រាជធានីភ្នំពេញ៖ ដោយសារតែមើលឃើញថា ប្រជាកសិករខ្មែរដែលប្រកបរបរកសិកម្ម តែងតែប្រឈមមុខជាខ្លាំងនៅរដូវប្រមូលផលម្តងៗ ព្រោះតម្លៃស្រូវនិងកសិផលផ្សេងទៀតតែងតែធ្លាក់ថ្លៃ ជាហេតុធ្វើឱ្យកសិករមិនសូវទទួលបានប្រាក់ចំណេញដូចការចង់បាននោះឡើយ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះអ្នកជំនាញក្នុងវិស័យកសិកម្ម បាននិយាយថាបើកសិករមានផ្ទៃដី៣ហិកតាឡើងចង់ធ្វើកសិកម្មឱ្យទទួលបានប្រាក់ចំណេញ ឬមិនខាតបង់ដូចគ្រាមុនៗនោះទេ ទាល់តែ កសិករប្រែក្លាយខ្លួនឯងទៅជាកសិករបែបពាណិជ្ជកម្ម (E-farmer) ឬ កសិករវ័យឆ្លាត (Smart Farmer) ។
លោកឧកញ្ញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រាយស៍ មានប្រសាសន៍ថា «ការធ្វើកសិកម្មបែបពាណិជ្ជកម្មដើម្បីបានចេញបាន ទាល់តែយើងពាំនាំមកនៅបច្ចេកវិទ្យាថ្មីដល់កសិករ គឺយើងចង់ឱ្យគាត់ក្លាយជា E-farmer ឬ Smart Farmer ។ បានន័យថានៅពេលគាត់ចាប់ផ្តើមធ្វើកសិកម្មភ្លាម គាត់ដឹងថាគាត់ត្រូវចំណេញប៉ុន្មានរួចហើយ។ ចង់ឱ្យគាត់ក្លាយជាសហគ្រិនកសិកម្ម គាត់អាចធ្វើអ្វីផ្សេងទៀតបានដោយខ្លួនឯង ហើយកសិផលនីមួយៗរបស់គាត់ត្រូវគិតពីប្រាក់ចំណេញរួចហើយ»។
លោកឧកញ្ញ៉ាបន្តថា កសិករអាចធ្វើកសិកម្មអាចចំណេញបានទាល់តែកសិករនោះគាត់មានផ្ទៃដីដាំដុះ៣ហិកតាឡើង។ផ្អែកលើទំហំផ្ទៃដីនេះ បើតាមបទពិសោធន៍ធ្វើការជាមួយ អេមរុ រាយស៍កន្លងមក គាត់(កសិករ) អាចរកប្រាក់ចំណេញបានមិនក្រោម៨០០ទៅ១ពាន់ដុល្លារអាមេរិក ក្នុងរយៈពេល៣ទៅ៤ខែដែលគាត់ដាំដុះស្រូវនេះ។
អគ្គនាយកក្រុមហ៊ុន អេមរុ រាយស៍ បានលើកឡើងថា «បើយើងវិភាគដល់ប្រាក់ចំណេញសរុបខាងលើដែលកសិករទទួលបាន ផ្ទៃដីស្រែពីមុនមួយហិកតា កសិករលក់ថ្លៃ២០០០ ដុល្លារអាមេរិក តែមកដល់សព្វថ្ងៃនេះគាត់អាចធ្វើស្រែតែ២ឆ្នាំ គឺរួចថ្លៃដីស្រែ។ លើសពីនេះ បើយើងវិភាគទៅការធ្វើអាជីវកម្មវិញ គាត់ធ្វើស្រែបានចំណេញច្រើន ហើយគាត់អាចហ៊ានទិញដីក្នុងមួយហិកតាថ្លៃ១ម៉ឺនដុល្លារអាមេរិក ក៏គាត់ហ៊ានទិញដីធ្វើស្រែដែរ ព្រោះនៅពេលគាត់មានទឹកចិត្តបែបនេះ គាត់អាចខ្ចីឥណទានពីក្រុមហ៊ុនសម្រាប់ធ្វើស្រែនេះបាន»។
បើតាមការសង្កេតរបស់អ្នកជំនាញខាងលើមើលឃើញថាកសិករបានពង្រីកដីធ្វើស្រែពី៣ទៅ៤ហិកតាមានចំនួនច្រើនជាងពីពេលមុនៗ ផ្អែកតាមរយៈការប្រើប្រាស់ត្រាក់ទ័រ, ម៉ាស៊ីនច្រូតកាត់, ម៉ាស៊ីនដាំដុះនិងម៉ាស៊ីនពង្រៀបដីស្រែ ហើយទិន្នផលនិងតម្លៃលក់បានជូនក្រុមហ៊ុនថ្លៃជាងពេលកន្លងមក ។ ដោយឡែកសម្រាប់ម្ចាស់រោងម៉ាស៊ីនក៏ទទួលបានប្រាក់ចំណេញ ដោយសារគុណភាពស្រូវកើនឡើងធ្វើ ឱ្យការកិនស្រូវទទួលបានបរិមាណច្រើន។
សម្រាប់កសិករដែលមានផ្ទៃដីក្រោម៣ហិកតាដើម្បីទទួលបានប្រាក់ចំណេញ ឬមិនខាតបង់ តាមរយៈការធ្វើកសិកម្មនៅពេលបច្ចុប្បន្ននេះ បើតាមលោកឧកញ្ញ៉ា សុង សារ៉ន មានប្រសាសន៍ថា កសិករត្រូវចេះធ្វើពិពិធកម្ម នៅពេលមានប្រភពទឹកគ្រប់គ្រាន់ កសិករអាចដាំបន្លែបង្កាផ្សេងៗដើម្បីទទួលបានប្រាក់ចំណូលបន្ថែមពីការដាំដុះស្រូវលោកឧកញ៉ាបានបន្តថា «បើសិនគាត់មានដីត្រឹមជាង១,៥ហិកតា ។ ដូចនេះគាត់ត្រូវធ្វើស្រូវសម្រាប់ហូបកន្លះហិកតា និងមួយហិកតាផ្សេងទៀតសម្រាប់នាំចេញ។ ការធ្វើបែបនេះទើបអាចឱ្យមានប្រាក់ចំណេញបាន តែបើគាត់ធ្វើសម្រាប់តែហូបនោះទេ ប្រហែលជាលំបាកហើយ ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារសព្វថ្ងៃនេះ ព្រោះគេត្រូវការគុណភាពសម្រាបនាំចេញ។ដូចនេះយើងត្រូវរៀបចំផែនការ បើយើងមានដីស្រែ១,៥ហិកតា យើងធ្វើស្រូវសម្រាប់ហូបលើផ្ទៃដីកន្លះហិកតា និងមួយហិកតាផ្សេងទៀតធ្វើសម្រាប់នាំចេញ» ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រចាំត្រីមាសទី១ឆ្នាំ២០១៩កន្លងទៅបង្ហាញថា ក្នុងត្រីមាសទី១នេះ តាមការកត់សម្គាល់ឃើញថា ការបង្កើបង្កើនផលស្រូវប្រាំង នៅទូទាំងប្រទេសសម្រេចបាន ជាង៥៩ម៉ឺនហិកតា ស្មើនឹង១៣៣% នៃផែនការជាង៤៤ម៉ឺនហិកតា។ ល្បឿនការបង្កបង្កើនផលដំណាំស្រូវប្រាំង គិតត្រឹមថ្ងៃទី៦ មីនា ឆ្នាំ២០១៩៖ផ្ទៃដីភ្ជួរាស់សម្រេចបានចំនួន៦៣ម៉ឺនហិកតាក្នុងនោះភ្ជួររាស់ដោយគោ ក្របីបានជាង៦ពាន់ហិកតានិងដោយគ្រឿងយន្តបានជាង៦២ម៉ឺនហិកតាលើសឆ្នាំមុនជាង៧ម៉ឺនហិកតា៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ