទៀត ។ លោក​បន្ត​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​ប្រជាជន​ដែល​ជា​ម្ចាស់​ឆ្នោត​រហូត​ដល់​ជាង​៨៣% នៃ​ចំនួន ប្រជាជន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បាន​ចេញ​ទៅ​បោះ​ឆ្នោត ដើម្បី​សម្រេច​អំពី​ជោគ វាសនា​អនាគត​របស់​ប្រទេស​ជាតិ និង​របស់​ខ្លួន ។

ហេតុនេះ​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោតជាតិ​លើក​ទី​៦ កន្លង​ទៅ​នេះ គឺជា​ជោគជ័យ​រួម​របស់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​យើង ។ ដោយឡែក​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​៣ កាលពី ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ កន្លង​មក​ក៏​ត្រូវ​បាន​វាយតម្លៃ​ថា មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា ហើយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក៏​ត្រូវ​បាន​ទទួលស្គាល់​ពី​គណបក្ស​នយោបាយ​នានា​ដែល​បាន​ចូលរួម​ក្នុង​ការ បោះ​ឆ្នោត​នេះ​ផង​ដែរ ។

លោក​ថោ​ង ខុន បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ផ្អែក​តាម​លទ្ធផល​ផ្លូវការ​របស់ គ​.​ជ​.​ប គឺ​ចំនួន ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ សរុប​មាន​ចំនួន​៤១១៤​រូប ក្នុង​នោះ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត មាន​ចំនួន​៥៥៩​រូប និង​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មាន​ចំនួន ៣៥៥៥​រូប ។ ដោយឡែក​សម្រាប់​រដ្ឋបាល​ខេត្តកំពង់ធំ​មាន​ចំនួន​ក្រុមប្រឹក្សា​ចំនួន​២៥​រូប​ដែល​ត្រូវ​ប្រកាស​ឱ្យ​ចូល​កាន់​មុខ​តំណែង​នា​ថ្ងៃនេះ ។ លោក​ថោ​ង ខុន ក្នុង​នាម​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​បាន​ធ្វើការ​ណែនាំ​ក្រើនរម្លឹក​ដល់​ក្រុមប្រឹក្សា​ខេត្ត​ទាំងអស់​ត្រូវ​បន្ត​លើកកម្ពស់​ទំនាក់ទំនង និង​គណនេយ្យ​ភាព​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល និង រវាង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាមួយ​ប្រជាពលរដ្ឋ​សំដៅ​ប្រែក្លាយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​ស្ថាប័ន​អភិបាលកិច្ច​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​សង្គម​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ