ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្រៅ​ពិភព​សិល្បៈ ក្អ​យ​ មាន​ភាព​ហ៊ឺហា និង​កូន​២​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ អតីត​តារា​កំប្លែង​ជួន ច័ន្ទ​រតនា ហៅ​នាង​ក្អ​យ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល នៅ​ពេល​នាង​រៀបចំ​មង្គលការ​ប្អូនថ្លៃ ដោយ​មានការ​ចូលរួម​ពី​អ្នកសិល្បៈ​ជា​ច្រើន​នាក់ ។ មង្គលការ​នេះ​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ អតីត​តារា​កំប្លែង​ជួន ច័ន្ទ​រតនា ហៅ​នាង​ក្អ​យ បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល នៅ​ពេល​នាង​រៀបចំ​មង្គលការ​ប្អូនថ្លៃ ដោយ​មានការ​ចូលរួម​ពី​អ្នកសិល្បៈ​ជា​ច្រើន​នាក់ ។ មង្គលការ​នេះ​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ២០១៩ ។

អ្នក​នាង​ខាត់ សុ​ឃី​ម ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​មង្គលការ​នោះ​ឲ្យ​ដឹង​ថា ពិធី​មង្គលការ​ប្អូន​អ្នក​នាង​ក្អ​យ​បាន​រៀបចំ​យ៉ាង​អធិកអធម​ណាស់​។ អ្នក​នាង​បញ្ជាក់ «​តាម​ការ​សង្កេត​នៅ​ក្នុង​ពិធី​នោះ​គឺ​មាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​ចូលរួម បើ​ទោះបីជា​ពេល​នេះ​អ្នក​នាង​ក្អ​យ​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ក៏​ដោយ​» ។

អ្នក​នាង​ខាត់ សុ​ឃី​ម លើក​ឡើង​ថា នៅ​ក្នុង​ពេល​ដែល​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​នោះ នាង​មិន​បាន​សួរនាំ​អ្វី​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​នាង​ក្អ​យ​ឡើយ តែ​គ្រាន់តែ​ដឹង​ថា អតីត​តារា​កំប្លែង​រូប​នេះ​ហាក់​មាន​ភាព​ហ៊ឺហា​ជាង​មុន ខណៈ​ពេល​ដែល​អតីត​តារា​រូប​នេះ​បាន​មាន​ស្វាមី និង​កូន​២​នាក់​ហើយ​ដែរ ។ បើ​តាម​អ្នក​នាង​ខាត់ សុ​ឃី​ម អ្នក​នាង​ក្អ​យ ទំនងជា​មិន​មាន​បំណង​វិល​ចូល​ប្រឡូក​សិល្បៈ​វិញ​ឡើយ ព្រោះ​ពេល​នេះ​នាង​ហាក់​មាន​ជីវភាព​មួ​យ​សមរម្យ និង​មាន​ស្វាមី និង​កូន​រួច​ហើយ​ដែរ ។

អ្នក​នាង ជួន ចាន់​រតនា ហៅ​ក្អ​យ បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ បន្ទាប់​ពី​នាង​បាន​រង​បណ្តឹង​មួយ​ចំនួន រហូត​​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​សាលក្រម​កាលពី​អំឡុង​ឆ្នាំ​២០១៣ កាត់ទោស​ពី​បទ​ឆបោក​រថយន្ត​ជា​ច្រើន​គ្រឿង និង​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​កន្លះ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​វិញ ។ បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​នោះ អ្នក​នាង​ក្អ​យ បាន​ចេញ​មុខ​ទទួលស្គាល់​នូវ​កំហុស ដោយ​បាន​សារភាព​ថា នាង​ពិតជា​បាន​ប្រព្រឹត្ត​ករណី ឆបោក​ពិតមែន ក៏​ប៉ុន្តែ​នាង​ក៏​ជា​ជន​រង​គ្រោះ​ដែរ ខណៈ​រថយន្ត​ដែល​នាង​បាន​ជួល​យក​ទៅ​នោះ មាន​គេ​ជួល​បន្ត​ពី​នាង​ទៀត គេ​ក៏​ស៊ីដាច់​បោកប្រាស់​បន្ត​ពី​នាង ធ្វើ​ឲ្យ​នាង​ត្រូវ​វ័ណ្ឌក​ពី​មួយ​ទៅ​មួយ ។

យ៉ាងណា ក្តី​នាង​ក្អ​យ បាន​បដិសេធ​ថា នាង​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លេងល្បែង​ស៊ីសង​រហូត​ដល់​ថ្នាក់​យក​រថយន្ត​គេ​ទៅ​លក់​មួយ​គ្រឿង ហើយ​គ្រឿង​ទៀត​នោះ​ទេ ។

ពាក់ព័ន្ធ​ជាមួយនឹង​ការ​ចេញ មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់ គឺ​ដោយសារ​តែ​រូប​នាង​បាន​ចាញ់កល​អ្នក​ជួល​រថយន្ត​បន្ត ដែល​បង្ខំ​ឲ្យ​នាង​ធ្វើ​បែប​នេះ​ក្នុង​រូបភាព​មួយ​ឲ្យ​មាន​ទំនុកចិត្ត តែ​ទោះបីជា​នាង​ប្រាប់​គេ​ថា​គ្មាន លុយ​តម្កល់​ក្នុង​ធនាគារ ក៏​ភាគី​ម្ខាង​ទៀត​នៅ​តែ​ទាមទារ​ឲ្យ​នាង​ចេញ​សែក​ឥត​សាច់ប្រាក់ ក្នុង​ន័យ​យក​ទៅ​បន្លំ​ភ្នែក​អ្នក​ដទៃ ។

បន្ទាប់​ពី​រឿងរ៉ាវ​ទាំង​អស់នេះ​បាន​ស្ងប់ស្ងាត់ អ្នក​នាង​ក្អ​យ បាត់​មុខ​ពី​សិល្បៈ​ឈឹង ប៉ុន្តែ​នាង​ធ្លាប់​បាន​បង្ហាញ​​វត្តមាន​ម្តងទៀត​កាលពី​អំឡុង​ឆ្នាំ​២០១៦ នៅ​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ប្អូនស្រី​របស់​នាង ដែល​ពេល​នោះ​នាំ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​ថា​ជា​ផ្ទះ​របស់​នាង ។ នៅ​ក្នុង​ពិធី​នោះ​នាង​ក៏​បាន​ហៅភ្ញៀវ​ដែល​ជា​អ្នក​សិល្បៈ​ស្និទ្ធស្នាល​មួយ​ចំនួន​ចូលរួម​មក​ដែរ ជាមួយនឹង​ការ​ប្រកាស​ថា នាង​អាច​នឹង​វិល​ចាប់​អាជីព​សិល្បៈ​វិញ​នៅ​ក្នុងអំឡុងពេល ឆាប់​ៗ​ខាង​មុខ​នេះ​។

ទោះជា​យ៉ាងណា​ក្តី​រហូត​មក​ដល់​បច្ចុប្បន្ន​អ្នក​នាង​ក្អ​យ នៅ​មិន​ទាន់​លេចមុខ​នៅ​ក្នុង​កម្មវិធី​សិល្បៈ​ណា​មួយ​​នៅឡើយ​ទេ ក្នុង​ពេល​ដែល​នាង​កំពុង​តែ​សាង​សុភមង្គល​គ្រួសារ​មួយ​យ៉ាង​ជាមួយនឹង​ជីវភាព​ហ៊ឺហា និង​មានកូន​ប្រុស​ស្រី​២​នាក់​ហើយ​នោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ