ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​ដែល​មាន​ជំនាញ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​មួយ​ចំនួន​មិនមែន​ត្រឹមតែ​ចេះ​ជំនាញ​តែ​មួយ​មុខ​នៅ​ក្នុង​អាជីព​នេះ​ឡើយ ពោល​ពួក​គេ​មាន​ជំនាញ ផ្សេង​ៗ​ទៀត បើ​ទោះបីជា​ពេល​ខ្លះ​ជំនាញ​ទាំងនោះ​ត្រូវ​ពួក​គេ​លាក់​ទុក​មិនសូវ​បញ្ចេញ​ក៏​ដោយ ។ បើ​គេ​និយាយ​ពី​អ្នកសិល្បៈ​ដែល​មាន​ជំនាញ​ច្រើន ឬ​គេ​ហៅ​ថា​ពហុ​ជំនាញ​នោះ​គេ​នឹង​នឹកឃើញ​ដល់​អ្នក​នាង​ខាត់ សុ​ឃី​ម…

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​មួយ​ចំនួន​មិនមែន​ត្រឹមតែ​ចេះ​ជំនាញ​តែ​មួយ​មុខ​នៅ​ក្នុង​អាជីព​នេះ​ឡើយ ពោល​ពួក​គេ​មាន​ជំនាញ ផ្សេង​ៗ​ទៀត បើ​ទោះបីជា​ពេល​ខ្លះ​ជំនាញ​ទាំងនោះ​ត្រូវ​ពួក​គេ​លាក់​ទុក​មិនសូវ​បញ្ចេញ​ក៏​ដោយ ។

បើ​គេ​និយាយ​ពី​អ្នកសិល្បៈ​ដែល​មាន​ជំនាញ​ច្រើន ឬ​គេ​ហៅ​ថា​ពហុ​ជំនាញ​នោះ​គេ​នឹង​នឹកឃើញ​ដល់​អ្នក​នាង​ខាត់ សុ​ឃី​ម មុនគេ​ដែល នរណា​ៗ​ក៏​បានដឹង​ច្បាស់​ថា តារា​រូប​នេះ​មានឱកាស​រក​លុយ​បាន​ច្រើន​ដោយសារ​តែ​មាន​ជំនាញ​សិល្បៈ​ច្រើន ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​ផ្តើម​អាជីព​សិល្បៈ​របស់​ខ្លួន​តាម​រយៈ​ការ​លេង​ភ្លេងខ្មែរ និង​ច្រៀង​អា​យ៉ៃ​តាំងពី​កុមារភាព ។ គ្រួសារ​របស់​នាង​គឺជា​អ្នកភ្លេង​ខ្មែរ​ទាំងអស់ ដោយ​ឪពុក​ជា​អ្នកលេង​ភ្លេងខ្មែរ​ស្រាប់ ហើយ​គ្រួសារ​របស់​នាង​បាន​ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិស័យ​សិល្បៈ​នេះ​ដោយសារ​តែ​មាន​ក្រុម​គ្រួសារ​ទាំងអស់​សុទ្ធតែ​ជា​អ្នកចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ។ បន្ទាប់​ពី​បាន​បោះ​ជំហាន​តាម​រយៈ​ភ្លេង​ប្រពៃណី​នេះ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បោះ​ឈាន​មួយ​ជំហាន​ទៀត​មក​ច្រៀង​បទ​សម័យ និង​យូរ​ម្តង​នាង​ក៏​ហក់​ចូល​ទៅ​ក្នុង​ពិភព​សម្តែង​ផង​ដែរ ។

តារា​រូប​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា អ្នកសិល្បៈ​ដែល​អាច​រក​ប្រាក់​បាន​ច្រើន​មួយ​រូប ដោយសារ​តែ​មាន​ជំនាញ​សិល្បៈ​ច្រើន​ទម្រង់ ដូច​ជា ច្រៀង​ភ្លេង​ការ កាត់សក់ ច្រៀង​អា​យ៉ៃ ចម្រៀង​សម័យ លេង​ឧបករណ៍​ភ្លេងខ្មែរ សម្តែង​ទាំង​ភាពយន្ត បទ​ចម្រៀង និង​លេង​កំប្លែង ។

ចំណែក​លោក​ដួង សុ​គា ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកសិល្បៈ​មួយ​រូប​ដែល​មាន​ជំនាញ​ច្រើន​នៅ​មុន និង​ក្រោយ​លោក​បាន​បង្ហាញ​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិស័យ​សិ​ល្បះ​នេះ ។

ក្រៅ​ជា​ពិធីករ​លោក​សុ​គា ក៏​នៅ​មាន​ជំនាញ​ជា​ច្រើន​ទៀត​ផង​ដែរ​ដូច​ជា ច្រៀង​កាត់សក់ សម្តែង និង​រៀបចំ​កម្មវិធី​មង្គលការ ច្រៀង​អា​យ៉ៃ ចាប៉ី​ដង​វែង ល្ខោនបាសាក់ សម្តែង​កុន និង​លេង​កំប្លែង ជា​ពិសេស​លោក​ក៏​ជា​សាស្ត្រាចារ្យ​ម្នាក់​ដែល​មានការ​យល់​ដឹង​ច្រើន​ផង​ដែរ​ទៅ​លើ​អក្សរសាស្ត្រ​ខ្មែរ ។

តារា​សម្តែង​វ័យក្មេង​កញ្ញា​ព្រះ​កាយ​ច័ន្ទ ក៏​ជាតា​រា​មួយ​ដួង​ដែល​មាន​ជំនាញ​ច្រើន​នៅ​ក្នុង​វិស័យ​សិល្បៈ​ផង​ដែរ បើ​ទោះបីជា​បច្ចុប្បន្ន​ភាគច្រើន​នាង​បង្ហាញ​តែ​ទៅ​លើ​ការ​សម្តែង​មួយ​មុខ​ក៏​ដោយ ។ តារា​រូប​នេះ​បាន​ចាប់ផ្តើម​ប្រឡូក​សិល្បៈ​តាម​រយៈ​ជានា​រី​រាំ​បាំ​បុរាណ​មួយ​រូប​ដែល​បាន​សិក្សា​អស់​ជា​ច្រើន​ឆ្នាំ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ មុន​ពេល​ដែល​នាង​បាន​ប្រឡង​ជាប់​កញ្ញាឯក​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​មួយ ។

ចាប់តាំងពី​បាន​ជាប់​ជ័យ​លា​ភី​មក ព្រះ​កាយ​ច័ន្ទ តែងតែ​បង្ហាញ​វត្តមាន​សម្តែង​តែ​មួយ​មុខ​ប៉ុណ្ណោះ ដោយសារ​អាជីព​មួយ​នេះ​មានការ​កាក់កប​ខ្លាំង និង​បាន​ធ្វើ​ឲ្យ​នាង​មានឈ្មោះ​បោះ​សម្លេង​ពី​ស្រទាប់​មហាជន ។ បច្ចុប្បន្ន ក្រៅពី​អាជីព​សម្តែង​នាង​ក៏​ជា​គ្រូបង្ហាត់​នៅ​ក្លឹ​ប​ផ្ទាល់ខ្លួន​លើ​ជំនាញ​សិល្បៈ​ដូច​ជា រាំ​សម័យ បុរាណ សម្តែង បង្ហាញ​ម៉ូ​ដ និង​ទម្រង់​សិល្បៈ​មួយ​ចំនួន​ទៀត ។

តារាចម្រៀង​សួ​ស វី​ហ្សា ត្រូវ​បាន​គេ​ដឹង​ថា ពី​ដើម​ឡើយ​ក៏​ជា​រាំ​របាំ​បុ​រណ​ម្នាក់​ផង​ដែរ មុន​ពេល​ដែល​នាង​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភព​ចម្រៀង​សព្វ​ថ្ងៃនេះ​។ សួ​ស វី​សា បាន​បង្ហាញ​ការ​រាំ​របាំ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​របស់​នាង​នេះ​ម្តង​ប៉ុណ្ណោះ ដោយសារ​តែ​នាង​ហាក់​មាន​ការងារ​មមាញឹក​ខ្លាំង​ទៅ​លើ​ការ​ច្រៀង​នៅ​តាម​ឆាក​តន្ត្រី​នានា​ស្ទើរ​មិន​ដាច់​រយៈ ។

តារា​ពហុ​ជំនាញ​ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​អ្នក​នាង​ខាត់ សុ​ឃី​ម គឺ​លោក​ខាត់ ចំរើន ក៏​ជាតា​រា​ដែល​មាន​ជំនាញ​ច្រើន​ផង​ដែរ ក្នុង​ពេល​តារា​រូប​នេះ​បាន​អភិវឌ្ឍ​ខ្លួន​ពី​ការ​លេង​ឧបករណ៍​ភ្លេងខ្មែរ​តាំងពី​កុមារ​ភាព ។ បច្ចុប្បន្ន​លោក​មាន​ជំនាញ​សិល្បៈ​ដូច​ជា ច្រៀង​ភ្លេងខ្មែរ អា​យ៉ៃ ច្រៀង សម្តែង​ទាំង​ភាពយន្ត និង​កំប្លែង​ផង​ដែរ ។

តារាចម្រៀង​កញ្ញា​ផ​ន ស្រី​ខួច ក៏​ជា​អ្នក​រាំ​របាំ​បុរាណ​មួយ​រូប​ផង​ដែរ​មុន​ពេល​ដែល​នាង​បាន​វិ​វ​ឌ្ឍ​ខ្លួន​មក​ជា​តារាចម្រៀង​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ។ ដូច​ទៅ​នឹង​សួ​ស វី​សា ដែរ ផ​ន ស្រី​ខួច ស្ទើរតែ​បាត់​ឱកាស​បញ្ចេញ​សមត្ថភាព​ជា​អ្នករបាំ​ដោយសារ​តែ​នាង​មានការ​មមាញឹក​ខ្លាំង​លើ​ផ្នែក​ច្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ហង្ស​មាស ។

ដោយឡែក​តារាចម្រៀង​ចំរើន សុ​ភ័​ក្រ ក៏​បាន​ផ្តើម​អាជីព​សិល្បៈ​របស់​ខ្លួន​តាម​រយៈ​ជា​អ្នក​រាំ​របាំ​ប្រពៃណី និង​បុរាណ​ផង​ដែរ មុន​ពេល​ក្លាយជា​តារាចម្រៀង ។ មិនមែន​មាន​តែ​តារា​ប៉ុន្មាន​នាក់​នោះ​ទេ​ដែល​មាន​ជំនាញ​សិល្បៈ​ច្រើន ពោល​គឺ​មាន​តារា​ជា​ច្រើន​ទៀត ដូច​ជា នាយ​កុយ សាន ម៉ៅ អ្នក​នាង​គ្រ​ត យាយ​យ​យ យាយ​អឿ​ន យាយ​ណា​ង ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ