ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋដែលកើតជំងឺភ្នែកឡើងបាយចំនួន៥០០នាក់ បានមកទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តរបស់ប្រទេសសិង្ហបុរី នេប៉ាល់ និងកម្ពុជា ដែលមានគ្រូពេទ្យ និងវេជ្ជបណ្ឌិតជិត៣០នាក់ ដោយមានការសហការពីអង្គការញូវីហ្សិន និងអង្គការមូលនិធិទឹកស្អាត ថែទាំសុខភាព ជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ហើយការព្យាបាលនេះមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា បច្ចុប្បន្នមន្ទីរសុខាភិបាល បានបញ្ជូលការថែទាំសុខភាពភ្នែកបឋម ទៅក្នុងសេវាសុខភាពបឋមនៅតាមតាមមូលដ្ឋាន សុខាភិបាល ជនបទទាំង៤២កន្លែងនៅទូទាំងខេត្ត ដោយក្នុងនោះមានអាគារវះកាត់ភ្នែកមួយកន្លែងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត កំពុងពង្រឹងសមត្ថភាព និងគុណភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ ដោយឡែក ក្នុងការពិនិត្យ និងព្យាបាល វះកាត់ក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជំនាញភ្នែកមកពីប្រទេស សិង្ហបុរី នេប៉ាល់ និងកម្ពុជាបានសហការគ្នាព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋចំនួន៥០០នាក់ មកពីក្រុងស្រុកទាំង៨ក្នុងខេត្ត ដោយមិនគិតថ្លៃ ។
លោក ប្រាក់ វ៉ុន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជម្ងឺភ្នែកឡើងបាយចំនួន៥០០នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញភ្នែករបស់ខេត្តចុះទៅជ្រើសរើសពួកគាត់នៅតាមមូលដ្ឋានតាំងពី១ខែមុន ដើម្បីអោយពួកគាត់បានទទួលការព្យាបាល និងវះកាត់ក្នុងពេលនេះ ។ ដោយឡែកក្នុងការទទួលព្យាលបាលនេះ មន្ទីរសុខាភិបាលខេត្ត ក៏បានជួយដោះស្រាយថ្លៃជួលរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅមក និងជួយដោះស្រាយកន្លែងស្នាក់នៅក្នុងមន្ទីរពេទ្យ និងជួយផ្តល់បាយកញ្ចប់ជូនពួកគាត់ហូបផងដែរ។
ប្រជាពលរដ្ឋ ដែលកើតជម្ងឺភ្នែកឡើងបាយ បានអោយដឹងថា ក្រោយពីក្រុមគ្រូពេទ្យបានវះកាត់ និងព្យាលបាលរួច ភ្នែកគាត់ដែលធ្លាប់តែមើលព្រាលៗ មិនសូវច្បាស់ កាលពីពេលកន្លងមក ពេលនេះបានមើលច្បាស់វិញហើយ ពួកគាត់ពិតជាត្រេកអរខ្លាំងណាស់ គ្មានអ្វីអរជាងបានភ្នែកភ្លឺវិញទេ ព្រោះតែកន្លងមកពួកគាត់ដូចមនុស្សភ្នែកខ្វាក់ ទៅណាមកណាយ៉ាប់ មើលអ្វីមិនឃើញ កិច្ចការក្នុងផ្ទះក៍ធ្វើមិនកើត ពឹងតែលើកូនចៅជាអ្នកបំរើ តែពេលនេះពួកគាត់បានភ្នែកភ្លឺវិញហើយ ពិតជាសប្បាយចិត្តណាស់ ។
ប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងគ្រូពេទ្យខេត្ត ដែលបានជួយព្យាបាលជម្ងឺភ្នែកប្រជាពលរដ្ឋដោយមិនគិតប្រាក់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ