ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហុងកុង ​ធ្លាក់​ក្នុង​អំពើ​ហិ.ង្សា​ពុំ​ធា្ល​ប់​មាន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុង​ហុងកុង​ កាលពី​ថ្ងៃ​ទី​១២​ មិថុនា ធ្លាក់​ក្នុង​អំពើ​ហិង្សា​នយោបាយ​ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន ចាប់​តាំងពី​អង់គ្លេស​ ប្រគល់​ដែនដី​នោះ​ឲ្យ​ចិន​វិញ​មក ដោយ​ប៉ូលិស​បាន​ប្រើ​គ្រាប់​កៅស៊ូ ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក…

ប្រទេស​ចិន ៖ ក្រុង​ហុងកុង​ កាលពី​ថ្ងៃ​ទី​១២​ មិថុនា ធ្លាក់​ក្នុង​អំពើ​ហិង្សា​នយោបាយ​ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន ចាប់​តាំងពី​អង់គ្លេស​ ប្រគល់​ដែនដី​នោះ​ឲ្យ​ចិន​វិញ​មក ដោយ​ប៉ូលិស​បាន​ប្រើ​គ្រាប់​កៅស៊ូ ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ប្រឆាំង​ពួក​បាតុករ ដែល​លើកគ្នា​រាំង​ខ្ទប់​វិ​ថី​សំខាន់​ៗ ហើយ​ប៉ុនប៉ង​លុក​ចូល​ក្នុង​សភា​។

យោង​តាម​ទូរទស្សន៍​ហុងកុង​RTHK ដែល​ដកស្រង់​ប្រភព​សុខាភិបាល​ថា មនុស្ស​ជាង​៧០​នាក់​រង​របួស​។ ពួក​បាតុករ​ក្រុង​ហុងកុង​ច្រើន​សិប​ពាន់​នាក់​ស្លៀកពាក់​ពណ៌​ខ្មៅ ភាគច្រើន​ជា​ពួក​យុវជន បាន​លើកគ្នា​ធ្វើការ​តវ៉ា​ជា​ថ្មី​ដើម្បី​បរិហារ គម្រោង​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​សំដៅ​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិនដីគោក​។

ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​នៅ​ជិត​សភា​ជា​កន្លែង​ដែល​គម្រោង​ច្បាប់​នោះ​ត្រូវ​បន្ត​ពិភាក្សា​។ ពួក​បាតុករ​បាន​លើកគ្នា​ទៅ​ឡោម​ព័ទ្ធ​សភា​ដែល​គ្របដណ្ដប់​ដោយ​សមាជិក​សភា​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​។ ដោយសារ​បាតុកម្ម​នោះ​សភា​ហុងកុង​បាន​សម្រេច​លើក​ពេល​ការ​ពិភាក្សា​គម្រោង​ច្បាប់​ចម្រូងចម្រាស់​នោះ​ទៅ​ពេល​ក្រោយ​។

ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហុងកុង លោកស្រី​CARRIE LAM​ដែល​បដិសេធ​មិន​ដក​គម្រោង​ច្បាប់​នេះ​ចេញ​វិញ​បាន​បរិហារ​ថា នោះ​ជា​ការ​បះបោរ​ដែល​មានការ​រៀបចំ​។ លោកស្រី​ថា​ពួក​បះបោរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ដែល​មាន​សន្តិភាព ដោយ​មិន​គោរព​ច្បាប់​និង​វិន័យ មិន​អាច​ទទួលយក​បាន​ឡើយ សម្រាប់​រាល់​សង្គម​ស៊ី​វិ​ល័យ​។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​វិញ អះអាង​នា​ថ្ងៃ​ទី​១២​មិថុនា​ដោយ​សង្ឃឹមថា ពួក​បាតុករ​អាច​ស្វែងរក​ឃើញ​ដំណោះស្រាយ​មួយ​ជាមួយ​ចិន​។ រីឯ​សហភាព​អឺរ៉ុប​វិញ​បាន​អំពាវនាវ​ឲ្យ​គោរព​សិទ្ធិ​តវ៉ា​ដោយ​គូសបញ្ជាក់​ពី​ការ​ព្រួយបារម្ភ​នានា​។

ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​ទាំងនេះ​នាំ​ឲ្យ​និក​ឃើញ ដល់​ចលនា​ឆ័​ត្រ ដើម្បី​លទ្ធិប្រជាធិបតេយ្យ កាលពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​២០១៤ ពេល​ពួក​បាតុករ​បង្កើត​ការ​រាំងស្ទះ​សង្កាត់​នានា​នៃ​ក្រុង​ហុងកុង​រយៈពេល​ដល់​២​ខែ និង​ការ​បង្ក្រាប​របស់​ប៉ូលិស​។ ប៉ុន្តែ​ចលនា​នោះ​ពុំ​ទទួល​បានការ​ធ្វើ​សម្បទាន​នានា​របស់​ក្រុង​ប៉េ​កាំ​ង​ឡើយ។

លើក​នេះ​ប៉ូលិស​ហាក់ដូចជា​ប្ដេជ្ញា​ពុំ​បណ្ដោយ​ឲ្យ​មានការ​កាន់កាប់​ទីលាន របស់​ពួក​បាតុករ​ដូច​មុន​ទៀត​ទេ​។ ប៉ូលិស​បាន​រុញច្រាន​ពួក​បាតុករ​ដែល​ប៉ុនប៉ង​លុក​ចូល​សភា ដោយ​ប្រើ​ដំបង​និង​ឧស្ម័ន​ម្រេច ហើយ​ទីបំផុត​បាន​បាញ់​គ្រាប់​កៅស៊ូ ព្រមទាំង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ប៉ូលិស​ក៏​បាញ់​ដែរ​បណ្ដា​កញ្ចប់​ដែល​ផ្ទុក​ដោយ​គ្រាប់ឃ្លី​សំណ​។ ពួក​បាតុករ​បាន​តបត​ដោយ​គប់​បណ្ដា​របាំង​ដែក​និង​ដប​ឬ​ដុំ​ថ្ម​ទៅ​លើ​ប៉ូលិស​។
ប្រមុខ​ប៉ូលិស​ក្រុង​ហុងកុង​លោក​STEPHEN LO ថ្លែង​ការពារ​កងកម្លាំង​របស់​លោក​ថា ប៉ូលិស​បាន​ខិតខំ​អត់ធ្មត់​រហូត​ដល់​ពួក​ជនខិលខូច​ប៉ុនប៉ង​លុក​ចូល​ក្នុង​សភា​។

អ្នកវិភាគ​ម្នាក់​លោក​DIXON SING​បាន​ធ្វើ​អត្ថាធិប្បាយ​ថា បើ​និយាយ​ពី​អំពើ​ហិង្សា​នយោបាយ នេះ​ជា​ទិវា​ធ្ងន់ធ្ងរ​បំផុត​មួយ​ចាប់តាំងពី​ការ​ប្រគល់​ដែនដី​ហុងកុង​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ