រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់យកថ្ងៃទី១៧ ខែមិថុនានេះ បើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងការផលិតផលប្រេងកាត និងរបៀបវារៈមួយចំនួនទៀត ។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភា ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១៣ ខែមិថុនានេះ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា ។
ជាលទ្ធផលអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចដាក់បញ្ចូលរបៀបវារៈដូចជា ៖ ១. ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកសុខ ផេង ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ជំនួសលោកពៅ សាមី ដែលទទួលមរណភាព ។ ២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ។ ៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ។ ៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េតស្តីពីការជំរុញ និងការការពារ ទៅវិញទៅមកនៃវិនិយោគ ។
៥. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារ ទៅវិញទៅមកនៃវិនិយោគ ។ ៦. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋសភាក៏បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ចំនួនពីរទៅគណៈកម្មការជំនាញពិនិត្យ និងឲ្យយោបល់រួចហើយបញ្ជូលមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យផងដែរ ។ សេចក្តីព្រាងច្បាប់ទាំងពីរមាន ៖ ១.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញតដល់គណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធាន ទឹកនៃរដ្ឋសភាពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មា ធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ ។
២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដល់គណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ