ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រុង​ហុងកុង​ លើកគ្នា​ធ្វើ​បាតុកម្ម​ធំ​ទៀតហើយ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​១២ ​មិថុនា ​បាន​ពន្យារពេល ពិនិត្យ​គម្រោង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់ ដែល​សំដៅ​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិនដីគោក ខណៈ​បាតុករ​ច្រើន​សិប​ពាន់​នាក់ បាន​លើកគ្នា​រាំង​ខ្ទប់​វិ​ថី​សំខាន់​ៗ​នា​កណ្ដាល​ទីក្រុង​នោះ ដើម្បី​តវ៉ា​ប្រឆាំង​គម្រោង​ច្បាប់​នេះ​។…

ប្រទេស​ចិន ៖ អាជ្ញាធរ​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​១២ ​មិថុនា ​បាន​ពន្យារពេល ពិនិត្យ​គម្រោង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់ ដែល​សំដៅ​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិនដីគោក ខណៈ​បាតុករ​ច្រើន​សិប​ពាន់​នាក់ បាន​លើកគ្នា​រាំង​ខ្ទប់​វិ​ថី​សំខាន់​ៗ​នា​កណ្ដាល​ទីក្រុង​នោះ ដើម្បី​តវ៉ា​ប្រឆាំង​គម្រោង​ច្បាប់​នេះ​។

ពួក​បាតុករ​ច្រើន​ពាន់​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ​ភាគច្រើន​ជា​យុវជន បាន​លើកគ្នា​ឡោម​ព័ទ្ធ​អគារ​រដ្ឋាភិបាល​នានា ក្នុង​កណ្ដាល​ក្រុង​ហុងកុង ដើម្បី​ទាមទារ​ឲ្យ​ដក​គម្រោង​ច្បាប់​នោះ​ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េ​កាំ​ង​ចេញ​។ ចរាចរណ៍​ត្រូវ​ស្ទះ​ចំណែក​តម្លៃ​ភាគហ៊ុន​ក្នុង​ទីតាំង​ហិរញ្ញវត្ថុ​អន្តរជាតិ​សំខាន់​នេះ បាន​ធ្លាក់​ចុះ​ជាង​១,៥%​។ ចំណែក​សហគ្រាស​ក្រុង​ហុងកុង​ជា​ច្រើន​ក៏​ប្រកាស​ពី​បំណង​របស់​ពួក​គេ​បិទទ្វារ ដើម្បី​ចូលរួម​តវ៉ា​ដែរ​។ កងកម្លាំង​ប៉ូលិស​ដែល​ដាក់​ពង្រាយ​នា​ឱកាស​នោះ ភាគច្រើន​ពាក់​ម៉ាស់ មួក​កាស់​និង​ពាក់​វ៉ែនតា​ការពារ ពុំ​មាន​ច្រើន​ដូច​ពួក​អ្នក​តវ៉ា​ឡើយ​។

បាតុករ​ទាំងនេះ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​តាមដាន ការ​ពិនិត្យ​បន្ត​គម្រោង​ច្បាប់​ដោយ​ក្រុមប្រឹក្សា​សភា ជា​សភា​ក្រុង​ហុងកុង​។ ប៉ុន្តែ​ខណៈ​ពួក​បាតុករ​លើកគ្នា​មក​ច្រើន ប្រធាន​សភា​គ្របដណ្ដប់​ដោយ​បណ្ដា​មនុស្ស​ស្និទ្ធ​ចិនដីគោក​បាន​ប្រកាស​ថា ការ​បន្ត​ពិនិត្យ​គម្រោង​ច្បាប់​នេះ​ត្រូវ​ពន្យារពេល​ទៅ​ធ្វើ្វ​ើ​នា​ពេល​ក្រោយ​។

ដូច​កាល​ពេល​មាន​ចលនា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​សង្កាត់​ជា​ច្រើន រយៈពេល​ដល់​ជាង​២​ខែ ពួក​បាតុករ​លើក​នេះ​បាន​លើកគ្នា រាំង​ខ្ទប់​វិ​ថី​សំខាន់​ៗ​នា​កណ្ដាល​ក្រុង​ដោយ​ប្រើ​របាំង​ដែក​។ យោង​តាម​ទូរទស្សន៍​RTHK​ថា បាតុករ​មួយ​ចំនួន​រហូត​ដល់​គាស់​កាយ​ថ្ម​លើ​ចិញ្ចើមថ្នល់ និង​យក​រថយន្ត​ពួក​គេ​មក​ចត​កណ្ដាល​មហាវិថី​មួយ​។ ប៉ូលិស​ដែល​ការពារ​សភា​បាន​ប្រើ​ឧស្ម័ន​ម្រេច​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក​និង​កាណុង​បាញ់​ទឹក ប្រឆាំង​ពួក​បាតុករ ហើយ​ក៏​លើក​ផង​ដែរ​ប៉ង់​កាត​ព្រមាន​ថា ពួក​គេ​ត្រៀម​ប្រើ​កម្លាំង​ក្នុង​ករណី​មានការ​រុលទៅមុខ​របស់​បាតុករ​។

ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​៩​មិថុនា​ជាទី​លាន​នៃ​មហា​បាតុកម្ម​ធំ​មួយ ពុំដែល​មាន​ចាប់តាំងពី​ការ​ប្រគល់​ដែនដី​នោះ​ទៅ​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក ដោយ​តាម​ពួក​អ្នក​រៀបចំ​ថា មាន​មនុស្ស​ចូលរួម​ដល់​ទៅ​ជាង​១​លាន​នាក់​។ ប៉ុន្តែ​ការ​លើកគ្នា​ធ្វើ​បាតុកម្ម​ធំ​បែប​នេះ ក្នុង​ទីក្រុង​មាន​ប្រជាជន​៧​លាន​នាក់​នោះ ពុំ​បាន​ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ក្រុង​នោះ លោកស្រី​CARRIE LAM​ដកថយ​ឡើយ​។ លោកស្រី​បាន​បដិសេធ​ការ​ដក​ចេញ​ជាយថាហេតុ​គម្រោង​ច្បាប់​នោះ​។ លោកស្រី​ក៏​ព្រមាន​ផង​ដែរ​ចំពោះ​ពួក​ប្រឆាំង​កុំ​ឲ្យ​ប្រើ​សកម្មភាព​រ៉ា​ឌី​កាល់​ឬ​ជ្រុលនិយម​។

គម្រោង​ច្បាប់​ត្រូវ​បាន​រិះគន់​ដោយ​បណ្ដា​ប្រទេស​លោក​ខាងលិច​ដែល​បារម្ភ​ថា អាច​ចាប់​បញ្ជូន​ទៅ​តុលា​ការ​ចិន​បណ្ដា​អ្នកប្រឆាំង​ខាង​នយោបាយ និង​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សេរីភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ