ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើ​កម្លាំង​សមត្ថកិច្ច​ទៅ​យាម​ គឺដូច​​ទៅ​យាម​​នៅ​កន្លែង​គ្រឿងញៀ.នដូចគ្នា..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​ប្រកាស​ថា នៅ​ឆ្នាំ​២០១៩​នេះ ត្រូវ​តែ​បញ្ចប់​ការ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត ពីព្រោះ​ជា​ការ​ទទួលខុសត្រូវ​ធំធេង និង​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​របស់​យើង​ទាំងអស់​គ្នា ។ ដូចនេះ កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​២៥​រាជ ធានី​-​ខេត្ត ត្រូវ​រួម​គ្នា​លុប​បំបាត់​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត​ឱ្យ​បាន ។ ជា មួយ​គ្នា​នេះ សម្តេច​ក្រឡាហោម ក៏​បាន​ហាម​មិន​ឱ្យ​មាន​កម្លាំង​នគរបាល​ទៅ​យាម​នៅ​ទីតាំង​កាស៊ីណូ ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត​ ដែល​សង្ស័យ​ជាទី​តាំង​ប្រព្រឹត្ត​គ្រឿងញៀន​នោះ​ឡើយ ព្រោះ​បើ​កម្លាំង​សមត្ថកិច្ច​ទៅ​យាម​នៅ​ទីនោះ គឺដូច​ទៅ​យាម​កន្លែង​គ្រឿងញៀន​តែ​ម្តង ។

វិធានការ​ខាងលើ ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​ប្រកាស​រួច​មក​ហើយ​ក្នុង​ការ​ហាមប្រាម​ដល់​កម្លាំង​នគរបាល ដែល​ខ្លះទៅ​ស៊ីឈ្នួល​យាម​តាម​ក្លិប​រាត្រី​នានា និង​ក្រសួងការពារជាតិ​ក៏​ធ្លាប់​ហាម​ដល់​កម្លាំង​ទាហាន និង​កងរាជអាវុធហត្ថ ត្រូវ​ដកខ្លួន​ចេញពី​កង​សន្តិសុខ​ស៊ីឈ្នួល​តាម​ទីតាំង​កម្សាន្ត​នានា​មាន ក្លិប​រាត្រី កាស៊ីណូ និង​ខារ៉ាអូខេ តែ​ផ្ទុយ​ទៅ​វិញ​នៅ​តែ​មាន​អ្នក​លួច​ទៅ​ធ្វើ​ជា​កង​សន្តិសុខ ។

សម្តេច​ក្រឡាហោម ក៏​បាន​ប្រកាស​ដែរ​ថា​នឹង​យក​វិធានការ​បង្ក្រាប​ដូច​នៅ​រាជធានី​ភ្នំពេញ​ចំពោះ​ក្លិប​កម្សាន្ត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅបង្ក្រាប​នៅ​ក្រុងព្រះសីហនុ ដែល​កំពុង​តែ​ល្បីពី​បញ្ហា​ជា​ច្រើន ក្នុង​នោះ​
ក៏​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែរ ។

សម្តេច​ក្រឡាហោម​បាន​រំឭក​ថា កុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទៅ​យាម​នៅ​ក្លិប​កម្សាន្ត​ព្រោះ​ជា​រឿង​ខុសច្បាប់ ហើយ​ពេល​ខ្លះ​ក្លិប​កម្សាន្ត​នោះ​ប្រើប្រាស់​គ្រឿងញៀន​ដែល​បញ្ហា​នេះ​អាច​នឹង​ប្រឈម​ផ្លូវច្បាប់​ផង​ដែរ ។ សម្តេច​ក្រឡាហោមបញ្ជាក់​ថា ៖ «​យើង​ជា​កងកម្លាំង​ដែល​មាន​អាវុ​ធ ហើយ​យក​ប្រាក់ខែ​រដ្ឋ​ទៅ​យាម​កន្លែង​ក្លិប​គឺជា​រឿង​មិន​ត្រូវ​ទេ​» ។

ទំនងជា​គាំទ្រ​ដល់​ប្រតិបត្តិការ​បង្ក្រាប​តាម​ក្លិប​រាត្រី​កន្លង​មក​នៅ​រាជធានី​ភ្នំពេញ សម្តេចក្រឡាហោម​បញ្ជាក់​ថា ៖ «​ខ្ញុំ​នឹង​សហការ​ឬ​កំពុង​តែ​ផ្តើមគំនិត​មួយ​ថា អាច​នឹង​យក​គំរូ​ភ្នំពេញ​នេះ​ទៅ​អនុវត្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ! យើង​កំពុងសិក្សា​ព្រោះ​ខេត្ត​នោះ​មាន​បញ្ហា​កំពុង​ផ្ទុះ​ឡើងយ៉ាង​ខ្លាំង​» ។សម្តេច​ក្រឡាហោម​បន្ថែម​ថា នេះ​ជា​បញ្ហា​មួយ​ដែល​យើង​កំពុង​យកចិត្តទុកដាក់ និង​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ។ វា​ជា​រឿង​ធម្មតា​ទេ គឺ​អ្វី​ដែល​ល្អ​យើង​ជំរុញ​វា ប៉ុន្តែ​អ្វី​ដែល​មិនល្អ​យើង​កំពុង​ដោះស្រាយ ។

ជា​ថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម ស ខេ​ង បាន​ប្តេជ្ញា​ថា នៅ​ឆ្នាំ​២០១៩​នេះ​ សម្តេច​នឹង​ចាត់វិធានការ​បង្ក្រាប​គ្រឿងញៀន​នៅ​តាម​ក្លិប​កម្សាន្ត​ឲ្យ​អស់ ។ សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង គឺ​បន្ទាប់​ពី​នៅក្រុងព្រះសីហនុ​ បាន​កើត​មាន​បញ្ហា​ជា​បន្តបន្ទាប់ដែល​ភាគច្រើន ​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ