ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ម្នាក់​វារ​លូន​ចេញពី​ដីចម្ការ​ហៅ​គេជួយ ក្រោយ​ផ្ទុះ​យ៉ាង​កក្រើក (មានវីដេអូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ជើង​​ឆ្វេង​ម្ខាងយ៉ាង​ធ្ងន់ធ្ងរ​ ខណ​:​ជន​រង​គ្រោះ​ដើរ​ក្នុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់​ឆ្ការ​ដាំ​ដុះ​ជា​រៀង​រាល់​ឆ្នាំ លុះ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​កក្រើក​តែ​ម្តង ។…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ជើង​​ឆ្វេង​ម្ខាងយ៉ាង​ធ្ងន់ធ្ងរ​ ខណ​:​ជន​រង​គ្រោះ​ដើរ​ក្នុង​ដីចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​កាប់​ឆ្ការ​ដាំ​ដុះ​ជា​រៀង​រាល់​ឆ្នាំ លុះ​រៀបនឹង​ចេញ​មក​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឱ្យ​ផ្ទុះ​កក្រើក​តែ​ម្តង ។ ក្រោយមក​ជន​រង​គ្រោះ​បាន​វារ​លូន​ចេញពី​កន្លែង​កើតហេតុ បាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ក៏​ទូរស័ព្ទ​ឱ្យ​មិត្តភក្តិ​មក​ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ខាង​ចុង​ចម្ការ​ត្រង់​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៦៧ និង​៦៨ ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សែ​ម រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​យោធា​ចូល​និវត្តន៍ រស់នៅ​ភូមិ​អួរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បាន​រង​របួស​ដាច់​ជើង​ឆ្វេង ។ (សូម​បញ្ជាក់​ថា កាលពី​១០​ឆ្នាំ​មុន ជន​រង​គ្រោះ​បាន​យក​ចប​ទៅ​កាប់​ដី​ត្រង់​កន្លែង​ដី ចម្ការ​កើតហេតុ​ខាងលើ ដើម្បី​ដាំ​ដំណាំ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីន​សេសសល់​ពី​សង្គ្រាម​បណ្តាល​ឱ្យ​ផ្ទុះ​ខ្ទាត​អំបែង​ត្រូវ​ភ្នែក​ខាងឆ្វេង​ធ្វើ​ឱ្យ​ពិការ​រហូត​ដល់​សព្វ​ថ្ងៃនេះ) ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ លឹ​ម ថៃ អាយុ​៤០​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​និង​ជន​រង​គ្រោះ​ដែល​រស់នៅ​ភូមិ​ជាមួយ​គ្នា​បាន​បបួល​គ្នា​ទៅ​មើល​ចម្ការ ដើម្បី​ឆ្ការ​ស្មៅ​ក្បែរ​គ្នា​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ឆ្ការ​ស្មៅ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច រៀបនឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ស្រាប់តែ​ជន​រង​គ្រោះ​ដើរទៅ​ឯ​កន្ទុយ​ដី​របស់​ខ្លួន ដើម្បី​មើល​ស្មៅ​ជា​បន្ត​ទៀត ស្រាប់តែ​ជន​រង​គ្រោះ​ជាន់​ចំ​គ្រាប់​មីន បណ្តាល​ឱ្យ​ផ្ទុះ​រង​របួស​ជើងឆ្វេងធ្ងន់ធ្ងរ​​តែ​ម្តង បន្ទាប់​ជន​រង​គ្រោះ​ក៏​វារ​លូន​ចេញពី​ម្តុំ​កន្ទុយ​ដីចម្ការ​កើតហេតុ រួច​ទូរស័ព្ទ​ហៅ​គាត់​ចូល​ទៅ​រុំ​របួស និង​ទូរស័ព្ទ​ទៅ​រថយន្ត​សង្គ្រោះ​ដើម្បី​មក​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ឌី តារា ជា​មេក្រុម​អង្គភាព​កំចាត់​គ្រាប់​មីន (TSC02) ប្រចាំការ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា មីន​ដែល​ជន​រង​គ្រោះ​ជាន់​បណ្តាល​ឱ្យ​ផ្ទុះ​នោះ​សង្ស័យ​ជា​ប្រភេទ​៧២ ។ លោក​បន្ត​ទៀត​ថា គ្រាប់​មី​ន​នេះ ទោះបីជា​កប់​នៅ​ក្នុង​ដី​រាប់រយ​ឆ្នាំ​ក៏​មិន​ខូច​ដែរ ហើយ​នៅ​ពេល​មនុស្ស​ឬ​សត្វ​ជាន់​អាច​នឹង​ផ្ទុះ បណ្តាល​ឱ្យ​ពិការ​ជាក់​ជា​មិន​ខាន ។ លោក​បញ្ជាក់​ទៀត​ថា នៅ​ចំណុច​កើតហេតុ​ខាងលើ​មិន​ទាន់​មាន​ក្រុម​កំចាត់​មីន​ណា​ម្នាក់​ចូល​ទៅ​ដោះ​យក​ចេញ​នៅឡើយ​ទេ ដោយ​ប្រជាពលរដ្ឋ​ធ្លាប់​រាយការណ៍​ជូន​ដែរ តែ​អង្គភាព​កំពុង​រៀបចំ​កម្លាំង ដើម្បី​ចុះ​ទៅ​កាន់​ទីនោះ​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ